ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​ទប់ទល់​នឹង​កូរ៉េ​ខាងជើង


រូបឯកសារ៖ ទាហាន​អាមេរិក និង​ទាហាន​កូរ៉េខាងត្បូង នៅ​ក្នុង​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​នៅ​បរិវេណ Rodriquez Multi-Purpose Range Complex ក្នុង​ទីក្រុង Pocheon ភាគខាងជើង​នៃ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥។

សហរដ្ឋអាមេរិក​និង​ប្រទេស​កូរ៉េខាងត្បូង ​កំពុង​ត្រៀម​រៀបចំ​បង្កើត «ផែនការ​សង្គ្រាម​ប្រតិបត្តិការ​ថ្មី​មួយ» ដើម្បី​ទប់ទល់​ឱ្យ​បាន​ប្រសើរ​ជាង​មុន​នូវ​ការ​គំរាមកំហែង​កើនឡើង​របស់​ប្រទេស​កូរ៉េខាងជើង។

ផែនការ​ថ្មី​នេះ ​នឹង​ជំនួស​ឱ្យ​យុទ្ធសាស្ត្រ​ដែល​មាន​ស្រាប់​នៅ​ពេល​បច្ចុប្បន្ន​នេះ ដែល​យុទ្ធសាស្ត្រ​ទាំង​នោះ​ មាន​បំណង​ឆ្លើយតប​ទៅនឹង​ភាព​គឃ្លើន​ណា​មួយ​ដែល​កូរ៉េខាងជើង​អាច​បង្ក​ឡើង។

យុទ្ធសាស្ត្រ​ទាំង​នោះ ​ត្រូវ​បាន​តាក់តែង​ឡើង​កាលពី​ប្រមាណ ១០ ឆ្នាំ​មុន ហើយ​មិន​បាន​គ្រប​ដណ្ដប់​លើ​ភាព​ជឿនលឿន​ផ្នែក​យោធា​របស់​កូរ៉េខាងជើង​នោះទេ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​អាមេរិក ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ។

មន្ត្រី​ក្រសួង​ការពារ​ជាតិ​ជាន់ខ្ពស់​អាមេរិក​មួយ​រូប ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ពេល​កំពុង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ចូលរួម​ក្នុង​ការ​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin និង​មន្ត្រី​កូរ៉េខាងត្បូង​ថា៖ «នេះ​គឺជា​រឿង​ត្រឹមត្រូវ​ដែល​យើង​ត្រូវ​ធ្វើ។ ប្រទេស​កូរ៉េខាងជើង​បាន​ពង្រីក​សមត្ថភាព​យោធា​របស់​ខ្លួន។ បរិយាកាស​យុទ្ធសាស្រ្ត​បាន​ផ្លាស់ប្តូរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ»។

មន្ត្រី​រូប​នេះ​បាន​ពណ៌នា​ថា ដំណើរការ​ធ្វើ​បច្ចុប្បន្នភាព​លើ​ផែនការ​ដែល​មាន​ស្រាប់​នេះ​គឺជា «កិច្ច​ប្រឹងប្រែង​ដែល​មាន​លក្ខណៈ​ធំធេង​និង​ស៊ីជម្រៅ» ដោយ​ពុំ​មាន​កំណត់​កាល​បរិច្ឆេទ​ថា​ នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ។

មន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ​បាន​តាមដាន​ការ​សាកល្បង​អាវុធ​របស់​កូរ៉េខាងជើង​តាំងពី​ខែ​កញ្ញា​មក។ ការ​សាកល្បង​ទាំង​នោះ ​មាន​ដូចជា​ការ​សាកល្បង​មីស៊ីល​ស្វ័យ​នាំផ្លូវ គ្រាប់​ផ្លោង​មីស៊ីល​រយៈចម្ងាយ​ខ្លី គ្រាប់​ផ្លោង​មីស៊ីល​ដែល​បាញ់​ចេញពី​នាវា​មុជទឹក និង​អ្វី​ដែល​កូរ៉េខាងជើង​អះអាង​ថា ​ជា​យាន​ដែល​ហោះ​លឿន​ជាង​សំឡេង៕

XS
SM
MD
LG