ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឡាន​ធំ​ដឹក​ជំនួយ​ស.រ.អា.​សម្រាប់​ប្រទេស​វេណេស៊ុយអេឡា​ត្រូវ​រាំង​ខ្ទប់​នៅ​ឯ​ព្រំដែន​ជាមួយ​​ប្រទេស​កូឡុំប៊ី


ស្ដែន​សាំង​រាំង​ច្រក​ឆ្លង​កាត់​​ស្ពាន Tienditas រវាង​ប្រទេស​កូឡុំប៊ី និង​ប្រទេស​វេណេស៊ុយអេឡា ក្នុង​ទីក្រុង Cucuta។

មាន​ភាព​តាន​តឹង​ខ្លាំង​នៅ​ក្នុង​ក្រុង​ព្រំដែន​ Cucuta ​នៃ​ប្រទេស​កូឡុំប៊ី​ នៅ​ពេល​ដែល​ឡាន​ធុន​ធំ​ដំបូង​ដឹក​ជំនួយ​ស.រ.អា.​បាន​ទៅ​ដល់​ទី​នោះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ឆ្លង​កាត់​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​វេណេស៊ុយអេឡា។

ឡាន​ធុន​ធំៗ​ពីរ​គ្រឿង​មាន​ដឹក​ម្ហូប​អាហារ​សម្រាប់​គ្រា​មាន​អាសន្ន​ គ្រឿង​ផ្គត់​ផ្គង់​ខាង​វេជ្ជសាស្ត្រ​និង​ជំនួយ​មនុស្ស​ធម៌​ឯ​ទៀតៗ​កំពុង​រង់​ចាំការ​អនុញ្ញាត​ពី​ប្រធានាធិបតី​ Nicolas Maduro ដែល​មាន​បញ្ហា​ដើម្បី​បើក​ចូល​ក្នុង​ប្រទេស​នេះ។​

លោក ​Maduro​ បាន​ច្រាន​ចោល​ជំនួយ​នេះ​ហើយ​បាន​បញ្ជា​ដល់​ពួក​ទាហាន​ឱ្យ​បញ្ឈប់​ការ​ផ្គត់​ផ្គង់​ជំនួយ​នេះ​មិន​ឱ្យ​ឆ្លង​តាម​ស្ពាន​មួយ​រវាង​ប្រទេស​កូឡុំប៊ី​ និង​ប្រទេស​វេណេស៊ុយអេឡ​ ដោយ​លោក​បាន​និយាយ​ថា​ គ្មាន​វិបត្តិ​មនុស្សធម៌​ក្នុង​ប្រទេស​វេណេស៊ុយអេឡា​ ទេ។​

កង​កម្លាំង​សន្តិសុខ​នៃ​ប្រទេស​វេណេស៊ុយអេឡា​ បាន​រាំង​ខ្ទប់​ផ្លួវ​ឆ្លង​កាត់​ព្រំដែន​មាន​បី​គន្លង​ពី​ក្រុង ​Cucuta ​ដោយ​ប្រើ​កុងតឺន័រ​ដឹក​ទំនិញ​តាម​កប៉ាល់ពីរ​និង​ឡាន​សាំង​មួយ​គ្រឿង។​ ពួក​សកម្មជន​សិទ្ធិ​មនុស្ស​និង​ពួក​ពលរដ្ឋ​វេណេស៊ុយអេឡា

ប្រមូល​ផ្តុំ​គ្នា​នៅ​កន្លែង​ឆ្លង​កាត់​ព្រំដែន​នោះ​ដោយ​ទាមទារ​ឱ្យ​លោក​ Maduro អនុញ្ញាត​ឱ្យ​ជំនួយ​គ្រា​មាន​អាសន្ន​នេះ​ឆ្លង​កាត់​ស្ពាន​ដែល​ភ្ជាប់​ប្រទេស​ទាំង​ពីរ​នេះ។

លោក ​Juan Guaido​ មេដឹកនាំ​ពួក​ប្រឆាំង​ដែល​បាន​ប្រកាស​ខ្លួន​ឯង​ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​ បាន​សុំ​ជំនួយ​នេះ​ដោយ​លោក​បាន​ព្រមាន​ថា​ ប្រជារាស្ត្រ​វេណេស៊ុយអេឡា​ច្រើន​នាក់​ប្រឈម​នឹង​ការ​ប្រថុយ​ប្រថាន​ធ្ងន់ធ្ងរ​បើ​គ្មាន​ជំនួយ​អន្តរជាតិ​ទេ​នោះ។​

ក្រសួង​ការ​បរទេស​ស.រ.អា.​ដែល​ផ្តល់​ជំនួយ​ទាំង​នេះ​បាន​អំពាវនាវ​ដល់​កង​កម្លាំង​សន្តិសុខ​វេណេស៊ុយអេឡា​ឱ្យ​អនុញ្ញាត​ឱ្យ​ការ​ផ្គត់ផ្គង់​ទាំង​នេះ​ចូល​ក្នុង​ប្រទេស​បាន។​

អ្នកនាំ​ពាក្យ​ម្នាក់​របស់​លោក​អគ្គលេខាធិការ​អ.ស.ប. ​Antonio Guterres បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «ជំនួយ​មនុស្សធម៌​មិន​គួរ​ត្រូវ​ប្រើ​ជា​កូន​អុក​ខាង​នយោបាយ​ជា​ដាច់​ខាត»​ ហើយ​ការ​ផ្តល់​ជំនួយ​នេះ​ត្រូវ​តែ​ធ្វើ​ទៅ​តាមគោលការណ៍​នៃ​មនុស្សធម៌​ អព្យាក្រឹតភាព​, ភាព​គ្មាន​លម្អៀង​និង​ឯករាជ្យ​ភាព៕

XS
SM
MD
LG