ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​នឹង​ធ្វើ​សម​យុទ្ធ​យោធា​ឡើង​វិញ​នៅ​ឆ្នាំ​២០១៩


ឡាន​បើក​លើគោក​និង​ក្នុង​ទឹក​របស់​កូរ៉េ​ខាង​ត្បូង​ធ្វើ​ដំណើរ​ក្នុងពេល​ធ្វើ​សមយុទ្ធ​យោធា ​Foal Eagle ជាមួយ​សហរដ្ឋ​អាមេរិក នៅ​ក្រុង Pohang ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាល​ពី​ខែ​មេសា ២០១៨។
ឡាន​បើក​លើគោក​និង​ក្នុង​ទឹក​របស់​កូរ៉េ​ខាង​ត្បូង​ធ្វើ​ដំណើរ​ក្នុងពេល​ធ្វើ​សមយុទ្ធ​យោធា ​Foal Eagle ជាមួយ​សហរដ្ឋ​អាមេរិក នៅ​ក្រុង Pohang ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាល​ពី​ខែ​មេសា ២០១៨។

សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃពុធ​បាន​ប្រកាស​ថា​ ខ្លួន​នឹង​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េ​ខាង​ត្បូង​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ​ ដែល​ការណ៍​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ល្បែង​សង្គ្រាម​មិន​មែន​ជា​ឧបសគ្គ​រារាំង​ដល់​ដំណោះ​ស្រាយ​ការទូត​ជុំវិញ​ការ​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង​នោះ​ទេ។

រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​អាមេរិក​លោក​ Jim Mattis​ បាន​ថ្លែង​ថា​ សម​យុទ្ធ​យោធា​ដែល​មាន​ឈ្មោះ​ថា ​Foal Eagle ​ជាមួយ​ទីក្រុង​សេអ៊ូល​នឹង​រៀប​ចំ​ធ្វើ​ឡើង​នៅ​រៀង​រាល់​រដូវ​ផ្ការីក​នៅ​ប្រទេស​កូរ៉​ខាង​ត្បូង​ ប៉ុន្តែ​នឹង​ត្រូវ​កាត់​បន្ថយ​ទំហំ​នៃ​ប្រតិបត្តិការ​នៅ​ក្នុង​ឆ្នាំ​២០១៩។

លោក​មិន​បាន​និយាយ​លម្អិត​អំពី​ការ​កាត់​បន្ថយ​ទំហំ​នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​នៅ​ឆ្នាំក្រោយ​នេះ​ទេ​ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា ​ការ​កាត់​បន្ថយ​នេះ​គឺ​ជា​កិច្ច​ប្រឹង​ប្រែង​របស់​សម្ព័ន្ធ​មិត្ត​ទាំង​ពីរ​ភាគី​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចរចា​បន្ត​ទៀត​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ជើងជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង។

លោក Mattis ​បាន​ថ្លែង​ថា​សមយុទ្ធ​យោធា ​Foal Eagle ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​បន្តិច​បន្តួច​ប៉ុណ្ណោះ​ដើម្បី​រក្សា​ទំនាក់​ទំនង​ក្នុង​កម្រិត​មួយ​ដែល​នឹង​មិន​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។

នា​ពេល​កន្លង​មក​កូរ៉េ​ខាង​ជើង​តែង​តែ​ជំទាស់​ទៅ​នឹង​ការ​ធ្វើ​សម​យុទ្ធ​យោធា​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ ដោយ​កូរ៉េខាង​ត្បូង​ចាត់​ទុក​ថា​ ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ​គឺ​ជា​ការ​គំរាម​កំហែង​ដល់​ប្រទេសជាតិ​របស់​ខ្លួន។

រដ្ឋបាល​លោក ត្រាំ​ សង្ឃឹម​ថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​នឹង​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ចុង​អាណត្តិ​ទីមួយ​របស់​លោក ត្រាំ​ នៅ​ខែ​មករា​ ឆ្នាំ​២០២១៕

XS
SM
MD
LG