ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​អន្តោប្រវេសន៍​នៅ​ហុងកុង​រុញរា​មិន​ហ៊ាន​ចូលរួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល


ក្រុម​បាតុករ​គ្រវី​ទង់ជាតិ​អង់គ្លេស នៅ​ក្នុង​ការ​ប្រមូលផ្តុំ​មួយ​នៅ​ខាង​ក្រៅ​ស្ថានកុងស៊ុល​អង់គ្លេស​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។
ក្រុម​បាតុករ​គ្រវី​ទង់ជាតិ​អង់គ្លេស នៅ​ក្នុង​ការ​ប្រមូលផ្តុំ​មួយ​នៅ​ខាង​ក្រៅ​ស្ថានកុងស៊ុល​អង់គ្លេស​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។

ពលរដ្ឋ​ក្នុង​ទីក្រុង​ហុងកុង​ដែល​មិន​មែន​ជា​ជនជាតិ​ចិន​ចំនួន ៥ សែន ៨ ម៉ឺន​នាក់ ដែល​ភាគ​ច្រើន​បាន​រស់នៅ​ក្នុង​ទីក្រុង​នេះ​អស់​រយៈពេល​ជា​ច្រើន​ជំនាន់​មក​ហើយ ហាក់​រក្សា​ភាព​ស្ងៀមស្ងាត់​ទាក់ទិន​នឹង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ។

បន្តិច​ម្តងៗ ពួកគេ​បាន​សម្រេច​ចិត្ត​យ៉ាង​ច្បាស់ ដោយ​ភាគច្រើន​គាំទ្រ​បាតុកម្ម ប៉ុន្តែ​អ្នក​ខ្លះ​និយាយ​ថា ពួកគេ​មាន​អារម្មណ៍​មិន​ពេញ​ចិត្ត​ចំពោះ​រឿង​នេះ និង​ចង់​ឲ្យ​ទីក្រុង​ហុងកុង ដែល​ជា​មាតុភូមិ​ទី​ពីរ​របស់​ពួកគេ​ត្រឡប់​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ។ មនុស្ស​ស្ទើរ​តែ​ទាំង​អស់​និយាយ​ថា ពួកគេ​មិន​ចង់​ពាក់ព័ន្ធ​នឹង​បាតុកម្ម​នោះ​ទេ ដោយសារ​តែ​ពួកគេ​ខ្លាច​ត្រូវ​គេ​ចាប់​ខ្លួន និង​ត្រូវ​គេ​បញ្ជូន​ចេញ​ពី​ទីក្រុង​ហុងកុង។

លោក Prabhu Singh បាន​មក​រស់នៅ​ក្នុង​ទីក្រុង​ហុងកុង​អស់​រយៈពេល ២៥ ឆ្នាំ​មក​ហើយ ដោយ​លក់​បង្អែម​ឥណ្ឌា និង​តែ​ទឹកដោះ​គោ នៅ​ហាង​តូច​មួយ​ក្នុង​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​អ្នក​រកស៊ី​ជា​ជនជាតិ​អាស៊ី​ផ្សេង​ទៀត។

ស្ទើរ​តែ​រៀងរាល់​ចុង​សប្តាហ៍​ក្នុង​រយៈពេល ៤ ខែ​ចុងក្រោយ​នេះ ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​ស្ទះ​ផ្លូវ​នៅ​មុខ​ហាង​របស់​លោក ហើយ​នា​ពេល​ថ្មីៗ​នេះ ប៉ូលិស​បាន​ប្រើ​កាណុង​ទឹក​បាញ់​ដាក់​ព្រះវិហារ​ឥស្លាម​នៅ​ក្បែរ​នោះ ដែល​ជា​កន្លែង​ដែល​សហគមន៍​ពលរដ្ឋ​អាស៊ី​ខាង​ត្បូង​តែងតែ​ទៅ។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មេដឹកនាំ​ទីក្រុង​ហុងកុង​ធ្វើ​ការ​សុំទោស​ដល់​សហគមន៍​នេះ ដែល​ពួកគេ​ភាគច្រើន​បាន​រស់នៅ​ទីនេះ​អស់​ជាច្រើន​ជំនាន់​មក​ហើយ។

លោក Singh និយាយ​ថា ការ​រស់​នៅ​ទីនេះ​មិន​សូវ​ស្រួល​ទេ​ឥឡូវ​នេះ។ លោក​ជា​អ្នក​ស្រុក​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្រុក ៨ ភាគរយ​ក្នុង​ទីក្រុង​ហុងកុង ដែល​មិន​មែន​ជា​ជនជាតិ​ចិន។ ដូច្នេះ​ពួកគេ​មិន​មាន​សិទ្ធិ​ទាំង​អស់​ដូច​ពលរដ្ឋ​ហុងកុង​ដែល​ជា​ជនជាតិ​ចិន​នោះ​ទេ ទោះ​បី​ជា​ពួកគេ​កើត​នៅ​ទីនេះ ឬ​រស់នៅ​ទីនេះ​អស់​រយៈពេល​យ៉ាង​យូរ​ប៉ុណ្ណា​ក៏​ដោយ។

ករណី​នេះ​បាន​ធ្វើ​ឲ្យ​លោក និង​អ្នក​ធ្វើ​អាជីវកម្ម​ដទៃ​ទៀត​ដូច​រូប​លោក មិន​ចង់​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ដ៏​ធំ​បំផុត ដែល​ទីក្រុង​ហុងកុង​មិន​ដែល​ជួប​ប្រទះ​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លង​មក​នេះ។ ជនអន្តោប្រវេសន៍​នៅ​ក្នុង​ទីក្រុង​នេះ ដែល​ភាគច្រើន​មក​ពី​ប្រទេស​ហ្វីលីពីន ឥណ្ឌូណេស៊ី ឥណ្ឌា និង​ប៉ាគីស្ថាន នឹង​បញ្ជាក់​ដោយ​មិន​បង្អែបង្អង់​យូរ​ថា លក្ខខណ្ឌ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី​របស់​ទីក្រុង​ហុងកុង​គឺ​ជា​អ្វី​ដែល​ជំរុញ​ឲ្យ​ពួកគេ​មក​ធ្វើ​ការ​នៅ​ទីនេះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី មាន​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​មាន​ឆន្ទៈ​ពិភាក្សា​អំពី​នយោបាយ​ដោយ​បើក​ចំហ។ មនុស្ស​ភាគច្រើន​បាន​ប្រាប់ VOA ដោយ​មិន​បង្ហាញ​មុខ និង​ឈ្មោះ​ថា ជា​ស្មារតី ពួកគេ​គាំទ្រ​ការ​តវ៉ា​នេះ ប៉ុន្តែ​មិន​អាច​ចូលរួម​បាន​នោះ​ទេ ដោយសារ​តែ​ក្នុង​នាម​ជា​ជន​អន្តោប្រវេសន៍ ប្រសិន​បើ​ត្រូវ​បាន​គេ​ចាប់​ខ្លួន ពួកគេ​អាច​ត្រូវ​អាជ្ញាធរ​បញ្ជូន​ចេញ​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​ភ្លាមៗ។

លោក Singh ក៏​មាន​ការ​ប្រុងប្រយ័ត្ន​ជាមួយ​នឹង​អ្វី​ដែល​លោក​និយាយ​ផង​ដែរ។

លោក Singh និយាយ​ថា «ខ្ញុំ​គិត​ថា ការ​តវ៉ា​ទាំង​នោះ​គឺ​ដើម្បី​ភាព​ល្អ​ប្រសើរ​របស់​ទីក្រុង​ហុងកុង។ ពួកគេ​ទាមទារ​ចំណុច​មួយ​ចំនួន ហើយ​រដ្ឋាភិបាល​មិន​យល់​ព្រម​ជាមួយ​នឹង​ការ​ទាមទារ​របស់​ពួកគេ»។

ករណី​នេះ​គឺ​ផ្ទុយ​ស្រឡះ​ទៅ​នឹង​អ្នក​ទេសចរ​បរទេស​មួយ​ចំនួន​ដែល​បាន​ចូលរួម​ក្នុង​បាតុកម្ម​យ៉ាង​សប្បាយ​ចិត្ត។ បាតុករ​បាន​ជំរុញ​ឲ្យ​អន្តរជាតិ​ជួយ ដោយ​បាន​គ្រវី​ទង់ជាតិ​សហរដ្ឋ​អាមេរិក និង​ទង់ជាតិ​អង់គ្លេស នៅ​ក្នុង​ពេល​ធ្វើ​បាតុកម្ម។ និស្សិត​អាមេរិកាំង​ម្នាក់​ឈ្មោះ Jose Fernandez និយាយ​ថា លោក​គិត​ថា លោក​ត្រូវតែ​ចូលរួម​ក្នុង​ការ​តវ៉ា ដោយសារ​តែ​នេះ​ជា​ការ​ប្រយុទ្ធ​ដើម្បី​មនុស្ស​គ្រប់​គ្នា។

លោក Jose Fernandez និយាយ​ថា៖ «ខ្ញុំ​មិន​មាន​គ្រួសារ​នៅ​ហុងកុង​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​ប្រយុទ្ធ​ដើម្បី​សេរីភាព មិន​ថា​ដើម្បី​អ្នក​ណា​នោះ​ទេ»។

វា​ជា​រឿង​ពិបាក​សម្រាប់​ពលរដ្ឋ​ដែល​រស់នៅ​ទី​នោះ​អស់រយៈ​ជាយូរ។ ពលរដ្ឋ​ហ្វីលីពីន​មាន​ចំនួន ១ ភាគ ៣ នៃ​ជន​អន្តោប្រវេសន៍​ទាំង​អស់​នៅ​ក្នុង​ទីក្រុង​ហុងកុង ដែល​ភាគច្រើន​ធ្វើ​ជា​អ្នក​បម្រើ​តាម​ផ្ទះ។ អ្នក​បម្រើ​តាម​ផ្ទះ​ភាគច្រើន​ដូចជា​នាង Amy Arellano ជា​ដើម បាន​និយាយ​ថា ការ​តវ៉ា​នេះ​មាន​ការ​រំខាន ដោយសារ​តែ​វា​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ធ្វើ​ដំណើរ​សាធារណៈ​បិទ​ដំណើរការ។

នាង Amy Arellano និយាយ​ថា៖ «ខ្ញុំ​មិន​ចូលរួម​ការ​តវ៉ា​ទេ។ យើង​គ្រាន់​តែ​ស្តាប់​ព័ត៌មាន​ដើម្បី​ដឹង​ថា​មាន​អ្វី​កើត​ឡើង​នៅ​ខាង​ក្រៅ​តែ​ប៉ុណ្ណោះ។ យើង​មិន​អាច​ចូលរួម​បាន​ទេ។ ជនជាតិ​ហ្វីលីពីន​មិន​ចូលរួម​ធ្វើ​បែប​នេះ​ទេ ដោយសារ​តែ​វា​បង្ក​បញ្ហា​ដល់​យើង។ យើង​មិន​មែន​ជា​ពលរដ្ឋ​នៅ​ទីនេះ​នោះ​ទេ។ យើង​គ្រាន់តែ​ជា​ជន​បរទេស​នៅ​ក្នុង​ទីក្រុង​ហុងកុង​តែ​ប៉ុណ្ណោះ»។

នាង Nuki ជា​ជនជាតិ​ឥណ្ឌូណេស៊ី និង​បាន​រស់នៅ​ក្នុង​ទីក្រុង​ហុងកុង​អស់​រយៈពេល ១១ ឆ្នាំ មក​ហើយ ដោយ​ធ្វើ​ការ​ជា​អ្នក​បម្រើ​តាម​ផ្ទះ។

នាង Nuki និយាយ​ថា៖ «យើង​សង្ឃឹម​ថា ទីក្រុង​ហុងកុង​នឹង​មាន​សន្តិភាព​ដូច​មុន។ ខ្ញុំ​ស្រឡាញ់​ហុងកុង។ យើង​ស្រឡាញ់​ហុងកុង»។

ប៉ុន្តែ​ពលរដ្ឋ​ហុងកុង​ដែល​ជា​ជានជាតិ​ចិន​និយាយ​ថា ពួកគេ​យល់​ពី​ស្ថានភាព​លំបាក​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​នេះ។ កាលពី​ពេល​ថ្មីៗ​នេះ បន្ទាប់​ពី​មាន​ហេតុការណ៍​កើត​ឡើង​នៅ​ព្រះវិហារ​ឥស្លាម​មក ពួកគេ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្បែរ​តំបន់ Chungking Mansions ដែល​ជា​តំបន់​សំបូរ​ជន​អន្តោប្រវេសន៍​រស់នៅ ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ពួកគេ​ដល់​ជន​អន្តោប្រវេសន៍៕

XS
SM
MD
LG