ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រជុំ​លើក​ទី ៣ រវាង​មេដឹកនាំ​នៃ​ប្រទេស​កូរ៉េ​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ


កញ្ចក់ទូរទស្សន៍​បង្ហាញ​រូប​ប្រធានាធីបតី​កូរ៉េ​ខាងត្បូង​ Moon Jae-in និង​មេដឹកនាំ​កូរ៉េ​ខាងជើង​ Kim Jong UN ដើម្បី​ផ្សាយ​អំពី​កិច្ច​ពិភាក្សា​ការពារ​ជាតិទីក្រុង​សេអ៊ូល​កាលពី​ថ្ងៃទី៥​ កញ្ញា ឆ្នាំ២០១៨ ក្នុង​ទីក្រុង​សេអ៊ូល។

ក្រុម​មេដឹកនាំ​ប្រទេស​កូរ៉េ​ខាង​ជើង និង​ក្រុម​មេដឹកនាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង នឹង​រៀបចំ​កិច្ច​ប្រជុំ​លើក​ទី ៣ របស់​ពួកគេ​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង​ពី​ថ្ងៃ​ទី ១៨ ដល់​ថ្ងៃ​ទី ២០ ខែ​កញ្ញា​នេះ។

លោក Chung Eui Yong ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In បាន​ប្រកាស​ពី​ថ្ងៃ​បរិច្ឆេទ​នៃ​ការ​ប្រជុំ​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​ដើម្បី​សម្រេច​លើ​ការ​រៀបចំ​កិច្ច​ប្រជុំ​រវាង​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នេះ។

លោក Chung Eui Yong បាន​និយាយ​ថា លោក Moon Jae In និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un នឹង​ផ្ដោត​លើ​វិធានការ​ជាក់លាក់​មួយ​ចំនួន ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ។

ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា វា​គឺ​ជា «ឆន្ទៈ​របស់​លោក Kim Jong Un នៅ​ក្នុង​ការ​លុប​បំបាត់​ទាំង​ស្រុង​នូវ​គ្រោះថ្នាក់​នៃ​ជម្លោះ​ប្រដាប់​អាវុធ និង​សេចក្ដី​រន្ធត់​នៃ​សង្គ្រាម​ចេញ​ពី​ឧបទ្វីប​កូរ៉េ និង​ប្រែ​ក្លាយ​វា​ឲ្យ​ទៅ​ជា​មូលដ្ឋាន​នៃ​សន្តិភាព​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​គ្មាន​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ណា​មួយ»។

កិច្ច​ប្រជុំ​នេះ​នឹង​ក្លាយជា​កិច្ច​ប្រជុំ​ទី ៣ រវាង​លោក Moon Jae In និង​លោក Kim Jong Un នៅ​ក្នុង​ឆ្នាំ​នេះ។ កិច្ច​ប្រជុំ​ពីរ​លើក​កាល​ពី​លើក​មុន​បាន​ធ្វើ​ឡើង​នៅ​ឯ​ភូមិ Panmunjom នៅ​ឯ​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ៕

XS
SM
MD
LG