ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​សម្រេច​ឲ្យ​បទ​បញ្ជា​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​របស់​លោក Trump នៅតែ​មាន​សុពលភាព​ដដែល ទោះបីជា​ការ​ប្ដឹង​ផ្ដល់​ផ្លូវ​ច្បាប់​នៅតែ​បន្ត​ក៏​ដោយ


លោក Douglas Chin អគ្គរដ្ឋអាជ្ញា​ប្រចាំ​រដ្ឋ Hawaii ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​អំពី​បំរាម​ធ្វើ​ដំណើរ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Honolulu។
លោក Douglas Chin អគ្គរដ្ឋអាជ្ញា​ប្រចាំ​រដ្ឋ Hawaii ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​អំពី​បំរាម​ធ្វើ​ដំណើរ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Honolulu។

តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​បាន​សម្រេច​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​បទ​បញ្ជា​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ថ្មី​ចុង​ក្រោយ​បំផុត​របស់​លោក​ប្រធានាធិបតី Donald Trump នៅតែ​មាន​សុពលភាព​ដដែល នៅ​ពេល​ដែល​ការ​ប្ដឹង​ផ្ដល់​ផ្នែក​ផ្លូវ​ច្បាប់​កំពុងតែ​បន្ត​ធ្វើ​នៅ​ឯ​តុលាការ​ជាន់​ទាប។

ចៅក្រម ៧ រូប ក្នុង​ចំណោម ៩ រូប បាន​សម្រេច​គាំទ្រ​បទ​បញ្ជា​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​របស់​លោក Trump នេះ។ តុលាការ​មិន​បាន​ផ្ដល់​មូលហេតុ​អំពី​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​នោះ​ទេ។

បទ​បញ្ជា​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​នេះ ដែល​ជា​បទ​បញ្ជា​ហាមឃាត់​ការ​ធ្វើ​ដំណើរ​លើក​ទី ៣ ហើយ​ដែល​លោក Trump បាន​ដាក់​ចេញ គឺ​មាន​គោល​បំណង​ហាម​ឃាត់​អ្នក​ធ្វើ​ដំណើរ​ភាគ​ច្រើន​មក​ពី​ប្រទេស​ចំនួន ៨ ដូចជា​ប្រទេស​ឆាដ អ៊ីរ៉ង់ លីប៊ី កូរ៉េ​ខាង​ជើង សូម៉ាលី ស៊ីរី វ៉េណេស៊ុយអេឡា និង​យេម៉ែន។ ប្រទេស ៦ ក្នុង​ចំណោម​នោះ គឺ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​ឥស្លាម។

កន្លង​មក តុលាការ​ជាន់​ទាប​នៅ​ក្នុង​រដ្ឋ Maryland និង​រដ្ឋ Hawaii បាន​រារាំង​បទ​បញ្ជា​នេះ​មិន​ឲ្យ​ចូល​ជា​ធរមាន។

ការ​សម្រេច​របស់​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ បាន​ច្រាន​ចោល​នូវ​ការ​សម្រប​សម្រួល​មួយ​ដែល​លើក​លែង​ចំពោះ​ជន​បរទេស​ណា​ដែល​អាច​បញ្ជាក់​អះអាង​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​ថា​មាន​ទំនាក់ទំនង​ស្មោះត្រង់​ពិត​ប្រាកដ​ជាមួយ​នឹង​នរណា​ម្នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ករណី​នេះ​គឺ​រួម​បញ្ចូល​ទាំង​ជីដូន​ជីតា បង​ថ្លៃ ប្អូន​ថ្លៃ មីង ពូ និង​បង​ប្អូន​ជី​ដូន​មួយ​ផង​ដែរ។

មេធាវី​ប្រចាំ​រដ្ឋ Hawaii បាន​អះអាង​ថា គ្មាន​មូលហេតុ​ណា​មួយ​សម្រាប់​តុលាការ​កំពូល​ក្នុង​ការ​សម្រេច​ករណី​នេះ​ក្នុង​ពេល​នេះ​នោះ​ទេ ដោយ​ហេតុ​ថា កន្លង​មក តុលាការ​កំពូល​នេះ​បាន​ទទួល​ស្គាល់​រួច​មក​ហើយ​ថា អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន​មក​ពី​ប្រទេស​ចំនួន ៨ គឺ​អាច​ត្រូវ​គេ​ត្រួត​ពិនិត្យ​ច្បាស់លាស់ និង​ផ្ដល់​ទិដ្ឋាការ​ជូន​បាន៕

XS
SM
MD
LG