មួយថ្ងៃមុនពេលចាកចេញទៅចូលរួមជំនួបកំពូលលើកទី ៣ ជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បាននិយាយថា គោលបំណងរបស់លោកគឺសម្រេចឲ្យបាននូវសន្តិភាពយូរអង្វែងមួយរវាងរដ្ឋាភិបាលក្រុងសេអ៊ូល និងរដ្ឋាភិបាលក្រុងព្យុងយ៉ាង និងស្វែងរកចំណុចរួមគ្នារវាងប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។
លោក Moon Jae In បានបង្ហាញពីគម្រោងរបស់លោកដូចនេះនៅក្នុងអំឡុងពេលប្រជុំជាមួយនឹងទីប្រឹក្សាជាន់ខ្ពស់របស់ខ្លួននៅក្នុងទីក្រុងសេអ៊ូលនៅថ្ងៃច័ន្ទនេះ។ លោកនឹងចាកចេញទៅកាន់ទីក្រុងព្យុងយ៉ាងនៅថ្ងៃអង្គារស្អែកជាមួយនឹងគណៈប្រតិភូរាប់សិបនាក់ដើម្បីពិភាក្សាជាមួយនឹងលោក Kim Jong Un រយៈពេល ៣ ថ្ងៃ។
លោក Moon Jae In បានប្រាប់ទីប្រឹក្សារបស់លោកថា លោកចង់បាន «សន្តិភាពមិនប្រែប្រួល និងយូរអង្វែង» មួយ ជាមួយនឹងប្រទេសកូរ៉េខាងជើង ដែលជាសន្តិភាពមិនរងការប៉ះពាល់ណាមួយពីលក្ខខណ្ឌរបស់អន្តរជាតិ។
លោកបាននិយាយថា លោកនឹងផ្ដោតការពិភាក្សារបស់លោកជាមួយនឹងលោក Kim Jong Un លើការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដែលបានបន្តរហូតមកទល់នឹងពេលបច្ចុប្បន្ននេះតាំងពីសង្គ្រាមកូរ៉េបានបញ្ចប់ទៅនៅឆ្នាំ ១៩៥៣ មក។ សង្គ្រាមកូរ៉េរយៈពេល ៣ ថ្ងៃនេះបានបញ្ចប់ទៅដោយការព្រមព្រៀងឈប់ធ្វើសង្គ្រាម មិនមែនដោយសន្ធិសញ្ញាសន្តិភាពនោះទេ ដែលជាហេតុធ្វើឲ្យប្រទេសទាំងពីរនៅតែមានជម្លោះជាមួយគ្នាដដែល។
លោក Moon Jae In ក៏បានបញ្ជាក់ឡើងវិញថា លោកចង់ស្វែងរកចំណុចរួមរវាងការទាមទាររបស់សហរដ្ឋអាមេរិកដែលចង់ឲ្យកូរ៉េខាងជើងលះបង់កម្មវិធីនុយក្លេអ៊ែរទាំងស្រុងមុនពេលឈានដល់កិច្ចព្រមព្រៀងសន្តិភាពផ្លូវការណាមួយ និងការទាមទាររបស់កូរ៉េខាងជើងដែលចង់បានសន្ធិសញ្ញាសន្តិភាពផ្លូវការ និងការធានាសន្តិសុខ ដែលក្នុងនោះមានទាំងការដកទាហានអាមេរិកចេញពីឧបទ្វីបកូរ៉េផងដែរ៕