ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេតុ​អ្វី​ពី​ដំបូង​តៃវ៉ាន់​ចង់​កាត់ទោស​ជនសង្ស័យ​ជា​ឃាតក ប៉ុន្តែ​ក្រោយ​មក​បដិសេធ​មិន​ទទួល​យក​ជនសង្ស័យ​មក​កាត់​ទោស​វិញ?


លោក Chan Tong-kai (រូប​ឆ្វេង) និយាយ​ទៅ​កាន់​សារព័ត៌មាន នៅ​ពេល​លោក​ត្រូវ​បាន​គេ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។
លោក Chan Tong-kai (រូប​ឆ្វេង) និយាយ​ទៅ​កាន់​សារព័ត៌មាន នៅ​ពេល​លោក​ត្រូវ​បាន​គេ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។

អ្នក​វិភាគ​មួយ​ចំនួន​ជឿ​ថា ការ​ទទួល​ការ​បញ្ជូន​ជន​សង្ស័យ​ពី​ប្រទេស​ចិន​អាច​បង្កប់​ន័យ​ថា ចិន​អាច​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ដែនដី​មួយ​របស់​ខ្លួន ហើយ​ចិន​មិន​ចាំបាច់​មាន​កិច្ចព្រមព្រៀង​បត្យាប័ន​ដែល​ជា​ពិធីការ​ទូទៅ​សម្រាប់​ប្រទេស​ពីរ​នោះ​ទេ។

កាលពី​១០ខែ​មុន កោះ​តៃវ៉ាន់​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក Chan Tong-kai វ័យ​២០ឆ្នាំ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ពី​ការ​ធ្វើ​ឃាត​មិត្តភក្តិ​របស់​លោក​ដែល​កំពុង​តែ​មាន​ផ្ទៃពោះ ដោយ​ការ​ច្របាច់ក នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​មក​ពី​ហុងកុង​ដើម្បី​ដើរ​លេង​នៅ​កោះតៃវ៉ាន់។ ប៉ុន្តែកាល​ពី​ពាក់​កណ្តាល​ខែ​តុលា ​នៅ​ពេល​លោក Chan​ ត្រៀម​ខ្លួន​ត្រឡប់​ពី​ហុងកុង​វិញ​ដើម្បី​ទទួល​ទោស រដ្ឋាភិបាល​តៃវ៉ាន់​និយាយ​ថា ខ្លួន​មិន​អាច​អនុញ្ញាត​ឲ្យ​លោក​ចូល​មក​តៃវ៉ាន់​ទេ។

ការណ៍​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំងផ្នែក​នយោបាយ​រវាង​តៃវ៉ាន់ និង​ចិន​ដី​គោក​ដែល​ត្រួតត្រា​ហុងកុង។ ភាគី​ទាំង​ពីរ​មាន​ទំនាក់ទំនង​រកាំរកូស​អស់​៧ទសវត្សរ៍​មក​ហើយ ដែល​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​សហការ​លើ​បញ្ហា​នានា រួម​ទាំង​ការ​បង្ក្រាប​បទល្មើស​ផង​ដែរ។ ប្រទេស​ចិន​បាន​កាត់​ផ្តាច់​ការ​ចរចា​ផ្លូវការ​នៅ​ក្នុង​ឆ្នាំ២០១៦ ជាមួយ​រដ្ឋាភិបាល​តៃវ៉ាន់​ក្រោម​ការ​ដឹកនាំ​របស់​អ្នកស្រី​ប្រធានាធិបតី Tsai Ing-wen។

ហុងកុង និង​តៃវ៉ាន់​មិន​មាន​កិច្ចព្រមព្រៀង​បត្យាប័ន​ដែល​ផ្តល់​ក្របខណ្ឌ​ឲ្យ​អាជ្ញាធរ​តៃវ៉ាន់​ទទួល​យក​ការ​បញ្ចូន​ខ្លួន​លោក Chan មក​តៃវ៉ាន់​នោះ​ទេ។ ជនសង្ស័យ​រូប​នេះ​បាន​ចាកចេញ​ពី​កោះ​តៃវ៉ាន់​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​បាន​សម្លាប់​មិត្តភក្តិ​របស់​លោក​ដែល​មាន​ឈ្មោះ​ថា Poon Hiu-wing វ័យ​២១ឆ្នាំ នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ២០១៨។ ប៉ូលិស​តៃវ៉ាន់​មិន​ដែល​ចាប់​ខ្លួន​ជន​សង្ស័យ​នោះ​ទេ ទោះ​ណា​ប៉ូលិស​មាន​សំណុំ​រឿង​ដែល​មាន​ភស្តុតាង​ច្បាស់ៗ​ចាប់​ផ្តើម​ពី​ក្នុង​បន្ទប់​សណ្ឋាគារ​នៅ​កោះ​តៃវ៉ាន់​ក្តី។

អ្នក​វិភាគ​មួយ​ចំនួន​ជឿ​ថា ការ​ទទួល​ការ​បញ្ជូន​ជន​សង្ស័យ​ពី​ប្រទេស​ចិន​អាច​បង្កប់​ន័យ​ថា ចិន​អាច​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ដែនដី​មួយ​របស់​ខ្លួន ហើយ​ចិន​មិន​ចាំបាច់​មាន​កិច្ចព្រមព្រៀង​បត្យាប័ន​ដែល​ជា​ពិធីការ​ទូទៅ​សម្រាប់​ប្រទេស​ពីរ​នោះ​ទេ។

លោក Michael Tsai ប្រធាន​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​ការ​ការពារ​តៃវ៉ាន់​ និង​យុទ្ធសាស្ត្រ នៅ​កោះ​តៃវ៉ាន់​និយាយ​ថា «រដ្ឋាភិបាល​របស់​អ្នកស្រី Tsai Ing-wen ខ្លាច​ថា ប្រសិន​បើ​យើង​ទទួល​យក​លោក Chan មក​កោះ​តៃវ៉ាន់​វិញ យើង​អាច​នឹង​ធ្លាក់​ចូល​អន្ទាក់​ច្បាប់​ចិន​ដី​គោក»។

ចិន​ចាត់​ទុក​កោះ​តៃវ៉ាន់​ដែល​មាន​ស្វ័យភាព​ក្នុង​ការ​ដឹកនាំ​ថា​ជា​ដែនដី​របស់​ខ្លួន ប៉ុន្តែ​រដ្ឋាភិបាល​តៃវ៉ាន់​ និង​ពលរដ្ឋ​ភាគច្រើន​និយាយ​ថា ពួកគេ​ត្រូវ​ការ​ភាពស្វយ័ត។

រូបភាព​ឯកសារ៖ ក្រុម​បាតុករ​កាន់​បដា​តវ៉ា​នឹង​ច្បាប់​បត្យាប័ន​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ ក្រុម​បាតុករ​កាន់​បដា​តវ៉ា​នឹង​ច្បាប់​បត្យាប័ន​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។

កង្វះ​កិច្ចព្រមព្រៀង​បត្យាប័ន

ការ​ស្លាប់​របស់​ស្ត្រី​នោះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ដល់​មេដឹកនាំ​ហុងកុង​នៅ​ក្នុង​ខែ​កុម្ភៈ​នៅ​ឆ្នាំ​នេះ នៅ​ពេល​ដែល​មេដឹកនាំ​ហុងកុង​ស្នើ​ឲ្យ​មាន​ច្បាប់​បត្យាប័ន។ ការ​ស្នើ​ច្បាប់​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​តាំង​ពី​ខែ​មិថុនា ដោយសារ​តែ​ពលរដ្ឋ​ហុងកុង​ខ្លាច​ថា ជនសង្ស័យ​នៅ​ហុងកុង​អាច​ត្រូវ​បាន​គេ​ចាប់​បញ្ចូន​ទៅ​ចិន​ដី​គោក ទី​ដែល​ច្បាប់​មាន​ភាព​ឃោរឃៅ​ជាង និង​មាន​រួម​បញ្ចូល​បទឧក្រិដ្ឋ​នយោបាយ​ផង​ដែរ។ ហុងកុង​បាន​លុបចោល​ច្បាប់​បត្យាប័ន​ដែល​ស្នើ​ឡើង​នោះ​កាលពី​សប្តាហ៍​មុន។​

កោះ​តៃវ៉ាន់​បាន​ចេញ​ដីកា​ចាប់​ខ្លួន នៅ​មុន​ពេល​មាន​ការ​ស្នើ​ច្បាប់​បត្យាប័ន ឬ​បាតុកម្ម​កើត​ឡើង។

មេដឹកនាំ​តៃវ៉ាន់​បាន​បង្ហាញ​ការ​គាំទ្រ​ដល់​បាតុកម្ម​នៅ​ហុងកុង​ ខណៈ​ដែល​ចំនួន​បាតុករ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ហើយ​មូលហេតុ​នៃ​ការ​ធ្វើ​បាតុកម្ម​របស់​ពួកគេ​នាំ​ឲ្យ​មាន​ចលនា​កាន់​តែ​ធំ​មួយ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​ចិន។ ប្រទេស​កុំម្មុយនិស្ត​មួយ​នេះ​ចង់​ពង្រីក​ការ​គ្រប់គ្រងរយៈ​ពេល​២២​ឆ្នាំ​ដែល​ខ្លួន​បាន​ធ្វើ​ទៅ​លើ​ហុងកុង ចំពោះ​កោះ​តៃវ៉ាន់​ថែម​ទៀត។​

លោក Michael Tsai និយាយ​ថា ពលរដ្ឋ​ហុងកុង​អាច​នឹង «ប្រឆាំង» តៃវ៉ាន់​ប្រសិន​បើ​រដ្ឋាភិបាល​ទទួល​យក​លោក Chan ដើម្បី​កាត់​ទោស​នា​ពេល​ឥឡូវ​នេះ។ ការ​បញ្ចូន​លោក​មក​កោះ​តៃវ៉ាន់​អាច​មាន​ន័យ​ថា ពលរដ្ឋ​ហុងកុង​អាច​នឹង​ត្រូវ​បាន​កាត់​ទោស​នៅ​ក្រៅ​ប្រទេស អាច​ថា​កាត់​ទោស​នៅ​ចិន​ដី​គោក​នៅ​ថ្ងៃ​ណា​មួយ ដោយ​មិន​ចាំបាច់​មាន​ច្បាប់​បត្យាប័ន។

ក្រុមប្រឹក្សា​កិច្ចការ​ចិន​ដីគោក​របស់​រដ្ឋាភិបាល​តៃវ៉ាន់​និយាយ​ថា ខ្លួន​ចង់​ទទួល​កិច្ចសហការ​ពី​ហុងកុង​ច្រើន​ជាង​មុន​ទាក់ទង​នឹង​ករណី​ឃាតកម្ម​នេះ រួម​មាន​ការ​ថតចម្លង​សម្ភាសន៍​របស់​ប៉ូលិស​ជាមួយ​នឹង​លោក Chan និង​ការ​សារភាព​ណា​មួយ​របស់​លោក។ លោក Chan បាន​ជាប់​ពន្ធនាគារ​នៅ​ហុងកុង​ពី​បទ​លាង​លុយ​កខ្វក់ មិន​មែន​ពី​បទ​ឃាតកម្ម​នោះ​ទេ។ ឥឡូវ​នេះ​លោក​ត្រូវ​បាន​ដោះលែង​ហើយ។

ក្រុមប្រឹក្សា​នេះ​និយាយ​ថា «ក្នុង​រយៈពេល​ដោះស្រាយ​រឿងក្តី​នេះ រដ្ឋាភិបាល​ហុងកុង​ពី​ដំបូង​មាន​បំណង​បោះបង់​អំណាច​យុត្តាធិការ​របស់​ខ្លួន​ចោល ហើយ​ក្រោយ​មក​មិន​ខ្វាយខ្វល់​នឹង​សំណើ​របស់​យើង ទុក​ឲ្យ​ពេលវេលា​កន្លង​ផុត ហើយ​មិន​ព្រម​ប្រគល់​ជន​សង្ស័យ​មក​ឲ្យ​យើង​នោះ​ទេ»។

សារព័ត៌មាន Hong Kong Free Press បាន​រាយការណ៍​ថា លោក John Lee រដ្ឋមន្ត្រី​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ​របស់​ហុងកុង​បាន​ចោទប្រកាន់​តៃវ៉ាន់​ថា ព្យាយាម «បង្វែរ​ការ​ទទួល​ខុសត្រូវ» សម្រាប់​រឿងក្តី​នេះ​មក​ឲ្យ​ហុងកុង និង​ដាក់ «របាំង​មិន​ឲ្យ​មាន​ការ​ពិចារណា​តាម​ផ្នែក​នយោបាយ»។

លោក John Lee រដ្ឋមន្ត្រី​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ​របស់​ហុងកុង​ ប្រកាស​ពី​ការ​លុបចោល​ច្បាប់​បត្យាប័ន​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។
លោក John Lee រដ្ឋមន្ត្រី​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ​របស់​ហុងកុង​ ប្រកាស​ពី​ការ​លុបចោល​ច្បាប់​បត្យាប័ន​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។

ហានិភ័យ​នយោបាយ

អ្នកស្រី Tsai Ing-wen កំពុង​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី២ ហើយ​អ្នក​វិភាគ​និយាយ​ថា យុទ្ធនាការ​របស់​អ្នកស្រី​ដែល​ទំនង​នឹង​បញ្ចូល​ការ​ប្រឆាំង​ដាច់​ខាត​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​អ្នកស្រី​បដិសេធ​មិន​ទទួល​យក​ការ​បញ្ចូន​ខ្លួន​លោក Chan មក​កោះ​តៃវ៉ាន់​វិញ។ គូប្រកួតប្រជែង​របស់​អ្នកស្រី​ កំពុង​តស៊ូ​មតិ​ឲ្យ​មានចំណង​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រទេស​ចិន។

ចិន​បាន​អះអាង​ពី​អធិបតេយ្យភាព​លើ​តៃវ៉ាន់​តាំង​ពី​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ទសវត្សរ៍១៩៤០ នៅ​ពេល​ដែល​ក្រុម​ជាតិ​និយម​របស់​ ចៀង កាយចៀក​ (Chiang Kai-shek) រត់​ទៅ​កោះ​នេះ បន្ទាប់​ពី​ចាញ់​សង្គ្រាម​ជាមួយ​នឹង​ក្រុម​កុំម្មុយនិស្ត​ ម៉ៅ សេទុង។ ពលរដ្ឋ​តៃវ៉ាន់​ជាង​៨០​ភាគរយ​បាន​ប្រាប់​ការ​ស្ទង់មតិ​មួយ​របស់​រដ្ឋាភិបាល​ខ្លួន​កាល​ពី​ខែ​មករា​និង​មីនា​ថា ​ពួក​គេ​ប្រឆាំង​នឹង​ការ​បង្រួបបង្រួម​ដែនដីជាមួយ​ចិន​ដីគោក។

លោក Huang Kwei-bo ព្រឹទ្ធបុរសរង​នៃ​មហាវិទ្យាល័យ​កិច្ចការ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ National Chengchi University នៅ​ក្នុង​ក្រុង​តៃប៉ិ​និយាយ​ថា ពលរដ្ឋ​តៃវ៉ាន់​នៅ​ទីបញ្ចប់​នឹង​ឃើញ​ជន​សង្ស័យ​ត្រឡប់​មក​តៃវ៉ាន់​វិញថា​ជា​សំណុំរឿង​ផ្លូវ​ច្បាប់ ជាជាង​រឿង​នយោបាយ។ លោក​បន្ថែម​ថា ឥឡូវ​នេះ​ពួកគេ​មើល​ឃើញ​ថា វា​ជា​រឿង​នយោបាយ។

លោក Huang និយាយ​ថា «យើង​បាន​ចេញ​ដីកា​ចាប់​ខ្លួន​រួច​ហើយ និង​ចង់​ចាប់​ខ្លួន​គេ។ ក្រោយ​មក​នៅ​ពេល​ដែល​ភាគី​ម្ខាង​ទៀត​ចង់​បញ្ជូន​ជន​សង្ស័យ​មក យើង​បែរ​ជា​ថា អត់ទេ មិន​ចាំបាច់​មក​វិញ​ទេ។ នេះ​ពិត​ជា​រឿង​នយោបាយ»។

លោក Chao Chien-min ព្រឹទ្ធបុរស​វិទ្យាសាស្ត្រ​សង្គម​នៅ​សាកលវិទ្យាល័យ Chinese Culture University ក្នុង​ក្រុង​តៃប៉ិ​និយាយ​ថា ពលរដ្ឋ​តៃវ៉ាន់​ភាគច្រើន​សង្ឃឹម​ថា​ នឹង​មាន​ការ​កាត់ទោស​ជនល្មើស​នៅ​តៃវ៉ាន់ ទោះ​ណា​ជនល្មើស​ទាំង​នោះ​មក​ពី​ក្រៅ​ប្រទេស​ក៏​ដោយ។

លោក​និយាយ​ថា៖

«វា​មិន​ត្រឹមត្រូវ​នោះ​ទេ ដែល​បរទេស​មក​សម្លាប់​មនុស្ស​នៅ​លើ​ដី​របស់​យើង ហើយ​យើង​មិន​អាច​កាត់​ទោស​គេ​នោះ។ ខ្ញុំ​ជឿ​ជាក់​ថា​នៅ​តៃវ៉ាន់ ពលរដ្ឋ​គ្រប់គ្នា​សង្ឃឹម​ថាជន​ល្មើស​ទាំង​នោះ ​នឹង​ត្រូវ​គេ​បញ្ជូន​ត្រឡប់​មក​វិញ»៕

ប្រែ​សម្រួល​ដោយលោក ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG