ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក​ចំពោះ​ពលរដ្ឋ​មក​ពី​ប្រទេស​ចំនួន ៨


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ថ្លែង​ទៅ​អ្នក​កាសែត​នៅ​ពេល​លោក​ត្រឡប់​មក​កាន់​សេតវិមាន​វិញ កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ថ្លែង​ទៅ​អ្នក​កាសែត​នៅ​ពេល​លោក​ត្រឡប់​មក​កាន់​សេតវិមាន​វិញ កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧។

ពលរដ្ឋ​មក​ពី​ប្រទេស​ចំនួន ៨ ដែល​មាន​គោល​បំណង​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក​នឹង​ប្រឈម​នឹង​ការ​ដាក់​កំហិត​ថ្មី​នៅ​ក្រោម​បទ​បញ្ជា​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ដែល​មាន​ការ​កែ​សម្រួល​ឡើង​វិញ​របស់​លោក​ប្រធានាធិបតី Donald Trump។ បទ​បញ្ជា​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក Trump កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

បទ​បញ្ញត្តិ​ថ្មី​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ១៨ ខែ​តុលា ខាង​មុខ​នេះ នឹង​ដាក់​កំហិត​ចំពោះ​ពលរដ្ឋ​មក​ពី​ប្រទេស​ឆាដ (Chad) អ៊ីរ៉ង់ លីប៊ី កូរ៉េ​ខាង​ជើង សូម៉ាលី ស៊ីរី វ៉េណេស៊ុយអេឡា និង​យេម៉ែន។

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​បាន​និយាយ​ថា ប្រទេស​ទាំង​នេះ​បាន​បដិសេធ​ចែក​រំលែក​ព័ត៌មាន​ទាក់ទង​នឹង​អំពើ​ភេរវកម្ម និង​បញ្ហា​ផ្សេងៗ​ទៀត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​កាល​ពី​លើក​មុន​របស់​លោក Trump ចំពោះ​ពលរដ្ឋ​មក​ពី​ប្រទេស​ចំនួន ៦ ដែល​មាន​ប្រជាជន​ភាគ​ច្រើន​កាន់​សាសនា​ឥស្លាម​ផុត​កំណត់​នៅ​ត្រឹម​ថ្ងៃ​អាទិត្យ​ម្សិលមិញ ក្រោយ​ចូល​ជា​ធរមាន​បាន​រយៈពេល ៩០ ថ្ងៃ​មក។

លោក Trump បាន​និយាយ​ថា៖ «ក្នុង​នាម​ជា​ប្រធានាធិបតី ខ្ញុំ​ត្រូវតែ​ធ្វើ​យ៉ាង​ណា​ការពារ​សន្តិសុខ និង​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក និង​ពលរដ្ឋ​អាមេរិកាំង។ ការ​ដាក់​កំហិត​លើក​នេះ​គឺ​មាន​លក្ខណៈ​តឹងតែង និង​បាន​ផ្ញើ​ជា​សារ​មួយ​ដល់​រដ្ឋាភិបាល​បរទេស​ថា ពួកគេ​ត្រូវតែ​ធ្វើ​ការ​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​ពង្រឹង​សន្តិសុខ»។

មាន​ប្រតិកម្ម​អវិជ្ជមាន​ភាគ​ច្រើន​ពី​សំណាក់​អង្គការ​សិទ្ធិ​មនុស្ស និង​អង្គការ​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ការ​លើ​ផ្នែក​អន្តោប្រវេសន៍ បាន​ធ្វើ​ឡើង​ភ្លាមៗ​តប​ទៅ​នឹង​បទ​បញ្ជា​របស់​លោក Trump នេះ។

អង្គការ Amnesty International បាន​ព្រលះ​បទ​បញ្ជា​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ថ្មី​នេះ ដោយ​បាន​លើក​ឡើង​ថា បទ​បញ្ជា​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​កន្លង​មក​របស់​លោក Trump បាន​រារាំង​សិទ្ធិ​សេរីភាព​អ្នក​ដែល​ចង់​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក​ក្នុង​គោល​បំណង​ធ្វើ​ដំណើរ​កម្សាន្ត ធ្វើ​ការ និង​សិក្សា​ជា​ដើម៕

XS
SM
MD
LG