ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាកលវិទ្យាល័យ Indiana ថា និស្សិត​ម្នាក់​រងការ​វាយប្រហារ​ដោយសារ​នាង​ជា​ជាតិ​សាសន៍​អាស៊ី


នៅ​ក្នុង​រូបថត​ដែល​ផ្ដល់​ឱ្យ​​ដោយ​ប៉ូលិស​ក្នុង​ទីក្រុង​ Bloomington រដ្ឋ Indiana បង្ហាញ​ពី​ជនឈ្មោះ Billie Davis ដែល​ត្រូវ​បាន​ចោទប្រកាន់ថា​បានចាក់​និស្សិត​ម្នាក់​នៅ​លើ​រថយន្ដ​ក្រុង កាល​ពី​ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣។
នៅ​ក្នុង​រូបថត​ដែល​ផ្ដល់​ឱ្យ​​ដោយ​ប៉ូលិស​ក្នុង​ទីក្រុង​ Bloomington រដ្ឋ Indiana បង្ហាញ​ពី​ជនឈ្មោះ Billie Davis ដែល​ត្រូវ​បាន​ចោទប្រកាន់ថា​បានចាក់​និស្សិត​ម្នាក់​នៅ​លើ​រថយន្ដ​ក្រុង កាល​ពី​ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣។

ស្ត្រី​វ័យ ៥៦ ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់ បន្ទាប់​ពី​និស្សិត​ស្រី​វ័យ ១៨ ឆ្នាំ​ម្នាក់​នៃ​សាកលវិទ្យាល័យ Indiana ត្រូវ​បាន​ចាក់​ចំ​ក្បាល​ជាច្រើន​ដង​នៅ​លើ​រថយន្ដ​ក្រុង​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ដែល​សាកលវិទ្យាល័យ​នេះ​ថា​ដោយសារ​តែ​ជន​រងគ្រោះ​គឺ​ជា​ជាតិ​សាសន៍​អាស៊ី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ជន​រងគ្រោះ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​ស៊ើបអង្កេត​ថា នាង​កំពុង​ឈរ​រង់ចាំ​ឱ្យ​ទ្វារ​បើក​ចេញ​នៅ​លើ​រថយន្ដ​ក្រុង Bloomington Transit កាលពី​រសៀល​ថ្ងៃ​ពុធ​សប្ដាហ៍​មុន នៅ​ពេល​ដែល​អ្នក​ដំណើរ​ម្នាក់​ទៀត​បាន​ចាប់ផ្ដើម​វាយប្រហារ​ដោយ​ចាក់​ចំ​ក្បាល​របស់​នាង។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​ប៉ូលិស​នៅ​ក្នុង​ទីក្រុង Bloomington។

វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​លើ​រថយន្ដ​ក្រុង​នោះ​បាន​បង្ហាញ​ថា គ្មាន​ការ​ទាក់ទង​គ្នា​ណា​មួយ​រវាង​ស្ត្រី​ទាំង​ពីរ​នាក់​នោះ​នៅ​មុន​ការ​វាយប្រហារ​កើតឡើង​នោះ​ឡើយ។

សាក្សី​ម្នាក់​ដែល​នៅ​ពេល​នោះ​កំពុង​ជិះ​នៅ​ក្នុង​រថយន្ដ​ក្រុង​នោះ​ផង​ដែរ​បាន​តាម​ស្ត្រី​ដែល​បាន​វាយ​ប្រហារ​និស្សិត​ស្រី​រូប​នោះ និង​បាន​ទាក់ទង​ទៅ​ប៉ូលិស។ ក្រោយ​មក ប៉ូលិស​បាន​ចាប់​ខ្លួន​ស្ត្រី​រូប​នោះ​ដែល​មាន​ឈ្មោះ Billie R. Davis រស់នៅ​ក្នុង​ទីក្រុង Bloomington។ ឯកសារ​ពី​តុលាការ​បាន​បង្ហាញ​ថា ជន​ឈ្មោះ Davis នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​ធ្វើ​ឃាត​និង​ការ​វាយ​ដំ​ធ្ងន់ធ្ងរ។

ជន​រងគ្រោះ​បាន​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ដោយសារ​មុខ​របួស​ដែល​បណ្ដាល​មកពី​ការ​ចាក់​ជា​ច្រើន​កន្លែង។ ឈ្មោះ​របស់​នាង​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ជា​សាធារណៈ​នោះ​ទេ។

ឯកសារ​ពី​តុលាការ​បង្ហាញ​ថា ជន​ឈ្មោះ Davis បាន​និយាយ​ថា ខ្លួន​វាយ​ប្រហារ​សំដៅ​លើ​ជន​រងគ្រោះ​នោះ​ដោយសារ​តែ​ជាតិ​សាសន៍​របស់​នាង។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ស្ថានីយ​ទូរទស្សន៍ WNDU-TV។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​កាន់តែ​ច្រើន​ឡើង​បាន​ក្លាយជា​គោលដៅ​នៃ​ការ​បំពាន​និង​ការ​វាយប្រហារ​បែប​រើសអើង​ជាតិ​សាសន៍ ជាពិសេស​ចាប់​តាំងពី​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ មក៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG