ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​បាញ់​​ធ្វើ​ឲ្យ​រងរបួស​ជា​ទម្ងន់​នៅ​ក្នុង​ទីក្រុង​ហុងកុង


បាតុករ​ម្នាក់​ព្យាយាម​រារាំង​មិន​ឲ្យ​ប៉ូលិស​តម្រង់​កាំភ្លើង​របស់​ខ្លួន​ដាក់​បាតុករ​ម្នាក់​ទៀត​នៅ​ក្នុង​ក្រុង​ហុងកុង​ ប្រទេស​ចិន កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។
បាតុករ​ម្នាក់​ព្យាយាម​រារាំង​មិន​ឲ្យ​ប៉ូលិស​តម្រង់​កាំភ្លើង​របស់​ខ្លួន​ដាក់​បាតុករ​ម្នាក់​ទៀត​នៅ​ក្នុង​ក្រុង​ហុងកុង​ ប្រទេស​ចិន កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

បាតុករ​ម្នាក់​បាន​ត្រូវ​រងរបួស​ជា​ទម្ងន់​ដោយ​ប៉ូលិស​ក្រុង​ហុងកុង​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​រីក​កាន់​តែ​ធំ​ឡើង។

រូប​ភាព​វីដេអូ ​បាន​បង្ហាញពី​មន្រ្តី​ប៉ូលិស​ម្នាក់ ​បាន​ដក​កាំភ្លើង​បាញ់​ទៅ​លើ​បាតុករ​ពាក់​ស្រោមមុខ​នៅ​ពេល​ដែល​ប៉ូលិស​នោះ ​បាន​ប៉ុនប៉ង​ចាប់ខ្លួន​បាតុករ​នោះ។ បន្ទាប់​មក​មន្រ្តី​ប៉ូលិស​នោះ ​បាន​បើកការ​បាញ់​ប្រហារ​លើ​បាតុករ​ទី២​ដែល​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ខ្មៅ​ដែល​បាន​មក​ជិត​អ្នក​ទាំង២។

ប៉ូលិស​ក្រុង​ហុងកុង ​បាន​បញ្ជាក់​ថា ​បាតុករ​ម្នាក់ ​បាន​ត្រូវ​ប៉ូលិស​បាញ់។ ពួក​អាជ្ញា​ធរ​មន្ទីរពេទ្យ ​និយាយ​ថា បាតុករ​ត្រូវ​របួស​នោះ ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ។

​ការ​បាញ់​នោះ ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​បាតុកម្ម​នៅ​ចុង​សប្តាហ៍​ដែល​បាន​ជំរុញ​ឲ្យ​ដែនដី​ចិន​ធ្លាក់​ចូល​ក្នុង​ភាព​ចលាចល​អស់​រយៈ​ពេល​៥ខែ។ ក្រុម​បាតុករ​ពាក់​ស្រោមមុខ ​បាន​បិទ​ផ្លូវ​សំខាន់ៗ​ និង​បណ្តាញរទេះភ្លើង​ក្នុង​ក្រុង ​ហើយបាន​បំផ្លាញ​កន្លែង​ពាណិជ្ជកម្ម​ជា​ច្រើន។

​ប៉ូលិស​បាន​ធ្វើ​ការ​ឆ្លើយតប​វិញ​ដោយ​ការបាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ និង​កាណុង​ទឹក​ដើម្បី​បំបែក​បាតុកម្មនៅ​ផ្នែក​នានានៅ​ក្នុង​ទីក្រុង ​រួម​មាន​បរិវេណ​សាកលវិទ្យា​ល័យ​ពហុបច្ចេកទេស​ក្នុង​ទីក្រុង​ហុងកុង​ផង។

ក៏មាន​សេចក្តី​រាយការណ៍​ដែរ​ថា ​បុរស​ម្នាក់​បាន​ដុត​ខ្លួន​បន្ទាប់​ពី​បុរស​នោះ ​បាន​ចាក់​សាំងលើ​ខ្លួន​ដែល​ជា​សកម្មភាព​ដែល​លោក​ស្រី Carrie Lam នាយកប្រតិបត្តិ​ហុងកុង​បាន​ចាត់ទុក​ថា​ជា «ការ​រំលោភ​សន្តិសុខ​ និង​នីតិ​រដ្ឋ​យ៉ាង​ខ្លាំង»។

​បាតុកម្ម​នេះ​ កាល​ពី​ដំបូង​បាន​បណ្តាល​មក​ពី​សេចក្តី​ព្រាង​ច្បាប់​បត្យា​ប័នដែល​នឹង​អនុញ្ញាត​ឲ្យ​ជនសង្ស័យ​ជា​ឧក្រិដ្ឋជន​ត្រូវ​បញ្ជូន​ទៅ​កាន់​ចិនដីគោក​ដើម្បី​ប្រឈម​ការ កាត់​ទោស ​ក៏ប៉ុន្តែ ​ចាប់​តាំង​ពីពេល​នោះ​មក ​បាន​វិវត្តន៍​ទៅ​ជា​ការ​ទាមទារ​ឲ្យ​មាន​ការ​គោរព​លទ្ធិ​ប្រជា​ធិបតេយ្យ​ដ៏​ពេញ​ទំហឹង​សម្រាប់​ក្រុង​ហុងកុង៕

XS
SM
MD
LG