ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​ស្នើ​ឲ្យ​មាន​ការ​ដាក់​កំហិត​ថ្មី​ចំពោះ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក


លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ត្រាំ​ ថ្លែង​នៅ​ក្នុង​យុទ្ធនាការ​គាំទ្រ Sen. Luther Strange កាលពី​ថ្ងៃសុក្រ​ទី​២២​ កញ្ញា ២០១៧។
លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ត្រាំ​ ថ្លែង​នៅ​ក្នុង​យុទ្ធនាការ​គាំទ្រ Sen. Luther Strange កាលពី​ថ្ងៃសុក្រ​ទី​២២​ កញ្ញា ២០១៧។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​អំពី​ការ​ដាក់​កំហិត​ថ្មី​ចំពោះ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ស្រប​ពេល​ដែល​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចំពោះ​ពលរដ្ឋ​មក​ពី​ប្រទេស​ដែល​មាន​ប្រជាជន​ភាគ​ច្រើន​កាន់​សាសនា​ឥស្លាម​ចំនួន ៦ ប្រទេស ផុត​កំណត់​នៅ​ថ្ងៃ​អាទិត្យ​នេះ។

ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​បាន​ស្នើ​ប្រធានាធិបតី Trump ឲ្យ​យល់ព្រម​ចំពោះ​ការ​ដាក់​កំហិត​ថ្មីៗ​បន្ថែម​ទៀត​លើ​ជន​បរទេស​ណា​ដែល​មក​ពី​ប្រទេស​ដែល​បដិសេធ​ចែក​រំលែក​ព័ត៌មាន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ឬ​ក៏​មិន​បាន​ចាត់​វិធានការ​ប្រុង​ប្រយ័ត្ន​ផ្នែក​សន្តិសុខ​ចាំ​បាច់​នានា។

មន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​មិន​បាន​និយាយ​ថា​តើ​មាន​ប្រទេស​ណា​ខ្លះ​ដែល​នឹង​រង​ការ​ប៉ះពាល់​ដោយសារ​ការ​ដាក់​កំហិត​ថ្មី​នេះ ដែល​អាច​នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​អាទិត្យ​នេះ​ត​ទៅ​នោះ​ទេ។

មន្ត្រី​ទាំង​នោះ​បាន​បញ្ជាក់​ទៀត​ថា ពួកគេ​បាន​ធ្វើ​ការ​អស់​រយៈពេល​ជា​ច្រើន​ខែ​លើ​ច្បាប់​ថ្មី​នេះ ដោយ​បាន​សហការ​ជាមួយ​នឹង​ទីភ្នាក់ងារ​ផ្សេងៗ និង​បាន​ពិភាក្សា​ជាមួយ​នឹង​រដ្ឋាភិបាល​បរទេស​នានា។

ការ​ស្នើ​ឡើង​ថ្មី​នេះ​គឺ​ផ្អែក​លើ​មូលដ្ឋាន​ថ្មី​មួយ​បង្កើត​ឡើង​ដោយ​ក្រសួង​សន្តិសុខ​មាតុភូមិ ដែល​មាន​កត្តា​មួយ​ចំនួន​ដូចជា ថា​តើ​ប្រទេស​ទាំង​នោះ​ចេញ​លិខិត​ឆ្លង​ដែន​អេឡិចត្រូនិក​ដោយ​មាន​ភ្ជាប់​នូវ​ព័ត៌មាន​ជីវមាត្រ​នានា​ដូចជា​ស្នាម​ក្រយៅ​ម្រាម​ដៃ​ជា​ដើម ឬ​ក៏​អត់ និង​ថា​តើ​ប្រទេស​ទាំង​នោះ​យល់ព្រម​ចែក​រំលែក​ព័ត៌មាន​អំពី​ប្រវត្តិ​ឧក្រិដ្ឋកម្ម ឬ​ប្រវត្តិ​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​របស់​អ្នក​ធ្វើ​ដំណើរ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ឬ​ក៏​យ៉ាង​ណា​នោះ។ សហរដ្ឋ​អាមេរិក​បាន​ចែក​រំលែក​គំរូ​ស្តង់ដារ​ទាំង​នោះ​ជាមួយ​នឹង​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​ពិភពលោក និង​ទុក​ពេល ៥០ ថ្ងៃ ឲ្យ​បណ្ដា​ប្រទេស​ទាំង​នោះ​អនុវត្ត​តាម៕

XS
SM
MD
LG