ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ថា សាកសព​មនុស្ស​ប្រមាណ​១.២០០នាក់​ ត្រូវ​បាន​រកឃើញ​​នៅ​ជិត​​រដ្ឋធានី​កៀវ


ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen និង​គណៈប្រតិភូ​ឈរ​នៅ​ក្បែរ​រណ្តៅ​សាកសព​មួយ​កន្លែង​​​ក្នុង​ពេល​ទៅ​ទស្សនា​ទី​ក្រុង Bucha ជាយ​រដ្ឋធានី​កៀវ​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ​២០២២។ (Reuters)

ប្រទេស​អ៊ុយក្រែន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អាទិត្យម្សិលមិញ​ថា ខ្លួន​បាន​រក​ឃើញ​សាកសព​មនុស្សប្រមាណជាង​១.២០០នាក់​នៅក្នុង​តំបន់​ទីក្រុង​កៀវ​ជា​ទីកន្លែង​ដែល​កងទ័ព​រុស្ស៊ី​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​សាហាវ​ព្រៃផ្សៃយង់ឃ្នងនៅក្នុង​អំឡុង​ពេល​នៃ​ការកាន់កាប់​នៅ​ទី​នោះ​កាល​ពី​ខែ​មុន ខណៈ​ពេល​ដែលពលរដ្ឋ​អ៊ុយក្រែន​ កំពុង​នាំគ្នា​សម្រុកចាកចេញ​ពី​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន​ មុន​ការវាយប្រហារដ៏​ខ្លាំង​មួយដែល​ត្រូវ​គេ​រំពឹងទុក​ពី​សំណាក់កងទ័ព​រុស៊្សី។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP ។

ការបាញ់​ផ្លោងយ៉ាង​ខ្លាំងបាន​កើត​មាន​ឡើង​នៅ​ចុង​សប្តាហ៍​នេះ ដែលបណ្តា​ឲ្យ​មាន​ជន​រងគ្រោះ​នឹង​អ្នក​ស្លាប់កើត​មាន​ឡើង​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ឈ្លាន​ពានរបស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន​ដែល​មាន​រយៈពេល​ជាង៦សប្តាហ៍​កន្លង​មក​នេះ។

ការបាញ់​ផ្លោង​នោះ បាន​សម្លាប់​មនុស្ស​២នាក់នៅ​ក្នុង​ទីក្រុង Kharkiv ភាគ​ឦសាន្ត​កាល​ពីព្រឹក​ថ្ងៃ​អាទិត្យ​ដែល​ជា​ទីក្រុង​ធំបង្អស់​ទី២​របស់​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យដឹង​របស់អភិបាលតំបន់​លោក Oleg Sinegoubov គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​អាជ្ញាធរ​និយាយ​ថា ជន​ស៊ីវិល​ចំនួន​១០នាក់​ដែល​រួមមាន​កុមារ​ម្នាក់ផង​ដែរ​ បាន​ស្លាប់ដោយសារ​គ្រាប់​ផ្លោង​របស់​រុស្ស៊ីនៅភាគអាគ្នេយ៍​នៃ​ទីក្រុង​នេះ។ លោកបាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញTelegramថា «កង​កម្លាំង​រុស្ស៊ី បាន​បន្តការធ្វើ​សង្គ្រាម​ទៅ​លើ​ជន​ស៊ីវិល​ ដោយ​សារតែ​ខ្លួន​ពុំ​បាន​ទទួល​ជោគជ័យ​នៅ​លើ​សមរភូមិ​ជួរ​មុខ»។
ដោយ​ឡែក​នៅ​ក្នុង​ទីក្រុងDniproដែល​ជា​ទីក្រុង​ឧស្សហកម្ម​ដ៏​ធំ​និង​មាន​ប្រជាជន​រស់​នៅ​ប្រមាណ​១​លាននាក់​នោះ គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​ជា​ច្រើន​គ្រាប់​ បាន​បំផ្លាញ​ព្រលាន​យន្តហោះ​ក្នុងទីក្រុង​នោះ​ស្ទើរ​ទាំង​ស្រុង​ ដោយ​បណ្តាលឲ្យ​មាន​ជន​រង​គ្រោះ​និងអ្នក​បាត់បង់​ជីវិត​មួយ​ចំនួន។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​ក្រុម​អាជ្ញាធរ​អ៊ុយ​ក្រែន។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky បាន​ថ្កោលទោស​ទៅ​លើអំពើផ្សៃ​ប្រឆាំង​នឹង​ជន​ស៊ីវិល ហើយ​បន្ទាប់​ពី​បាន​ជួប​ជាមួយ​អធិការបតី​អាល្លឺម៉ង់​លោកOlaf Scholz រួច​មក មេដឹកនាំ​ទាំង២បាន​យល់ស្រប​គ្នា​ថា អ្នក​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ត្រូវ​តែ​រក​ឲ្យ​ឃើញ​និងត្រូវ​ទទួល​ទណ្ឌកម្ម។

អគ្គរដ្ឋអាជ្ញារ​អ៊ុយក្រែន​លោក​ស្រី Iryna Venediktova បាន​និយាយ​ថា អ៊ុយក្រែន កំពុង​ពិនិត្យ​មើលលើ​អ្នក​ពាក់ព័ន្ធមន្ត្រី​រុស្ស៊ី​ប្រមាណ​៥០០នាក់​ដែល​ក្នុង​នោះ​ក៏​មាន​ប្រធានាធិតី​រុស្ស៊ី​លោក Vladimir Putinផង​ដែរ​ដែលបាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​រាប់​ពាន់​ករណីនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

ទីប្រឹក្សា​សន្តិសុខ​ជាតិសេតវិមាន​លោក Jake Sullivan បាន​សន្យា​ថា សហរដ្ឋ​អាមេរិក នឹង​ធ្វើការ​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ធានាឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​ទៅ​លើ​អ្វី​ដែល​លោក​ហៅ​ថា ជាអំពើ​ព្រៃផ្សៃទៅ​លើ​មហាជន​នោះ។

នៅឯវិមាន​វ៉ាទីកង់​ឯណោះ​វិញ សម្តេចPope Francis បាន​អំពាវនាវឲ្យ​មាន​បទឈប់​បាញ់គ្នាមួយ​នៅក្នុងអំឡុង​ពេល​នៃ​ពិធី​បុណ្យ​ប៉ាប​ដើម្បី​ត្រួសត្រាយ​ផ្លូវឲ្យមាន​សន្តិភាព​និង​បាន​ថ្កោលទោស​ទៅ​លើ​សង្គ្រាម​ដែលជន​ស៊ីវិលដែលគ្មាន​អ្វី​ការពារ​ខ្លួន​នោះ​ បាន​ទទួល​រង​នូវ​ការ​ឈឺ ចាប់​ពី​ការកាប់​សម្លាប់​រង្គាលនិង​អំពើ​ព្រៃផ្សៃសាហាវ​យង់ឃ្នង។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Zelensky និយាយ​ថា ពលរដ្ឋ​អ៊ុយក្រែននៅ​តំបន់​ភាគខាង​កើត​ប្រទេស​នេះចំនួន​រាប់​ពាន់​នាក់កំពុង​រត់គេចពី​ផ្ទះ​សម្បែង​របស់​ពួក​គេ ខណៈកងកម្លាំង​អ៊ុយក្រែនកំពុង​ត្រៀម​ខ្លួនប្រយុទ្ធដ៏​សំខាន់ ប្រឆាំង​នឹងកងកម្លាំង​រុស្ស៊ី។

អង្គការ​សហប្រជាជាតិ បាន​និយាយនៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ខ្លួន​បាន​កត់ត្រា​ជន​រងគ្រោះប្រមាណ​៤.២៣២នាក់​ដែល​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​១.៧៩៣នាក់​និង​អ្នក​រង​របួស​ប្រមាណ​២.៤៣៩​នាក់៕

XS
SM
MD
LG