សហរដ្ឋអាមេរិកបានអំពាវនាវឲ្យមានកិច្ចឈប់វាយប្រយុទ្ធគ្នានៅក្នុងប្រទេសយេម៉ែន ដើម្បីគាំទ្រកិច្ចប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ដើម្បីស្វែងរកដំណោះស្រាយសន្តិវិធីដ៏យូរអង្វែងមួយសម្រាប់សង្គ្រាមរយៈពេលជាង ៣ ឆ្នាំកន្លងមក។
រដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោក Jim Mattis បាននិយាយថា៖ «យើងចង់ឃើញគ្រប់ភាគីទាំងអស់ចូលរួមនៅក្នុងការចរចា ផ្អែកលើកិច្ចឈប់វាយប្រយុទ្ធគ្នា ផ្អែកលើការដកទ័ពចេញពីព្រំដែន និងផ្អែកលើការឈប់ទម្លាក់គ្រាប់បែក ដែលនឹងអនុញ្ញាតឲ្យមានបេសកកជនពិសេសអង្គការសហប្រជាជាតិដើម្បីប្រមូលផ្ដុំភាគីទាំងអស់មកចរចាគ្នានៅក្នុងប្រទេសស៊ុយអែត និងបញ្ចប់សង្គ្រាមនេះ។ យើងចាំបាច់ត្រូវធ្វើដូច្នេះនៅក្នុងរយៈពេល ៣០ ថ្ងៃខាងមុខ។ យើងបានធ្លាក់កប់ជ្រៅទៅក្នុងបញ្ហានេះអស់រយៈពេលជាយូរមកហើយ»។
លោក Mattis បានថ្លែងដូច្នេះនៅឯព្រឹត្តិការណ៍មួយកាលពីយប់ថ្ងៃអង្គារម្សិលមិញនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយលោកបានបញ្ជាក់ថា កិច្ចឈប់វាយប្រយុទ្ធគ្នានេះនឹងអនុញ្ញាតឲ្យភាគីពាក់ព័ន្ធទាំងអស់ដកខ្លួនថយពីសង្គ្រាម និងជួបជាមួយនឹងបេសកជនពិសេសអង្គការសហប្រជាជាតិលោក Martin Griffiths។
លោក Mattis បានសង្កត់ធ្ងន់ថា៖ «វាជាវិធីតែមួយគត់ដែលយើងអាចដោះស្រាយបញ្ហានេះបាន»។ ភ្លាមៗបន្ទាប់មក រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានបង្ហាញការគាំទ្រចំពោះលោក Martin Griffiths និងកិច្ចឈប់វាយប្រយុទ្ធគ្នាដែលឈានទៅដល់ការចរចាសន្តិភាព។
ជម្លោះនៅក្នុងប្រទេសយេម៉ែនគឺជាភាពចម្រុះនៃឥទ្ធិពលក្នុងតំបន់ និងអន្តរជាតិ ដែលបានចាប់ផ្ដើមនៅពេលដែលពួកឧទ្ទាម Houthi ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ដណ្ដើមកាន់កាប់ផ្នែកនានានៃប្រទេសយេមែន ដែលក្នុងនោះមានទាំងរដ្ឋធានីយេម៉ែនផងដែរ ពីរដ្ឋាភិបាលយេម៉ែន ដែលទទួលស្គាល់ដោយអន្តរជាតិ៕