ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​មន្ត្រី​អ៊ីរ៉ង់​ដោយសារ​បង្ក្រាប​បាតុកម្ម


រូបឯកសារ៖ ក្រុមបាតុករអ៊ីរ៉ង់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ពាក់ព័ន្ធនឹងករណីស្លាប់របស់ស្ត្រីវ័យក្មេងមួយរូបគឺនាង Mahsa Amini នៅរដ្ឋធានី Tehran ក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២២។
រូបឯកសារ៖ ក្រុមបាតុករអ៊ីរ៉ង់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ពាក់ព័ន្ធនឹងករណីស្លាប់របស់ស្ត្រីវ័យក្មេងមួយរូបគឺនាង Mahsa Amini នៅរដ្ឋធានី Tehran ក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២២។

កាល​ពីថ្ងៃ​ពុធ ​សហរដ្ឋ​អាមេរិកបាន​ដាក់ទណ្ឌកម្ម​មន្ត្រី​អ៊ីរ៉ង់​ជាច្រើន​នាក់​ រួម​មាន​អគ្គរដ្ឋអាជ្ញា​និង​មន្ត្រី​យោធា​សំខាន់ៗ ​ដោយសារ​ការបង្ក្រាបបាតុកម្ម​បណ្តាល​មក​ពី​ការស្លាប់​របស់​នាង Mahsa Amini ​នៅក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​និយាយថា ​ខ្លួន​បាន​ដាក់​ទណ្ឌកម្ម ​លោក Mohammad Montazeri ​អគ្គរដ្ឋអាជ្ញា​នៃ​ប្រទេស​អ៊ីរ៉ង់ ​ដោយ​ចោទប្រកាន់​លោក​ថា​បាន​ចេញ​សេចក្តី​ណែនាំ​ទៅ​តុលាការ​ កាលពី​ខែ​កញ្ញា​ឱ្យ​កាត់ទោស​ធ្ងន់ធ្ងរ​មនុស្ស​ច្រើន​នាក់​ក្នុង​បណ្តា​ក្រុមជន​ត្រូវ​បាន​ចាប់ខ្លួននៅ​ពេល​ធ្វើ​បាតុកម្ម។​

ក្រុមហ៊ុន​អ៊ីរ៉ង់ Imen Sanat Zaman Fara​ ដែល​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិកាំងបាន​និយាយ​ថា​បាន​ផលិត​គ្រឿងឧបករណ៍​សម្រាប់​កងកម្លាំង​ប៉ូលិសអ៊ីរ៉ង់​មាន​រួម​រថពាសដែក​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការបង្ក្រាប​ហ្វូង​បាតុករ ​ក៏​បាន​រង​ទណ្ឌកម្ម​នេះ​ដែរ។​

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​ក៏​បាន​ដាក់​ទណ្ឌកម្ម​មន្ត្រី​ជាន់ខ្ពស់​ពីរ​នាក់​នៃ​កងកម្លាំងតស៊ូ Basij ​នៃប្រទេស​អ៊ីរ៉ង់​ ដែល​ជា​កង​ជីវពល​មួយ​មាន​ចំណង​ទាក់ទង​ជាមួយកងឆ្មាំបដិវត្តន៍​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​យ៉ាង​ច្រើន​នៅ​ពេល​មាន​ការ​បង្ក្រាប​ទាំងនោះ ​និង​មន្ត្រី​ពីរ​នាក់​នៃ​កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​ផង​ដែរ។

ចំណាត់ការ​នេះជាវិធានការ​ថ្មីៗ​បំផុតក្នុង​ចំណោម​សកម្មភាព​មួយ​ចំនួនដែលរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានធ្វើលើ​ពួក​មន្ត្រី​អ៊ីរ៉ង់ដោយសារ​ការបង្ក្រាប​របស់​អាជ្ញាធរ​អ៊ីរ៉ង់​លើចលាចល​បណ្តាល​មក​ពីការស្លាប់​របស់​នាង​ Amini ​ដែល​ជា​ស្ត្រី​អ៊ីរ៉ង់​វ័យ​ក្មេង​ម្នាក់​ អំបូរ​ Kurd នៅ​ក្នុងការ​ឃុំឃាំងរបស់​ពួក​ប៉ូលិស​សីលធម៌​កាលពី​ខែកញ្ញា។

បាតុកម្មទាំងនេះ​ដោយប្រជារាស្ត្រ​អ៊ីរ៉ង់​គ្រប់​ស្រទាប់វណ្ណៈ​ជា​ការ​ប្រឆាំងខ្លាំង​មួយ​ដល់​របប​គ្រប់គ្រង​យក​សាសនា​ជា​ធំ​នេះ​ចាប់តាំង​ពី​បដិវត្តន៍​ឥស្លាម​កាលពី​ឆ្នាំ ១៩៧៩ ​មក។ ប្រទេស​អ៊ីរ៉ង់​បាន​ចោទប្រកាន់​បណ្តា​ប្រទេស​មហាអំណាច​លោក​ខាងលិចថា​បាន​ញុះញង់​ឱ្យ​មាន​ចលាចល​នោះ ​ដែល​កង​កម្លាំង​សន្តិសុខ​បាន​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ដ៏​ប្រល័យ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG