ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​កីឡាករ​​​អាមេរិកាំង​​ដើមកំណើត​អាស៊ី​​​ពិភាក្សា​ពី​ការ​រើស​អើង


រូបថតរបស់កីឡាករការ៉ាត់តេ Sakura Kokumai ដែលបានចូលរួមប្រកួតក្នុងកីឡាអូឡាំពិក នៅទីក្រុងតូក្យ ប្រទេសជប៉ុន ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១។

ពី​ការនិយាយ​ចំអក​និង​កាយវិការបែប​ប្រកាន់​ពូជសាសន៍​នៅ​ពេល​ហាត់ប្រាណជា​សាធារណៈ ក្រុមជនជាតិ​អាមេរិកាំង​ដើម​កំណើតអាស៊ីដែល​តំណាង​ប្រទេស​ពួក​គេក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​ក្នុង​ក្រុង​តូត្យូ បាននិយាយរៀប​រាប់អំពីការ​រើសអើង​ខ្លះ​ដែល​ពួក​គេ​ប្រឈម​ក្នុង​សហរដ្ឋ​អាមេរិក។

នាង Sakura Kokumai ជា​អ្នក​ប្រកួត​កីឡា​ការ៉ាត់តេ​ដែលជាកីឡា​មួយនឹង​ត្រូវ​ប្រកួតជា​លើក​ដំបូងក្នុងការប្រកួត​កីឡា​អូឡាំពិក។ នាងបាន​រៀបរាប់ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​នាង​នៅ​លើ​គេហទំព័រT eam USA អំពី​បុរសម្នាក់​ដែល​បាន​ «យាយីដោយ​ពាក្យ​សម្តី​មក​លើ​រូប​ខ្ញុំ​ដោយ​សារពូជសាសន៍​ខ្ញុំ» នៅក្នុង​ឱទ្យាន​មួយ​ក្នុង​រដ្ឋ California កាលពីខែ​ឧសភា។

នាង Sakura Kokumai បាន​សរសេរ​ថា៖ «នេះជា​ការ​ជួប​ប្រទះដំបូងរបស់​ខ្ញុំ​ជាមួយ​ឧក្រិដ្ឋកម្ម​បែប​រើសអើង​ជាតិសាសន៍។ ខ្ញុំ​ត្រូវបាន​គេ​រើសអើងដោយសារតែ​ពណ៌សម្បុរខាង​ក្រៅ​របស់​ខ្ញុំ មិន​មែនពីព្រោះ​ខ្ញុំ​ជា​អត្តពលិក​ទេ មិនមែន​ដោយសារ​ខ្ញុំ​ប្រកួតកីឡា​ការ៉ាត់តេ​ទេ តែដោយសារ​ខ្ញុំ​ជា​ជន​អំបូរអាស៊ី។ ហើយ​ទោះជា​លោក​អ្នក​មើល​មក​ខ្ញុំបែប​ណា​ក៏​ដោយ ក៏ខ្ញុំ​នៅ​តែដូច​ជនជាតិ​អាស៊ីជានិច្ច»។

នាង Kokumai បាន​ថ្លែង​ថា​នាង​បាន​និយាយជា​មួយ​មិត្ត​ភក្តិ​អំពី​ក្រិដ្ឋកម្ម​បែប​នេះ​តែហេតុការណ៍​បទ​ពិសោធន៍ផ្ទាល់​ខ្លួន​លើក​ដំបូង​នេះ​បាន​ជំរុញឱ្យ​នាង​យល់ពិត​ប្រាកដហើយ​ចង់​និយាយ​អំពី​បញ្ហា​នេះ។

នាង​បានសរសេរ​ថា៖ «​ខ្ញុំ​សង្ឃឹម​ថា​ដំណោះស្រាយ​មួយ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ក៏​ប៉ុន្តែ​ជំហាន​ដំបូង​គឺ​យើង​ត្រូវ​ផ្សព្វផ្សាយឱ្យគេ​បាន​ដឹង​ឮអំពី​បញ្ហា​នេះ​សិន។ ហើយ​បន្ទាប់​មក យើងត្រូវ​យល់​ពី​គ្នា​ទៅ​វិញ​ទៅមក និង​មាន​សេចក្តី​មេត្តាដល់​គ្នា​ទៅ​វិញ​ទៅ​មក។ នៅពេល​ណា​មួយ​យើង​ពិត​ជា​អាច​ជួយ​ផ្លាស់ប្តូរ​អ្វីៗ​នៅ​ក្នុង​ពិភព​លោក​ឱ្យ​បានល្អ​ប្រសើរ​ជាង​មុន»។

ក្រុម​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ីនិងអាស៊ី​ប៉ាស៊ីហ្វិក​នៅ​ទូទាំង​សហរដ្ឋ​អាមេរិកបានប្រឈមនឹង​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្តី​និង​លើ​រាងកាយ​ហើយអង្គការ Stop AAPI Hate បានរាយការណ៍​កាលពី​ខែ​ឧសភាថាចាប់ពី​ថ្ងៃទី ១៩ មីនា ឆ្នាំ​២០២០ ដល់​ថ្ងៃទី៣១ ខែ​មីនា ​ឆ្នាំ២០២០ អង្គការ​នេះបាន​ទទួលរបាយការណ៍​ចំនួន ៦.៦០៣ ករណី​ ដែល​ពាក់ព័ន្ធ​នឹងឧប្បត្តិហេតុ​រើស​អើង​ជាតិសាសន៍​នេះ។

បើ​តាម​សេចក្តី​រាយការណ៍​មួយរបស់មជ្ឈមណ្ឌលសិក្សា​អំពីការ​រើសអើង​ជាតិសាសន៍​និង​ភាព​ជ្រុល​និយម​ប្រចាំ​សាកលវិទ្យាល័យរដ្ឋ California ក្នុង​ក្រុង San Bernardino ចំនួន​ឧក្រិដ្ឋកម្ម​រើស​អើង​ជាតិសាសន៍​លើជនជាតិ​អាស៊ី​ដែល​ត្រូវ​បាន​រាយការណ៍​ដល់​ប៉ូលិសក្នុងតាម​ទីក្រុង​ធំៗ​នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​ ១៨៩% ​ក្នុង​ត្រីមាសទី ១ ​នៃ​ឆ្នាំ​ ២០២១ នេះ។

សម្រាប់​កីឡាករ​កាយ​សម្ព័ន្ធ Yul Moldauer ដែល​ប្រកួតកីឡា​អូឡាំពិកលើក​ដំបូង​ហេតុការណ៍​ដែល​លោក​បាន​ឆ្លងកាត់​ជាមួយ​អ្នកបើក​បរដ៏​ខឹង​សម្បារ​ម្នាក់​បាន​បណ្តាល​ឱ្យ​លោក​ចែកចាយបទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​លោក​តាម​បណ្តាញ​សង្គម Instagram កាល​ពី​ខែ​មីនា​ដោយ​ថ្លែង​ថា៖ «ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី។ សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ខ្ញុំ»។

លោក Moldauer បាននិយាយថា ស្ត្រី​ដែលបាន​បើក​ឡាន​យ៉ាង​លឿន​កាត់​មុខ​ឡាន​លោក បាន​ស្រែកដាក់​លោក​នៅ​ភ្លើង​ស្តុប​ថា «ទៅ​ប្រទេស​ចិន​វិញ​ទៅ»។

លោក​បាន​ពន្យល់​ថា៖ «សម្រាប់​ខ្ញុំ​ការណ៍​នេះ​ធ្វើ​ឱ្យខ្ញុំ​ស្មុគស្មាញ​ក្នុង​ចិត្ត។ ខ្ញុំ​ច្របូក​ច្របល់​ក្នុង​ចិត្ត។ ខ្ញុំមាន​អារម្មណ៍មិន​ស្រួល​ក្នុង​ចិត្ត។ ខ្ញុំប្រឹង​ខំ​ទប់​ចិត្ត​ថា ហេតុការណ៍​នេះ​មិន​បាន​កើត​នោះ​ទេ។ នៅ​ពេល​ខ្ញុំពាក់​អាវដែល​មាន​សរសេរ​អក្សរ​ថា «USA» នៅ​ក្នុងការប្រកួត វានាំឱ្យ​មានការ​ទោមនស្សក្នុង​ចិត្ត​ខ្ញុំ ដែល​ខ្ញុំត្រូវ​តំណាង​ឲ្យ​មនុស្ស​បែប​នេះ»។

លោក Erik Shoji ជា​កីឡាករ​អូឡាំពិកដែល​បាន​ប្រកួត​ពីរ​ដងឲ្យ​ក្រុម​កីឡាករបាល់​ទះ​របស់​សហរដ្ឋ​អាមេរិក ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក។ លោកបានប្រើបណ្តាញ​សង្គម​របស់​លោក​ ដើម្បីទាក់ទាញ​ការ​យក​ចិត្ត​ទុក​ដាក់លើការ​បញ្ឈប់កីឡាការិនី​ជនជាតិ​ស៊ែបម្នាក់​ដែលបាន​យក​ម្រាមដៃនាង​ធ្វើ​ឱ្យភ្នែក​តឹង​ក្នុង​កាយវិការ​បែប​ប្រកាន់​ជាតិសាសន៍​មួយ​ទៅ​កាន់ក្រុម​កីឡាការិនីថៃ​ដែល​ជា​គូ​ប្រកួត នៅក្នុង​ការប្រកួត​មួយ​កាលពី​ខែមិថុនា​កន្លង​ទៅ។

លោក Shoji បាន​ថ្លែងថា៖ «តាង​នាម​ឲ្យ​សហគមន៍​អាស៊ីនិង​សហគមន៍កីឡា​បាល់​ទះ​អាស៊ី ខ្ញុំ​សូម​អរគុណសហព័ន្ធ​កីឡា​បាល់​ទះអន្តរជាតិ​និង​សម្ព័ន្ធប្រទេស​ជាតិ​នៃ​កីឡា​បាល់​ទះ​ដែល​បាន​ប្រកាន់​គោលជំហរ​មួយប្រឆាំង​នឹងកាយវិការរើសអើង​ពូជសាសន៍​ដូច​កាយវិការ​មួយ​នេះ ដើម្បី​ប្រឆាំង​នឹងការ​រើសអើង​ពូជសាសន៍​ទាំង​ស្រុ​ង​និង​ធ្វើឱ្យ​វិស័យ​កីឡា​យើងជា​កន្លែង​មានសុវត្ថិភាព​ជាងមុន​ថែម​ទៀត»។

លោក Alexander Massialas ដែល​ប្រកួតកីឡា​អូឡាពិកលើក​ទី ៣​ ខាង​កីឡា​ចាក់​សាប​ បាន​សរសេរ​នៅ​ក្នុង​គណនីយ Instagram របស់​លោកអំពី​ការ​រួបរួមគ្នា​ប្រឈម និង​ការជំរុញ​ឲ្យ​បញ្ចប់​ការ​រើស​អើង​នេះ។

លោក Alexander Massialas បាន​សរសេរ​ថា៖ «ដោយសារ​ខ្ញុំជា​កូន​កាត់​ចិនជា​ញឹកញយ​ខ្ញុំ​បាន​ជួប​ប្រទះការ​រើសអើង​ពូជសាសន៍តាមទម្រង់មួយផ្សេង​ទៀតដោយ​មិន​មែន​ជា​បទ​ពិសោធន៍​ផ្ទាល់​ទេ​តែ​ជាអ្នក​ឃើញ​ហេតុការណ៍ដោយ​ផ្ទាល់និង​ជា​ជន​រង​គ្រោះបន្ត»។

លោកបាន​រៀបរាប់អំពី​ពេលមួយដែលលោក​បាន​ជិះឡាន​រួម​គ្នាបើក​ដោយ​បុរស​ចិនម្នាក់នៅពេល​អ្នក​រួម​ដំណើរ​ម្នាក់​បាន​ចេញ​ពី​រថយន្ត​នោះ​ដោយ​រារាំង​នឹង​អ្នក​បើក​រថយន្ត​ថត​រូបភាព កៅអី​ដែល​អ្នក​ដំណើរ​នោះ​បាន​អង្គុយ ហើយ​បាន​ធ្វើឱ្យ​ក្រពប់ភេសជ្ជៈ​ស្រវឹងនិងគ្រឿងញៀន paraphermalia។

លោក​ Massialas និយាយ​ថា៖ «បុរស​នេះ​ដួល​លើ​ខ្ញុំ​ហើយ​បាន​ព្យាយាម​ឱ្យ​ខ្ញុំ​ចូល​រួម​ជាមួយ​គាត់​ដោយនិយាយ​ថា មើល​ទង្វើ​របស់​ជនជាតិ​ចិន​នេះ​ចុះ! គួរ​ឲ្យ​ស្អប់ខ្ពើម»។

លោក Massialas បាន​ថ្លែង​ថា​លោក​បាន​ធ្វើ​អន្តរាគមន៍នៅ​ពេល​អ្នក​រួម​ដំណើរ​រូប​នោះ​បាន​ព្យាយាមលួច​រថយន្ត​ពី​អ្នក​បើកបរ​ជនជាតិ​ចិន បើ​ទោះ​បី​ជា​សកម្មភាព​អន្តរាគមន៍​របស់​លោក​គឺ​ផ្ទុយ​នឹង​ជំនឿ​វប្បធម៌មួយ​ក្នុងសហគមន៍​អាស៊ី​ដែល​យល់​ថា​«កុំ​អើពើ​នឹង​អ្វី​ដែល​អ្នកឯ​ទៀត​និយាយទោះជា​វា​ខុសឬ​នាំ​ឱ្យ​មាន​ការ​ឈឺចាប់ក៏​ដោយ»។

លោក​បានសរសេរ​ថា អ្នក​បើក​រថយន្តបាន​និយាយ​ប្រាប់​លោក​ថា ខ្ញុំ​មិន​គួរនាំ​ទុក្ខ​មក​ដាក់​ខ្លួន​ទេ តែលោក Massialas​ ថា​ ឧប្បត្តិហេតុ​នេះ​ជាឧទាហរណ៍​មួយ​សម្រាប់​លោក Massialas ក្នុងការ​យល់ដឹង​ការ​ផ្លាស់ប្តូរ​ចាំបាច់​ដើម្បី​កែប្រែ​ស្ថានភាព​«នៅ​ពេលមាន​ហេតុការណ៍រើសអើង​ពូជសាសន៍​កើត​ឡើង»។

លោកបានពោល​ថា៖ «នៅ​ថ្ងៃ​នេះ​ខ្ញុំ​គិតដល់​ក្រុម​ជន​រងគ្រោះ​នៅក្នុង​ករណី​បាញ់វាយ​ប្រហារ​លើ​ស្ត្រី​អាស៊ី​ក្នុងក្រុង Atlanta ខ្ញុំ​គិត​ដល់​បុរស​ថៃ​វ័យចំណាស់ម្នាក់ដែល​ត្រូវ​បាន​សម្លាប់​នៅ​ទីកន្លែង​មិន​ឆ្ងាយ​ពីផ្ទះ​ខ្ញុំនៅ​ទីក្រុង San Francisco និង​សកម្មភាពរាប់​មិន​អស់នៃអំពើ​រើសអើង​ពូជសាសន៍និង​អំពើ​ហិង្សាប្រឆាំង​នឹង​សហគមន៍​អាស៊ី​និង​អាស៊ី​ប៉ាស៊ីហ្វិក។ ជា​ជាង​មិន​រវីរវល់​និងធ្វើ​មិន​ដឹង​ឭ​ដែល​ធ្វើ​ឱ្យ​ការ​រើសអើង​កាន់តែ​រាលដាល​យើង​អាច​ប្រយុទ្ធ​នឹង​អំពើ​នេះដោយ​រួបរួម​គ្នានិយាយ​ប្រឆាំងនឹង​ការ​រើស​អើង​ជាតិសាន៍​លើ​សហគមន៍​ងាយ​រងគ្រោះ»៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG