ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​ត្រូវ​បាន​បោះឆ្នោត​ដក​ចេញ​ពី​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​​បញ្ហា​ស្ត្រី


ប្រទេស​ផ្សេងៗ​បាន​បោះឆ្នោត​ដក​ប្រទេស​អ៊ីរ៉ង់​ចេញ​ពី​ស្ថាប័ន​ទទួល​បន្ទុក​ខាង​បញ្ហា​ស្រ្តី​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង New York សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២។
ប្រទេស​ផ្សេងៗ​បាន​បោះឆ្នោត​ដក​ប្រទេស​អ៊ីរ៉ង់​ចេញ​ពី​ស្ថាប័ន​ទទួល​បន្ទុក​ខាង​បញ្ហា​ស្រ្តី​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង New York សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២។

ប្រទេស​អ៊ីរ៉ង់ ត្រូវ​បាន​បោះឆ្នោត​ដក​ចេញ​ពី​ស្ថាប័ន​ទទួល​បន្ទុក​ខាង​បញ្ហា​ស្រ្តី​របស់​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ ដោយសារ​ការ​បន្ត​បង្រ្កាបបាតុកម្ម​ដោយ​សន្តិវិធី​និង​គោលនយោបាយ​រើសអើង​និង​គាបសង្កត់​នៃ​ប្រទេស​នេះ​ចំពោះ​ស្ត្រី​និង​កុមារី។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ អ្នក​ស្រី Linda Thomas-Greenfield​បាន​និយាយ​អំពី​នារី​អ៊ីរ៉ង់​វ័យ​២២​ឆ្នាំ​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ប៉ូលិស​សីលធម៌​នៅ​ប្រទេស​អ៊ីរ៉ង់​ហើយ​ការ​ស្លាប់​ស្រ្តី​រូប​នេះក្នុង​ពេល​ឃុំ​ខ្លួន​កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា បាន​ញ៉ាំង​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​រាប់​ខែ។

អ្នក​ស្រី Linda Thomas-Greenfield និយាយ​ថា៖ «នាងMahsa Amini គ្រាន់តែ​ចង់​រៀន​ឲ្យ​ចប់។ នាង​ចង់​បង្កើត​គ្រួសារ​មួយ។ នាង​ចង់​រស់នៅ​ក្នុង​ជីវិត​មួយ​ដ៏​សាមញ្ញ​និង​រីករាយ។​នាង​គ្រាន់តែ​ជា​និស្សិត​ម្នាក់ ប៉ុន្តែ​ឥឡូវ នាង​បាន​ក្លាយ​ជា​វីរនារី​ហើយ​»។

អ្នក​ស្រី Linda​បន្ត​ថា៖ ​«យើង​ដឹង​ថា​នាង​ត្រូវ​បាន​សម្លាប់ដោយសារ​បទ​ឧក្រិដ្ឋ​ក្នុង​ភាព​ជា​ស្រ្តី​ភេទ»។
អ្នក​ស្រី Linda បាន​និយាយ​អំពី​នាង Amini​ បន្ថែម​ទៀត​ថា៖​ «វា​យូរ​និង​ញឹកញាប់​ពេក​ហើយ​ដែល​ការណ៍​នេះ​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ក្នុង​ប្រទេស​អ៊ីរ៉ង់»។

ក្នុង​ការ​បោះឆ្នោត​ដោយ​មាន​សំឡេង​២៩​គាំទ្រ ៨​ជំទាស់ និង​១៦​អនុប្បវាទ ក្រុមប្រឹក្សា​សង្គម​និង​សេដ្ឋកិច្ច​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​ប្រទេស​៥៤​ជា​សមាជិក បាន​ចាត់​វិធានការ​ដែល​មិន​ធ្លាប់​ធ្វើ​កន្លង​មក ក្នុង​ការ​ដក​ប្រទេស​អ៊ីរ៉ង់ចេញ​ភ្លាមៗមុន​ចប់​អាណត្តិពី​គណៈកម្មការ​ស្តីពី​ស្ថានភាព​ស្ត្រី។ ​អាណត្តិផ្លូវការ​របស់​អ៊ីរ៉ង់​ត្រូវ​ចប់នៅ​ឆ្នាំ២០២៦។

គណៈកម្មការ​នេះ​ ជួប​ប្រជុំ​គ្នា​រយ:ពេល​២​សប្តាហ៍​នៅ​រៀងរាល់​ខែ​មីនា ដើម្បី​ពិភាក្សា​បញ្ហា​នានា​ទាក់ទង​នឹង​ការ​ផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​និង​ការ​សម្រេច​ឲ្យ​បាន​សមភាព​យេនឌ័រ។

គេ​ត្រូវ​ការ​ត្រឹម​តែ​សំឡេង​ភាគច្រើន​ដាច់​ខាត​ថា​ព្រម​ឬ​មិន​ព្រម​ប៉ុណ្ណោះ​ក្នុង​ការ​បោះឆ្នោត​លើ​សេចក្តី​សម្រេច​ចិត្ត​ដែល​ព្រាង​ដោយ​សហរដ្ឋ​អាមេរិក​នេះ។ សំឡេង​ឆ្នោត​អនុប្បវាទ អត់​បាន​ការ​ទេ។

មាន​បាតុករ​យ៉ាង​ហោច​ណាស់​៣៥០​នាក់​បាន​ស្លាប់​ក្នុង​ពេល​ធ្វើ​បាតុកម្ម​៣​ខែ ក្នុង​នោះ​រួម​ទាំង​កុមារ​៦០​នាក់​ផង។ បាតុករ​១៤​០០០នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន។ បាតុករ​ជា​បុរស​២​នាក់ ត្រូវ​បានប្រហារ​ជីវិត​ក្នុង​ខែ​នេះ។

ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​និយាយ​ថា​គំនិត​ផ្តួចផ្តើម​របស់​សហរដ្ឋ​អាមេរិក​នេះ ​មាន​ចរិត​នយោបាយ​ហើយ​ថា​ការ​ចោទប្រកាន់​នានា​គឺ​ផ្អែក​លើ«ការ​អះអាង​ដែល​គ្មាន​មូលដ្ឋាន​និង​ទឡ្ហីករណ៍​ប្រឌិត»៕

XS
SM
MD
LG