ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រសួង​ការបរទេស​អាមេរិក​ថា​កម្ពុជា​ដើរ​ថយ​ក្រោយ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ

  • ម៉ែន​ គឹមសេង

​លោក​ Scott Busby ​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ថា ប្រទេស​កម្ពុជា​មាន​ស្ថានភាព​ស្រដៀងគ្នា​នឹង​ប្រទេស​ថៃ​ដែល​លំហ​សេរីភាព​សូម្បី​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ត្រូវ​បាន​រឹត​បន្តឹង។

ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ដើរ​ថយ​ក្រោយ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​ភូមា​កំពុង​តែ​បោះជំហាន​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​សវនាការ​ជម្រាប​ដល់​គណៈកម្មាធិការ​កិច្ច​ការ​បរទេស​នៃ​ព្រឹទ្ធ​សភា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​លោក​ Scott Busby ​ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ រូបភាព​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៃ តំបន់​នេះ​មាន​លក្ខណៈចម្រុះ​ដោយសារ​តែ ​មាន​ប្រទេស​កាន់​តែ​ច្រើន​ជាង​មុន​អនុវត្ត​តាម​លទ្ធិ​ប្រជាធិបតេយ្យ។ ក្នុង​នោះ​មាន​ប្រទេស​ភូមា​ជាដើម។​

លោក​បាន​បន្ថែម​ថា៖

«ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​មិន​មាន​ដំណឹង​ល្អ​ទេ​សម្រាប់​ប្រទេស​ដូច​ជា​ថៃ កម្ពុជា​និង​ម៉ាឡេស៊ី​ដែល​យើង​មើល​ឃើញ​ការ​ធ្លាក់​ចុះ ថយ​ក្រោយហើយ​មាន​ពលរដ្ឋ​រាប់​លាន​នាក់​ទៀត​នៅ​ក្នុង​ប្រទេស​ឡាវ និង​វៀតណាម​ដែល​រស់​នៅ​ក្រោម​រដ្ឋាភិបាល​គាប​សង្កត់​និងផ្តាច់ការ‍»។

សវនាការ​នេះ​កើត​មាន​ឡើង​ស្រប​ពេល​ដែល​កម្តៅ​ នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​កើន​ឡើង​កាន់​តែ​ខ្លាំង​ដោយ​សារ​តែ​មាន​ការ​បង្កហិង្សា​លើ​អ្នក​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង ការ​បណ្តេញ​លោក​ កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​ពី​តំណែង​អនុប្រធាន​រដ្ឋ​សភាជាតិ​និង​ការ​ចេញ​ដីកាចាប់​ខ្លួន​លោក​ សម រង្ស៊ី ​ជាដើម។​

នៅ​ក្នុង​ឯកសារ​ផ្លូវ​ការ​ដាក់​ជូន​ព្រឹទ្ធសភា ក្រសួង​ការ​បរទេស​ក៏បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​ខាង​មុខ​ថា​នឹង​មិនមាន​លក្ខណៈ​សេរី​និង​យុត្តិធម៌​ទេ​ដោយ​សារ​តែ​មានការ​បំភិត​បំភ័យ​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង។​

ថ្លែងប្រាប់​ VOA ​សំឡេងសហរដ្ឋ​អាមេរិក​នៅមុន​ពេល​ចូលរួម​ក្នុង​សវនាការ​មួយ​ផ្សេង​ទៀត​របស់​គណៈកម្មការ​កិច្ច​ការ​បរទេស​នៃ​រដ្ឋ​សភា​ជាតិ​ស្តី​ពី​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ លោកBob Dietz ប្រធាន​កម្មវិធី​ប្រចាំតំបន់​អាស៊ី​នៃ​គណៈកម្មាធិការ​ការពារ​អ្នកសារព័ត៌មាន​បញ្ជាក់​ថា​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​គឺ​ស្ថិត​នៅ​ជ្រុំជើង​មួយ​កន្លែង​ជា​យូរ​ហើយ។​

«បើ​និយាយ​ដោយ​ស្មោះ​ទៅ​យើង​មិន​ឃើញ​ថា​វា​ដើរថយក្រោយ​ទេ​គឺ​វា​នៅ​ទ្រឹង​មួយ​កន្លែង​ជាង​ពីរ​ទសវត្សរ៍​ហើយ។ ប្រទេស​កម្ពុជា​ហាក់​ដូច​ជា​មិនដើរ​ទៅមុខ​ទេ​ខាង​ផ្នែក​នយោបាយ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​បក្ស​ប្រឆាំង​ដូច​ជា​លោក​ សម រង្ស៊ី ​ធ្វើ​នយោបាយ‍»។​

លោក សម រង្ស៊ី​បន្ត​ស្ថិត​នៅ​ក្រៅ​ប្រទេស​បន្ទាប់​ពី​អាជ្ញាធរ​បាន​ដាក់​កម្លាំង​និង​ត្រៀម​លក្ខណៈ​ចាប់​ខ្លួន​លោក​ទាក់​ទង​នឹង​បទ​បរិហារកេរ្តិ៍ ដែល​លោក​ធ្លាប់​លើកឡើង​ថា​លោក ​ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​បាន​ឃុបឃិត​ជាមួយ​នឹង​ក្រុម​ខ្មែរ​ក្រហម​ពេល​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​បឹង​ត្របែក។

លោក​ Bob Dietz ​យល់​ថា​វិធី​ដែល​អាច​ជួយ​ជំរុញ​ប្រទេស​កម្ពុជា​ទៅមុខ​បាន​និង​ដោះស្រាយ​វិបត្តិ​នយោបាយ​នា​ពេល​បច្ចុប្បន្ន​គឺ​មិន​ត្រូវ​ទុក​ឱ្យ​មនុស្ស​តែ​ម្នាក់​ចាត់​ចែង​ការងារ​គ្រប់​សាច់​រឿង​ទេ។

«ខ្ញុំ​គិត​ថា​ពួកគេ​ត្រូវ​តែ​អនុញ្ញាត​ឱ្យ​មាន​គណបក្ស​ប្រឆាំង​ដោយ​ពិតប្រាកដ​ហើយ​ពួកគេ​ត្រូវ​តែ​អនុញ្ញាត​ឱ្យ​មាន​សារព័ត៌មាន​សេរី ហើយ​បើ​អ្នក​ហៅខ្លួន​ឯង​ថា​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​មាន​នាយក​រដ្ឋមន្ត្រី និង​សមាជិក​សភា​គឺ​ត្រូវ​តែ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ពិតប្រាកដ​គឺ​មិន​មែន​ជា​អ្វី ដែល​ចាត់​ចែង​ដោយ​បុរស​ខ្លាំង​តែម្នាក់​ហើយ​អ្នក​ដទៃ​ទៀត​រងទុក្ខ​ទេ។ នេះ​គឺ​ជា​អ្វី ដែល​កំពុងតែ កើត​មាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា‍»។​

ក្រៅពី​បណ្តឹង​បរិហារកេរ្តិ៍​ដែល​លោក​ សម រង្ស៊ី ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ តុលាការ​ក្រុង​ភ្នំពេញ​ក៏​បាន​ចេញ​ដីកា​ថ្មី​មួយ​ទៀត​កាល​ពី​ថ្ងៃ​សុក្រ ​កោះ​ហៅ​រូបលោក​ឱ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​របស់​លោក​ ហុង សុខហួរ​ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សម រង្ស៊ី​ក្នុង​សំណុំរឿង​ផ្សព្វផ្សាយ​ឯកសារ​ព្រំដែន​ក្លែងក្លាយ។ តុលាការ​បាន​បង្គាប់​ឱ្យ​លោក​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ​ខាង​មុខ​ហើយ​ព្រមានថា​នឹង​ចេញ​ដីកា​នាំ​ខ្លួន​ឬ​ចាប់​ខ្លួន​បើ​លោក​មិន​ព្រម​ចូល​តាម​ការ​កោះហៅ។

ប្រទេស​កម្ពុជា​មាន​ស្ថានភាព​ស្រដៀងគ្នា​នឹង​ប្រទេស​ថៃ​ដែល​លំហ​សេរីភាព​សូម្បី​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ត្រូវ​បាន​រឹត​បន្តឹង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ Scott Busby ​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។​

«តំបន់​នេះ​ក៏​មិន​រួចផុត​ពី​ការ​បង្រ្កាប​នៅ​ទូទាំង​ពិភពលោក​មក​លើ​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែរ។ នៅក្នុង​ប្រទេស​ថៃ​ក្រុម​យោធា​បាន​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ​ស៊ីវិល ក្នុង​នោះ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ ចាប់​តាំងពី​ពួកគេ​កាន់​កាប់​អំណាច​ក្នុង​ខែ​ឧសភា​ឆ្នាំ​២០១៤។ ហើយ​នៅ ​ប្រទេស​កម្ពុជា​រដ្ឋាភិបាល​បាន​អនុម័ត​ច្បាប់​មួយ​ដែល​ រឹតត្បិត​មិន​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើការ​ដោយ​សេរី‍»។​

យ៉ាងណាក៏ដោយ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ទាញ​យក​ប្រទេស​ទាំងនោះ​ឱ្យ​ដើរ​មក​ត្រូវ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​វិញ​ដោយ​ធ្វើការ​ពង្រឹង​លើ​អង្គការ​សង្គម​ស៊ីវិល លើក​ទឹក​ចិត្ត​ឱ្យ​រដ្ឋាភិបាល​ធ្វើការ​ប្រកប​ដោយ​តម្លាភាព​និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ហើយ​ទីបី​គឺពង្រីកសិទ្ធិ​ទទួល​បាន​ព័ត៌មាន​សម្រាប់​ពលរដ្ឋកាន់​តែ​ទូលំ​ទូលាយ៕

XS
SM
MD
LG