ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កូរ៉េខាង​ត្បូង​និង​​កូរ៉េខាង​ជើង​ប្រុង​ប្រៀប​ធ្វើ​ជំនួប​កំពូល


រូបឯកសារ៖ មេដឹកនាំ​កូរ៉េ​ខាង​ជើង​ គីម ជុងអ៊ុន (ឆ្វេង) និង​លោក Moon Jae-in ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ធ្វើ​ដំណើរ​នៅ​​ក្រោយ​កិច្ច​ប្រជុំ​នៅ​ Panmunjom កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៨

ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​បញ្ជូន​ប្រេសិតពិសេស​ម្នាក់​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​ក្នុង​សប្តាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​អំពី​ជំនួប​កំពូល​លើក​ទី​បី​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នេះ។

អ្នក​នាំពាក្យ​ម្នាក់​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ប្រសិត​ម្នាក់​ដែល​គេ​មិន​ទាន់​ប្រាប់​ឈ្មោះ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ព្យុងយ៉ាង​ នៅ​ថ្ងៃ​ពុធ។

អ្នកនាំ​ពាក្យ​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​រូប​នេះ​បាននិយាយ​ថា «ប្រសិត​ពិសេស​នេះ​នឹង​ពិភាក្សាអំពី​បញ្ហា​មួយ​ចំនួន​ដោយ​មាន​រួម​បញ្ចូល​ថ្ងៃ​ខែ ​ជាក់​លាក់​សម្រាប់​ជំនួប​កំពូល​រវាង​ពួក​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​ និង​កូរ៉េខាង​ជើង,​ ការ​អភិវឌ្ឍន៍​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​កូរ៉េខាង​ជើង, ការ​ធ្វើ​កុំ​ឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧប​ទ្វីប​កូរ៉េ​ និង​ការ​ធ្វើ​ឱ្យ​មាន​សន្តិភាព​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​ផង​ដែរ។​

លោក​ប្រធានាធិបតី​កូរ៉េខាង​ត្បូង ​Moon Jae-in ​និង​មេដឹកនាំ​កូរ៉េខាង​ជើង​ គីម ជុងអ៊ុន បាន​យល់​ស្រប​គ្នា​នៅ​ក្នុង​ជំនួប​កំពូល​របស់​អស់​លោក​នៅ​ឯ ​Panmunjom ថា​ លោក ​Moon ​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​ក្នុង​ក្រុង​ព្យុង​យ៉ាង​ នៅ​ចុង​ឆ្នាំ​នេះ។​

ទី​ភ្នាក់ងារ​ព័ត៌មាន Yonhap ​បាន​រាយការណ៍​ថា​ កូរ៉េ​ខាង​ត្បូង​បាន​ស្នើ​បញ្ជូន​ប្រេសិត​ពិសេសនៅ​ព្រឹក​ថ្ងៃ​សុក្រនេះ​ ហើយ​កូរ៉េ​ខាង​ជើង​បាន​យល់​ព្រម​តាម​សេចក្តី​ស្នើ​នេះ​ដោយ​ទូរលេខ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ដែរ៕

XS
SM
MD
LG