ក្រសួងការបរទេសកម្ពុជាបានប្រតិកម្មទៅនឹងអ្នករិះគន់សេចក្តីសម្រេចរបស់ស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ដែលមិនអនុញ្ញាតឲ្យគណបក្សភ្លើងទៀនចុះបញ្ជីចូលរួមប្រកួតប្រជែងការបោះឆ្នោត ដោយថា នេះជាកំហុសរបស់គណបក្សជំទាស់មួយនេះ មិនមែនជាការប្រព្រឹត្តលម្អៀងរបស់គ.ជ.ប ទៅគណបក្សណាមួយឡើយ។
ប្រតិកម្មរបស់ក្រសួងការបរទេសកម្ពុជាកើតឡើង ក្រោយមានការរិះគន់ការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដែលសម្រេចមិនចុះឈ្មោះគណបក្សភ្លើងទៀន ដើម្បីអាចចូលរួមប្រកួតប្រជែងការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ គណបក្សភ្លើងទៀនថានឹងប្តឹងទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នសម្រេចចុងក្រោយ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ការមិនអាចចុះបញ្ជីគណបក្សបាន គឺជាកំហុស និងការមិនយកចិត្តទុកដាក់របស់គណបក្សភ្លើងទៀន ហើយ គ.ជ.ប អនុវត្តនីតិវិធីនេះលើគ្រប់គណបក្សទាំងអស់។
ក្រសួងការបរទេសបញ្ជាក់ថា៖ «ស្ថាប័នរៀបចំការបោះឆ្នោតពុំមានការប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយឡើយ។ អវត្តមានរបស់គណបក្សនយោបាយមួយពីដំណើរការបោះឆ្នោត ដោយសារការធ្វេសប្រហែសមិនគោរពច្បាប់ ពុំបានប៉ះពាល់ដល់ភាពសេរី ពហុបក្ស និងប្រជាធិបតេយ្យរបស់កម្ពុជាឡើយ ព្រោះអ្នកបោះឆ្នោតនៅតែអាចជ្រើសរើសដោយសេរី នូវគណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សប្រកួតប្រជែងគ្នាយ៉ាងតិចចំនួន ១៨»។
ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារ មេដឹកនាំគណបក្សភ្លើងទៀនបានបកស្រាយថា គណបក្សមិនអាចទទួលយកបានឡើយចំពោះសេចក្តីសម្រេចរបស់ គ.ជ.ប ដោយសារតែវាមិនមានហេតុផលសមរម្យណាមួយនៅក្នុងការមិនចុះបញ្ជីឱ្យគណបក្សឡើយ។
ការសម្រេចរបស់ស្ថាប័នរៀបចំការបោះឆ្នោតក៏រងការរិះគន់ផងដែរពីស្ថានទូតបរទេសមួយចំនួន និងអង្គការអន្តរជាតិ ដោយថា នេះជាចេតនាបង្អាក់ដំណើររបស់គណបក្សជំទាស់ដ៏ធំមួយនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។
ស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៦ ខែឧសភា បានសម្តែងការខកចិត្ត និងលើកឡើងថា ការសម្រេចនេះ ជាការកាត់ផ្តាច់នូវជម្រើសដែលនៅសល់របស់ប្រជពលរដ្ឋ និងថាការសម្រេចនេះ ផ្ទុយទៅនឹងការបញ្ជាក់របស់ក្រសួងមហាផ្ទៃដែលទទួលស្គាល់គណបក្សភ្លើងទៀន ដែលធ្លាប់បានចូលរួមការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០២២។
ស្ថានទូតអង់គ្លេសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងដឹងថាគណបក្សភ្លើងទៀននឹងប្តឹងទាស់ទៅនឹងសេចក្តីសម្រេចនេះ។ យើងនឹងតាមដានយ៉ាងយកចិត្តទុកដាក់ ហើយសង្ឃឹមថាវានឹងបញ្ចប់ដោយការសម្រេចមួយដែលប្រកាន់ខ្ជាប់នូវស្មារតីលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស»។
ចំណែកស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីថ្ងៃអង្គារ ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះការសម្រេចរបស់ គ.ជ.ប និងថាអូស្ត្រាលីនៅតែជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា។ សេចក្តីថ្លែងការណ៍បន្ថែមថា ការឱ្យមានលម្ហនយោបាយ ច្បាប់ និងស្ថាប័ននានាដែលបើកផ្លូវគណបក្សនយោបាយផ្សេងៗអាចចូលរួមការបោះឆ្នោត គឺជាលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
ស្ថានទូតអូស្ត្រាលីបញ្ជាក់ថា៖ «ការដែលគណបក្សណាមួយមិនអាចចុះបញ្ជីឈរឈ្មោះសម្រាប់ការបោះឆ្នោត មិនមែនជាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ»។
លោកPhil Robertson នាយករងប្រចាំតំបន់អាស៊ីរបស់អង្គការអន្តរជាតិ Human Rights Watch ថ្លែងថាការបដិសេធសំណើចូលរួមការបោះឆ្នោតរបស់គណបក្សភ្លើងទៀន គឺមានន័យថា ការបោះឆ្នោតនាពេលខាងមុខនេះ មិនមានន័យអ្វីឡើយ ខណៈថា រដ្ឋាភិបាលកម្ពុជាកំពុងតែប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីធានាថាមិនមានវត្តមានគណបក្សប្រឆាំងចូលរួមការបោះឆ្នោតខាងមុខ។
តើតាម លោក Phil Robertson តាមរយៈការប្រើប្រាស់ស្ថាប័នរៀបចំការបោះឆ្នោត ដែលលោកថាជា«អាយ៉ង»របស់គណបក្សកាន់អំណាច វាបង្ហាញថារដ្ឋាភិបាលកម្ពុជាមិនមានចំណាប់អារម្មណ៍នៅក្នុងការរៀបចំការបោះឆ្នោតមួយ តាមបែបប្រជាធិបតេយ្យពិតប្រាកដឡើយ។
នាយករងប្រចាំតំបន់អាស៊ីរបស់អង្គការ Human Rights Watchរូបនេះបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អ្នកការទូតនិងម្ចាស់ជំនួយទាំងឡាយ ត្រូវតែងើបឡើងថ្កោលទោសចំពោះតាក់តិចដ៏កខ្វក់នៅក្នុងការបិទផ្លូវមិនឱ្យគណបក្សភ្លើងទៀនចូលប្រកួតនៅក្នុងការបោះឆ្នោតនាខែកក្កដាខាងមុខ។ ទម្រង់នៃជំនួយបែបណាក៏ដោយសម្រាប់ គ.ជ.ប គួរតែផ្អាកភ្លាមៗ រហូតទាល់តែគណបក្សភ្លើងទៀន ត្រូវបានអនុញ្ញាតឱ្យចូលសង្វៀនប្រកួត»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពី លោក ហង្ស ពុទ្ធា អ្នកនាំពាក្យស្ថាប័នគ.ជ.ប បាននៅឡើយទេ។ ប៉ុន្តែនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយកាលពីថ្ងៃចន្ទ គ.ជ.ប បញ្ជាក់ថា សេចក្តីសម្រេចបដិសេធចុះបញ្ជីគណបក្សភ្លើងទៀន ដោយសារ«គណបក្សភ្លើងទៀនមិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្ម»។ គណបក្សភ្លើងទៀនអះអាងថា ខ្លួនបាត់បង់ឯកសារមួយនេះ ហើយពឹងផ្អែកទាំងស្រុងទៅលើលិខិតទទួលស្គាល់ជាផ្លូវការរបស់ក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ថា គណបក្សភ្លើងទៀនជាគណបក្សជំទាស់ដ៏ធំមួយ និងធ្លាប់ទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋជាង១លាន ៦សែននាក់ កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាខែមិថុនា ឆ្នាំ២០២២៕