លោក Jim Risch និងលោក Marco Rubio សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកបានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា ពួកលោកបានចាប់ផ្តើមការខំប្រឹងប្រែងដើម្បីធ្វើឲ្យសេចក្តីព្រាងច្បាប់បានទទួលការអនុម័តឲ្យបានឆាប់រហ័សដែលនឹងតម្រូវឲ្យសហរដ្ឋអាមេរិកពិនិត្យមើលថា តើទីក្រុងហុងកុងគួរតែបន្តទទួលបានការធ្វើពាណិជ្ជកម្មពិសេសពីសហរដ្ឋអាមេរិកដែរឬទេ។
ច្បាប់នោះនឹងតម្រូវឲ្យរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបញ្ជាក់យ៉ាងហោចណាស់មួយឆ្នាំម្តងថា ទីក្រុងហុងកុង មានស្វ័យភាពគ្រប់គ្រាន់ដើម្បីបន្តបានការធ្វើពាណិជ្ជ កម្មពិសេសជាមួយសហរដ្ឋអាមេរិក។
ការអនុម័តសេចក្តីព្រាងច្បាប់ដែលក៏នឹងអនុញ្ញាតឲ្យដាក់ទណ្ឌកម្មប្រឆាំងនឹងពួកមន្រ្តីដែលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សក្នុងក្រុងហុងកុង នឹងផ្តល់អត្ថប្រយោជន៍ដល់ពួកបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងនោះ។
លោក Risch និងលោក Rubio សង្ឃឹមថានឹងទទួលបានការអនុម័តដ៏ឆាប់រហ័សពីព្រឹទ្ធ សភាអំពីច្បាប់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យក្រុងហុងកុងដោយសំឡេងឆ្នោតតែមួយ។
ពួកសមាជិកសភានឹងធ្វើការងារមុនដំបូងអំពីការខ្វែងគំនិតគ្នារវាងសភាតំណាងរាស្រ្តនិង ព្រឹទ្ធសភាអំពីការបកស្រាយនៃសេចក្តីព្រាងច្បាប់នោះមុនត្រូវបញ្ជូនទៅឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីចុះហត្ថលេខាឲ្យក្លាយទៅជាច្បាប់ឬក៏វ៉េតូច្បាប់នោះ។
ការប្រកាសកាលពីថ្ងៃព្រហស្បតិ៍របស់សមាជិកសភា បានកើតមានឡើងនៅពេលដែលពួកបាតុករ បានធ្វើឲ្យជាប់គាំងផ្នែកនានានៃទីក្រុងដែលកាន់កាប់ដោយចិនបួនថ្ងៃជាប់ៗគ្នាបន្ទាប់ពីបាតុកម្មអស់រយៈពេលជាច្រើនខែ៕