លោក Juan Guaido មេដឹកនាំគណបក្សប្រឆាំងនិងប្រធានាធិបតីអន្តរកាលដែលប្រកាសដោយខ្លួនឯងនៃប្រទេសវ៉េណេស៊ុយអេឡា បាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតី Nicolas Maduro កំពុងព្យាយាមផ្ទេរប្រាក់រហូតដល់១ពាន់២រយលានដុល្លារទៅធនាគារមួយនៅក្នុងប្រទេសអ៊ុយរូហ្គាយ។
ថ្លែងនៅតាមទូរទស្សន៍ជាតិបន្ទាប់ពីប្រទេសជាង១០នៅអឺរ៉ុប បានទទួលស្គាល់លោកជាផ្លូវការថា ជាមេដឹកនាំនៃប្រទេសវ៉េណេស៊ុយអេឡា លោក Guaido បានអះអាងដោយមិនមានភស្តុតាងថា លោក Maduro បានផ្ទេរប្រាក់ពីធនាគារ Banders ដែលជាធនាគារអភិវឌ្ឍន៍របស់រដ្ឋទៅអង្គភាពហិរញ្ញវត្ថុមួយនៅក្នុងប្រទេសអ៊ុយរូហ្គាយ។
លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកដែលទទួលស្គាល់លោក Guaido ជាប្រធានាធិបតីកាលពីសប្តាហ៍មុន បានស្វាគមន៍ការសម្រេចកាលពីថ្ងៃចន្ទរបស់ប្រទេសនានានៅតំបន់អឺរ៉ុប រួមមានប្រទេសអូទ្រីស បារាំង អាល្លឺម៉ង់ ស៊ុយអែត និងចក្រភពអង់គ្លេស។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងក៏បានទទួលការលើកទឹកចិត្តពីការសម្រេចនៅថ្ងៃទី៣១ ខែមករារបស់សភាអឺរ៉ុបដែលទទួលស្គាល់លោក Juan Guaido ជាប្រធានាធិបតីអន្តរកាល។ ពួកគេចូលរួមជាមួយសហរដ្ឋអាមេរិកហើយនិងប្រទេសជាង២៣ទៀតក្នុងការទទួលស្គាល់លោក Juan Guaido ជាប្រធានាធិបតីអន្តរកាល ស្របទៅតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសវ៉េណេស៊ុយអេឡា»។
សេចក្តីប្រកាសទាំងនេះបានកើតមានឡើងបន្ទាប់ពីប្រទេសមួយចំនួនបានផ្តល់ពេលវេលាឲ្យលោក Maduro ធ្វើការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ បើពុំដូច្នេះទេ នឹងទទួលស្គាល់លោក Guaido ដែលបានប្រកាសខ្លួនលោកជាប្រធានាធិបតីអន្តរកាលកាលពីខែមករា ជាមេដឹកនាំរបស់ប្រទេសនៅតំបន់អាមេរិកខាងត្បូង៕