ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក​បាញ់​កាំជ្រួច​មីស៊ីល​បាល់លីស្ទិក​ជា​ការឆ្លើយ​តប​​ដល់​ការ សាកល្បង​អាវុធ​​​របស់​របស់​កូរ៉េខាង​ជើង


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden (ស្ដាំ) និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Suk-youl ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden (ស្ដាំ) និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Suk-youl ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២២។

សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​បាន​បាញ់​កាំជ្រួច​មីស៊ីល​ចំនួន៨គ្រាប់នៅ​ថ្ងៃ​ចន្ទ​នេះនៅ​ក្នុង​ការឆ្លើយ​តបទៅនឹង​ការសាកល្បង​អាវុធរបស់​កូរ៉េខាង​ជើងកាលពី​មួយ​ថ្ងៃ​មុន។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​យោធា​កូរ៉េ​ខាង​ត្បូង​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អគ្គសេនាធិការ​ចម្រុះរបស់​កូរ៉េខាង​ត្បូង​បាន​ឱ្យ​ដឹង​ថា ប្រទេស​សម្ព័ន្ធមិត្ត​ទាំង​ពីរ​នេះ​បាន​បាញ់​ប្រព័ន្ធ​កាំជ្រួច​មីស៊ីល​កលយុទ្ធ​យោធា​ឬ Army Tactical Missile System ទៅ​លើ​ទីដៅ​នៅ​ក្នុង​សមុទ្រ​ខាង​កើត​ឬ​ដែល​គេ​ស្គាល់​ថា​ជា​សមុទ្រ​ជប៉ុន​នោះ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

ការបាញ់​ប្រព័ន្ធ​កាំជ្រួច​មីស៊ីល​ហ្វូងក្នុង​រយៈពេល១០នាទី​នេះ​ត្រូវ​បាន​ធ្វើ​ឡើងមួយ​ថ្ងៃក្រោយកូរ៉េ​ខាង​ជើង​បាន​បាញ់​សាក​ល្បងកាំជ្រួច​មីស៊ីល​រយៈចម្ងាយ​ខ្លី​របស់​ខ្លួន​ចំនួន៨គ្រាប់ បន្ទាប់​ពី​មាន​ការធ្វើ​សមយុទ្ធ​យោធា​រូម​គ្នា​មួយរវាង​កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក​ដោយ​មាន​ការ ចូល​រួម​ពី​នាវាផ្ទុក​យន្តហោះ​របស់​អាមេរិក​មួយ​គ្រឿង​ផង​ដែរ។

កងទ័ព​កូរ៉េខាង​ត្បូង​បាន​បញ្ជាក់​ទៀត​ថា «កងទ័ពរបស់​យើង​ថ្កោល​ទោស​ជា​ខ្លាំងចំពោះ​សកម្មភាពបង្កហេតុ​ដោយ​ការបាញ់កាំជ្រួច​មីស៊ីល​បាល់លីស្ទិក​ជា​ច្រើន​ដង​របស់​កូរ៉េ​ខាង​ជើង​ហើយស្នើដោយ​ទទូចដល់​កូរ៉េ​ខាង​ជើង​ឱ្យ​បញ្ឈប់នូវ​សកម្មភាព​ដែល​បង្កើនភាពតាន តឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ»។

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​របស់​កូរ៉េខាង​ជើង​បាន​ធ្វើ​ទំនើបកម្ម​ទ្វេដង​នូវ​កម្មវិធី​អាវុធ​របស់​ខ្លួន​ក្នុង​ឆ្នាំ​នេះ បើទោះ​បី​ជា​ខ្លួន​កំពុងប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ចធា្លក់​ចុះ​យ៉ាង​ខ្លាំង​ក្តី។ ពួក​មន្ត្រី​និង​អ្នកវិភាគ​មួយ​ចំនួន​ព្រមាន​ថា កូរ៉េ​ខាង​ជើង​កំពុងរៀបចំ​ធ្វើ​ការសាកល្បងអាវុធ​នុយក្លេអ៊ែរ​ជា​ថ្មីម្តង​ទៀត។

ការបាញ់​កាំជ្រួច​មីស៊ីល​ឆ្លើយ​តប​នៅថ្ងៃ​ចន្ទនេះ ជា​ការបង្ហាញ​ការបាញ់​រួម​គ្នា​លើក​ទី២របស់​កង​កម្លាំង​នៃ​ប្រទេសដែល​ជា​សម្ព័ន្ធមិត្ត​នៅក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថ្មី​លោកYoon Suk Yeol ដែល​ប្រកាន់​គោលជំហរដ៏​តឹង​រឹង​មួយ​ប្រឆាំង​នឹងអំពើ​បង្កហេតុ​របស់​កូរ៉េខាង​ជើង។

កាល​ពី​ខែ​មុន រដ្ឋាភិបាល​ក្រុងសេអ៊ូល​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏​បាន​បាញ់បង្ហោះ​ឆ្លើយតបរួមគ្នា​មួយជា​លើក​ទី១ផង​ដែរ​ចាប់តាំង​ពី​ឆ្នាំ២០១៧មក បន្ទាប់ពីរដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​កាំជ្រួច​មីស៊ីល​បាល់លីស្ទិក​ចំនួន៣គ្រាប់​ដែល​ក្នុង​នោះមួយ​គ្រាប់​ត្រូវ​គេ​សង្ស័យ​ថាជា​កាំជ្រួច​មីស៊ីល​បាល់លីស្ទិកអន្តរទ្វីប​ផង៕

XS
SM
MD
LG