អង្គការយូនីសេហ្វ (UNICEF) បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថ្កោលទោស «អំពើហិង្សានិងការរំលោភបំពានដែលត្រូវបានគេរាយការណ៍ថាបានធ្វើឱ្យកុមារជាង ៥០ នាក់បាត់បង់ជីវិតនិងជាច្រើននាក់ទៀតរងរបួសនៅក្នុងអំឡុងពេលចលាចលសាធារណៈក្នុងប្រទេសអ៊ីរ៉ង់»។
ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះបានបញ្ជាក់ថា ខ្លួនមាន«ការព្រួយបារម្ភយ៉ាងខ្លាំងអំពីការឆ្មក់ចូលឆែកឆេរនិងការឆែកឆេរជាបន្តដែលធ្វើឡើងនៅតាមសាលារៀនមួយចំនួន» និងថា «សាលារៀនត្រូវតែជាកន្លែងដែលតែងតែមានសុវត្ថិភាពសម្រាប់កុមារ»។
អង្គការយូនីសេហ្វបានរាយការណ៍ថា ខ្លួនបាន «បង្ហាញក្ដីបារម្ភរបស់ខ្លួនដោយផ្ទាល់ទៅកាន់អាជ្ញាធរនៅក្នុងប្រទេសអ៊ីរ៉ង់ តាំងពីពេលដែលមានករណីដំបូងៗនៃការស្លាប់និងរងរបួសរបស់កុមារដែលបានកើតឡើងទាក់ទិននឹងការតវ៉ាម្ល៉េះ»។ អង្គការសិទ្ធិមនុស្សខ្លះបានរាយការណ៍ថា កុមាររហូតដល់ ៦៣ នាក់ត្រូវបានសម្លាប់នៅក្នុងការតវ៉ាទាំងនេះ។
ប្រទេសអ៊ីរ៉ង់គឺជាសមាជិកនៃអនុសញ្ញាស្ដីពីសិទ្ធិកុមារ ហើយអង្គការហូនីសេហ្វបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ថ្នាក់ដឹកនាំនៅក្នុងប្រទេសអ៊ីរ៉ង់មាន «កាតព្វកិច្ចនៅក្នុងការគោរព ការពារ និងធានានូវសិទ្ធិរបស់កុមារនៅក្នុងការរស់រានមានជីវិត ឯកជនភាព សេរីភាពនៃការគិត និងការជួបជុំដោយសន្តិវិធី»។
អង្គការយូនីសេហ្វ ដែលជាអង្គការទទួលបានពានរង្វាន់ណូបែលសន្តិភាព បានជំរុញប្រទេសអ៊ីរ៉ង់ «ឱ្យគោរពសិទ្ធិរបស់កុមារទាំងអស់នៅក្នុងការជួបជុំដោយសន្តិវិធីជាការធានាជាមូលដ្ឋានមួយ មិនថាកុមារទាំងនោះជានរណាឬក៏នៅទីណានោះទេ។ ...កុមារនិងក្មេងជំទង់ត្រូវតែទទួលបានការការពារពីគ្រប់ទម្រង់ទាំងអស់នៃភាពឈឺចាប់ដែលប៉ះពាល់មិនត្រឹមតែដល់អាយុជីវិតនិងសេរីភាពរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់សុខភាពផ្លូវចិត្តនិងសុខភាពរាងកាយរបស់ពួកគេទៀតផង»។
អង្គការនេះបានបន្ថែមថា៖ «ប្រទេសអ៊ីរ៉ង់មានសំណាងដែលមានប្រជាពលរដ្ឋវ័យក្មេងជាកុមារនិងក្មេងជំទង់ដែលជាធនធានដ៏អស្ចារ្យសម្រាប់ប្រទេសទាំងពេលបច្ចុប្បន្ននិងពេលអនាគត។ តម្រូវការ សេចក្ដីប្រាថ្នា និងសុខមាលភាពរបស់ពួកគេត្រូវតែជាអាទិភាពនៅគ្រប់ស្ថានការណ៍ទាំងអស់»៕