ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

​អាមេរិក​ប្រុងប្រៀប​ផ្តល់​ជំនួយ​យោធា​​កាន់​តែ​ច្រើន​ ខណៈ​អ៊ុយក្រែន​បន្ត​អំពាវនាវ​សុំ​ជំនួយ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ​ថ្លែង​ទៅកាន់​ពួក​អ្នក​យក​ព័ត៌មាន​មុនពេល​លោក​​ឡើង​ជិះ​យន្តហោះ Air Force One នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ Des Moines រដ្ឋ Iowa ដើម្បី​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២២។ (AP)

សហរដ្ឋ​អាមេរិក​ត្រូវ​គេ​រំពឹង​ថា នឹង​ប្រកាស​នៅពេល​ឆាប់ៗ​នេះ​នូវ​ទឹក​ប្រាក់​រហូត​ដល់​៧៥០ លាន​ដុល្លារ​ដែល​ជា​ជំនួយ​សន្តិសុខ​បន្ថែម​ដល់​ប្រទេស​អ៊ុយក្រែន​ នៅពេល​ដែល​មេដឹកនាំ​អ៊ុយក្រែន​លោក Volodymyr Zelenskyy អំពាវនាវ​សុំ​ជំនួយ​កាន់តែ​ច្រើន​ឡើងទៀត​ ដើម្បី​វាយបក​ប្រឆាំង​នឹងកងកម្លាំង​រុស្ស៊ី។

ជំនួយ​ការ​ជាន់​ខ្ពស់ម្នាក់​នៃ​សភា​សហរដ្ឋអាមេរិក​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ខណៈដែល​កញ្ចប់​ជំនួយ​ចុងក្រោយ​ស្ថិត​នៅ​ក្នុង​ការពិភាក្សា​នៅឡើយ កញ្ចប់​ជំនួយ​នេះ​ទំនង​រួមបញ្ចូល​ទាំង​ប្រព័ន្ធ​កាំភ្លើង​ធំ និង​កាំភ្លើង​បាញ់​ផ្លោង​ផងដែរ។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​និយាយ​ថា កងទ័ព​អ៊ុយក្រែន​បាន​ទទួល​យន្តហោះដ្រូន Switchblade ដែល​បំពាក់​ក្បាល​គ្រាប់​សម្រាប់​កម្ទេចរថក្រោះ​ចំនួន​ ១០០ គ្រឿង ដែល​ត្រូវ​បាន​សន្យា​ជាផ្នែក​មួយ​នៃ​កញ្ចប់​ជំនួយ​សន្តិសុខ​ចំនួន​៣០០​លាន​ដុល្លារ​កាល​ពី​ដំបូង​មក។

យន្តហោះ​ដ្រូន​ដែល​នៅ​សេសសល់​ផ្សេង​ទៀត ត្រូវ​គេ​រំពឹង​ថា​នឹង​ទៅ​ដល់​ប្រទេស​អ៊ុយក្រែន​នៅ​សប្តាហ៍​ក្រោយ ហើយ​ការ​បន្ថែម​កាំជ្រួច​មីស៊ីល Javelin ប្រឆាំង​រថក្រោះ​ក៏​នឹង​ទៅដល់​សប្តាហ៍​ក្រោយ​នេះ​ផងដែរ។

សេតវិមានបាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​បញ្ជាក់​នូវ​ការតាំងចិត្ត​របស់​ខ្លួន ​ដើម្បី​បន្ត​ផ្តល់​ជំនួយ​សន្តិសុខ​និង​មនុស្សធម៌​ដល់​អ៊ុយក្រែន ​នៅ​ក្នុង​ការប្រឈម​ភាព​ព្រៃផ្សៃ​ដែល​កំពុង​បន្ត​កើតមាន​ឡើង​ពី​សំណាក់រុស្ស៊ី។

លោក​ប្រធានាធិបតី Biden ក៏​បាន​បង្កើន​វោហាសាស្ត្រ​ប្រឆាំង​នឹង​រុស្ស៊ី​ ដោយ​បាន​ចោទ​ប្រកាន់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ពី​ការ​បង្កើតឲ្យ​មាន​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ក្រោយមកបាន​ការពារ​ការ​សម្រេចចិត្ត​របស់​លោក​ ក្នុង​ការហៅ​សកម្មភាព​របស់​រុស្ស៊ី​ ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍​ ខណៈ​ពេល​ដែល​ថ្លែង​ទៅកាន់​ពួក​អ្នក​យក​ព័ត៌មាន​មុនពេល​ឡើង​ជិះ​យន្តហោះ Air Force One ។

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ហៅសកម្មភាព​នោះ​ ​ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍​ ពីព្រោះ​វា​បាន​បញ្ជាក់​កាន់តែ​ច្បាស់​ឡើង​ថា លោក Putin កំពុង​ព្យាយាម​បោសសម្អាត​ជនជាតិ​អ៊ុយក្រែន ហើយ​ភ័ស្តុតាង​កំពុង​មាន​កាន់តែ​ច្រើន​ឡើង»។

លោក Biden បាន​រិះគន់​លោក Putin ម្តងហើយ​ម្តង​ទៀត ដោយ​បាន​ហៅ​លោក Putin ជា​សាធារណៈ​ថា «ឧក្រិដ្ឋជន​សង្គ្រាម» ហើយ​បាន​ទាមទារ​ឲ្យ​លោក Putin ឡើង​តុលាការ​បន្ទាប់ពី​មាន​ភ័ស្តុតាង​នៃ​អំពើ​ព្រៃផ្សៃ​ ដែល​ត្រូវ​បាន​គេ​រកឃើញ​នៅ​ក្នុង​ទីក្រុង Bucha ដែល​ស្ថិត​នៅ​ក្បែរ​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែនមក៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់ពី​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters។

XS
SM
MD
LG