ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទទួល​ស្គាល់​តួនាទី​សង្គម​ស៊ីវិល​ក្នុង​ដំណើរការ​ក្តី


ច្រក​ចូល​​តុលាការ​ព្រហ្មទណ្ឌ​​អន្តរជាតិ​ (International Criminal Court) នៅ​ទី​ក្រុង​ឡាអេ​ ប្រទេស​ហូឡង់ កាលពី​ថ្ងៃ​ទី​៣ ខែ​មិនា ឆ្នាំ​២០១១។

នេះ​បើ​យោង​ទៅ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ចេញ​ផ្សាយ​ដោយ​សមាជិក​ក្រុម​ប្រឹក្សា​នៃ​មហាសន្និបាត​របស់​រដ្ឋ​ជា​ភាគី​នៃ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​​នៅ​ថ្ងៃ​សុក្រ​នេះ​និង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​ក្នុង​វិស័យ​យុត្តិធម៌។

តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ (International Criminal Court) ​បាន​ទទួល​ស្គាល់​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ខណៈ​ដែល​ពួកគេ​កំពុង​អំពាវនាវ​ឲ្យ​រដ្ឋ​ដែល​ជា​ភាគី​នៃ​តុលាការ​នេះ​ គាំទ្រ​ដល់ការប្រព្រឹត្តិ​ទៅ​នៃ​កិច្ចការ​របស់​ខ្លួន។ នេះ​បើ​យោង​ទៅ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ចេញ​ផ្សាយ​ដោយ​សមាជិក​ក្រុម​ប្រឹក្សា​នៃ​មហាសន្និបាត​របស់​រដ្ឋ​ជា​ភាគី​នៃ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិនៅ​ថ្ងៃ​សុក្រ​នេះ​និង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​ក្នុង​វិស័យ​យុត្តិធម៌។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ដែល​បានចេញផ្សាយ​ពី​ទីក្រុង​ឡាអេ (The Hague)​ ​នៃ​ប្រទេស​ហូឡង់ ​បាន​បញ្ជាក់​ថា រដ្ឋ​ទាំង​ឡាយដែល​ជាភាគី​នៃ​តុលាការ​នេះ​ ត្រូវ​បំពេញ​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន ​ដោយ​ការ​ការពារ​ប្រជាជន​របស់​ផងខ្លួន​ ពីអំពើ​ព្រហ្មទណ្ឌធ្ងន់​ធ្ងរ​តាម​រយៈ​ការ​តម្កល់​ទុក​ប្រព័ន្ធ​យុត្តិធម៌​អន្តរជាតិ។ ជាង​នេះ​ទៅទៀត​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ បាន​សង្កត់​ធ្ងន់​ថា​ រដ្ឋ​ត្រូវ​តែ​ផ្តល់​ការ​គាំទ្រ​នូវ​ការ​ចូលរួម​យ៉ាង​ពេញ​លេញ​ និង​ពោរពេញ​ដោយ​អត្ថន័យ​ដល់​ជន​រងគ្រោះ​នៅ​តាម​សហគមន៍នៅ​ក្នុង​ដំណើរ​នៃ​ការ​ប្តឹង​ផ្តល់នានា​ទៅតុលាការ​អន្តរជាតិ។​

លោក ឡុង​ បញ្ញាវុធ​ មន្ត្រី​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា ​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ICC បាន​ថ្លែង​ប្រាប់​ VOA ពី​ទីក្រុង​ឡាអេ ​មក​ថា ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​មិន​បាន​និយាយ​ដល់​ករណី​ជាក់​លាក់​ណាមួយ​ដែល​ខ្លួន​បាន​ធ្វើ​ទាក់​ទិន​នឹង​បទឧក្រិដ្ឋ​ធ្ងន់​ធ្ងរ​នោះ​ទេ​នៅ​តាម​សហគមន៍​នៃ​តំបន់​នីមួយ​ៗ​នៅ​ក្នុង​សាកលលោក​នេះ​ទេ តែ​ថា​ តុលាការ​នេះ​ បាន​បង្ហាញ​ការ​យកចិត្ត​ទុក​ដាក់​ចំពោះ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នៅ​ក្នុង​ការ​ធ្វើ​កិច្ចសហ​ប្រតិបត្តិការ​ជា​លក្ខណៈ​ដៃ​គូ​សម្រាប់​ដំណើរ​ការ​របស់​តុលាការ​។​ ​

«ICC ​បង្ហាញ​នូវ​ឆន្ទៈ​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ នៅ​ក្នុង​ការ​ទទួល​យក​នូវ​អង្គការ​សង្គម​ស៊ីវិល​ ជា​ដៃ​គូ​នៅ ក្នុង​ការ​ធ្វើ​ការ​ស៊ើបអង្កេត​បឋម​ ឬមួយ​យើង​ឲ្យ​ឈ្មោះថា​ fact-finding (ការ​ស្វែងរក​ហេតុការណ៍​ពិត)​ ​ដើម្បី​ឲ្យ​ផ្តល់​ព័ត៌មាន​ដល់​ ICC ​ហើយ​ដូច​ឧទាហរណ៍​នៅ​ក្នុង​ឆ្នាំ​នេះ​ទៀត​សោត​ ក្នុង​ពេល​នេះ​ទៀតសោត​ យើង​ឃើញ​ថា​ អង្គការ​សង្គម​ស៊ីវិល​ សុទ្ធ​តែ​មាន​លទ្ធភាព ​មាន​ឱកាស​បាន​ជួប​ជុំ​ និង​លើក​ជា​បញ្ហា​និង​អនុសាសន៍​ ដល់​ព្រះរាជអាជ្ញា ​ICC ​ដល់​ប្រធាន​តុលាការ​ ICC»។​

លោក​បន្ត​ថា​ ការណ៍​នេះ​ គឺ​ជា​ចរន្ត​ថ្មី​មួយ​សម្រាប់​ជួយ​ដល់​តុលាការ​ឧក្រិដ្ឋ​កម្មអន្តរជាតិ​ ពង្រីក​វិសាលភាពការងារ​របស់​ខ្លួន​ ក្នុង​កិច្ច​ការ​ស៊ើបអង្កេត​សំណុំរឿង​នីមួយៗ។​

«នេះ​ យើង​ឃើញ​ថា​ ជា​លំហូ​មួយ​ថ្មី​ ដែល​ជា​ការ​ពង្រឹង​ពង្រីក​ នូវ​ទាំង​ចំណេះ​ និង​ទាំង​ទំនាក់​ទំនង​ និង​ការ​ទទួល​ស្គាល់​ នូវ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ជា​ដៃ​គូ​របស់ ICC»។​ ​

ប្រទេស​កម្ពុជា​បាន​ឃើញ​នូវ​ការ​រីកចម្រើន​សេដ្ឋ​កិច្ច​របស់​ខ្លួន​ជា​រៀង​រាល់​ឆ្នាំ​ ចាប់​តាំង​ពី​ប្រទេស​ដែលធ្លាប់​ឆ្លង​កាត់​សង្គ្រាមមួយ​នេះ បាន​ប្រែ​ក្លាយ​សេដ្ឋកិច្ច​របស់​ខ្លួន​ពី​សេដ្ឋ​កិច្ច​ផែន​ការ​ក្នុង​ទសវត្សរ៍​ ១៩៨០​ មក​ជា​សេដ្ឋកិច្ច​ទីផ្សារ​សេរី​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣។​ តែ​ប្រទេស​នេះ​ នៅ​ស្ថិតជា​ប្រទេស​ក្រីក្រ​ និង​ញាំញី​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស​ ជាពិសេស​នោះ​គឺ​ ការ​រំលោភបំពាន​សិទ្ធិ​កាន់កាប់​ដី​ធ្លី​។​

របាយការណ៍​របស់​អង្គការ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ (International Federation for Human Rights)ដែល​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​កក្កដា​ ​បាន​ឲ្យ​ដឹង​ថា​ ចាប់​តាំង​ពី​ខែ​មករា ​ឆ្នាំ​២០១៤​ មក​ទល់​នឹង​ដំណាច់​ខែ​មិនា​ ឆ្នាំ​២០១៥​ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ចំនួន​៦០.០០០​នាក់ ​ហើយ​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ ដោយសារ​គោល​នយោបាយ​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​ដណ្តើម​កាន់​កាប់​ដីធ្លី។​ របាយការណ៍​នេះ​ ត្រូវ​បាន​ចងក្រង​ឡើង​ទៅ​តាម​ភស្តុតាង​ដែល​បាន​ដាក់​ចូល​ទៅកាន់​ព្រះរាជអាជ្ញា​នៃ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ ដោយ​លោក​មេធាវី​ Richard J. Rogers។

យ៉ាងណា​ក៏​ដោយ​ លោក​ ឡុង​ បញ្ញាវុធមន្ត្រី​គម្រោង​យុត្តិធម៌​នៅ​កម្ពុជាថ្លែង​បន្ថែម​ថា​ មហា​សន្និ​បាត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ពុំបាន​លើក​យក​ករណី​នេះ​មក​ពិភាក្សា​នោះ​ទេ​ ហើយ​ថា​ ពុំ​មាន​តំណាង​មកពី​ខាង​រដ្ឋាភិបាល​ចូលរួម​ក្នុង​មហាសន្និបាត​ដែល​មាន​រយៈពេល​ជិតមួយ​សប្តាហ៍​នេះ​ដែរ​។

​លោក​ ជិន ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ ថ្លែង​ថា​ ក្រសួង​តែងតែ​បាន​សហការ​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ក្នុង​ការ​ជួយ​ជន​រងគ្រោះ ក្នុង​ជម្លោះផ្សេងៗ ដោយ​បាន​ផ្តល់​នូវ​សេវា​ប្រឹក្សា​ផ្នែក​ច្បាប់​ និង​មេធាវី​ការពារក្តី​។​

«​ជាទូទៅ​ក្រសួង​យុត្តិធម៌​បាន​ធ្វើការ​ជាមួយ​នឹងសង្គម​ស៊ីវិល​ច្រើន​ដែរ​ ពីព្រោះ​ថា​តួនាទី​របស់​ក្រសួង​យុត្តិធម៌​ សំខាន់​គឺ​ធ្វើការ​តាក់​តែង​ច្បាប់ ​ដើម្បី​ការពារ​នូវ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ និង​ដោះស្រាយ​នូវ​បញ្ហា​ជូន​គាត់។​ អញ្ចឹង​រាល់​ការ​តាក់​តែង​ច្បាប់​ទាំង​អម្បាលមាណ​ហ្នឹង​ គឺ​យើង​តែង​តែឲ្យ​មាន​ការ​ចូលរួម​ពី​សង្គម​ស៊ីវិល​ ហើយ​សង្គម​ស៊ីវិល​ហ្នឹង​ហើយ​ គាត់​ជា​អ្នកតំណាង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ ដែល​ពាំនាំ​យក​បញ្ហា​គ្រប់​បែប​យ៉ាងហ្នឹង​ មក​អង្គុយ​ជជែក​គ្នា​ជាមួយ​ហ្នឹងក្រុម​ការងារ​របស់​ក្រសួង​ ហើយ​យើង​ធ្វើ​ការ​តាក់តែង​នូវ​សេចក្តី​ព្រាងច្បាប់​ ឬក៏​បទប្បញ្ញត្តិ​ផ្សេងៗ​ហ្នឹង​ជាមួយ​គ្នា»។

ទាក់​ទិន​ពាក្យ​បណ្តឹងរបស់លោក​មេធាវី​ Richard J. Rogers​ ដែល​បាន​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរ​ជាតិលើសំណុំ​រឿង​ដីធ្លី​ដែល​អះអាង​ពី​ការមាន​ជាប់​ពាក់​ព័ន្ធ​នឹង​សមាជិក​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ និង​អ្នក​ជំនួញ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​រូប​នេះ​ថ្លែងថា ​រដ្ឋាភិបាល​នឹង​មិន​មាន​ការ​បារម្ភ​ចំពោះ​បណ្តឹង​ ព្រោះ​វា​ជា​ពាក្យ​បណ្តឹង​ដែល​ផ្តួច​ផ្តើម​ឡើង​គណបក្ស​ជំទាស់។ លោក​បដិសេធ​មិន​ធ្វើការ​អធិប្បាយ​ចំពោះ​អវត្តមាន​នៃ​តំណាង​មកពី​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ចូលរួម​មហា​សនិ្នបាត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែល​ចាប់​ផ្តើម​ឡើង​តាំង​ពី​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​មក​នោះ៕​

XS
SM
MD
LG