នៅថ្ងៃចន្ទនេះ សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូងបានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដើម្បីទប់ទល់នឹង «ការគំរាមកំហែងកើនឡើងជាបន្តបន្ទាប់ពីប្រទេសកូរ៉េខាងជើង»។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីកូរ៉េខាងត្បូង។
សមយុទ្ធរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនេះមានរយៈពេល ២ សប្ដាហ៍។ សមយុទ្ធនេះនឹងរួមមានផងដែរនូវកម្មវិធីហ្វឹកហាត់តាមសមរភូមិដោយធ្វើតាមសេនារីយ៉ូផ្សេងៗ ដូចជាសេនារីយ៉ូនៃការឆ្លើយតបចំពោះការវាយប្រហាររបស់កូរ៉េខាងជើងលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កូរ៉េខាងត្បូងជាដើម។
សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានកាត់បន្ថយឬក៏ផ្អាកការធ្វើសមយុទ្ធនានាតាំងពីឆ្នាំ ២០១៧ មក ដើម្បីទាក់ទាញកូរ៉េខាងជើងឱ្យចូលមកកាន់តុចរចា និងដោយសារមានការរាតត្បាតជំងឺកូវីដ១៩។
ក៏ប៉ុន្តែ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ដែលទើបឡើងកាន់តំណែងកាលពីខែឧសភា បានសន្យាបង្កើនការធ្វើសមយុទ្ធនេះដើម្បីកម្លារារាំងកូរ៉េខាងជើង។ កូរ៉េខាងជើងបានសាកល្បងមីស៊ីលជាច្រើនដងរួចមកហើយនៅក្នុងឆ្នាំនេះ។
បើទោះបីជាសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងថាការធ្វើសមយុទ្ធនេះជាការធ្វើសមយុទ្ធបែបការពារខ្លួនក៏ដោយ ក៏កូរ៉េខាងជើងបានចាត់ទុកការធ្វើសមយុទ្ធនេះថាជាការហាត់សមត្រៀមលក្ខណៈដើម្បីឈ្លានពានខ្លួន និងជារឿយៗបានប្រើសមយុទ្ធនេះធ្វើជាឱកាសដើម្បីបង្ហាញអំពីអាវុធរបស់ខ្លួននិងធ្វើការគំរាមកំហែងផ្សេងៗទៀត។
នៅក្នុងឆ្នាំនេះ កូរ៉េខាងជើងបានសាកល្បងមីស៊ីលជាង ៣០ ដងរួចមកហើយ ដែលក្នុងនោះរួមមានទាំងការសាកល្បងគ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីបផងដែរ ដែលគ្រាប់ផ្លោងមីស៊ីលនេះធ្វើឡើងក្នុងគោលដៅសំដៅលើសហរដ្ឋអាមេរិក។
មន្ត្រីសហរដ្ឋអាមេរិកនិងមន្ត្រីកូរ៉េខាងត្បូងក៏បានបញ្ជាក់ផងដែរថា កូរ៉េខាងជើងអាចសាកល្បងអាវុធនុយក្លេអ៊ែរលើកទី ៧ នៅពេលណាមួយ ដែលការសាកល្បងនេះអាចបង្កើនភាពតានតឹងយ៉ាងខ្លាំងនៅលើឧបទ្វីបកូរ៉េ។ កូរ៉េខាងជើងមិនបានសាកល្បងអាវុធនុយក្លេអ៊ែរនេះតាំងពីឆ្នាំ ២០១៧ មក៕