ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ព្រមព្រៀង​ពង្រីក​សិទ្ធិ​របស់​រដ្ឋាភិបាល​ដើម្បី​ខ្ចី​ប្រាក់


វិមាន​រដ្ឋសភា​សហរដ្ឋអាមេរិក​​នៅ​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ពេល​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​ព្រមព្រៀង​គ្នា​លើ​ដំណោះស្រាយ​វិបត្តិ​បំណុល។ (REUTERS/Joshua Roberts)
វិមាន​រដ្ឋសភា​សហរដ្ឋអាមេរិក​​នៅ​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ពេល​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​ព្រមព្រៀង​គ្នា​លើ​ដំណោះស្រាយ​វិបត្តិ​បំណុល។ (REUTERS/Joshua Roberts)

ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​បាន​បោះឆ្នោត​សំឡេង​៥០​ទល់​នឹង​៤៨​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​អនុម័ត​កិច្ច​ព្រមព្រៀង​ពង្រីក​សិទ្ធិ​របស់​រដ្ឋាភិបាល​ដើម្បី​ខ្ចីប្រាក់​រហូត​ដល់​ដើម​ខែ​ធ្នូ​ដើម្បី​បញ្ចៀស​ស្ថានភាព​ដំបូង​បង្អស់​ដែល​ប្រទេស​អាមេរិក​នេះ​មិន​អាច​សង​បំណុល​ខ្លួន ​(គ្មាន​ប្រាក់​ចំណាយ)។​

មេដឹកនាំ​សំឡេង​ភាគច្រើន​នៃ​ព្រឹទ្ធ​សភា​ស.រ.អា.​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក ​Chuck Schumer ​បាន​ប្រកាស​កិច្ច​ព្រមព្រៀង​នេះ​នៅ​សម័យ​ប្រជុំ​ព្រឹទ្ធ​សភា​បន្ទាប់ពី​ការ​ចរចា​ជាមួយ​មេ​ដឹកនាំ​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ព្រឹទ្ធ​សភា​ស.រ.អា.​លោក​ Mitch McConnell។ ​លោក​បាន​សើ្ន​ទៅ​ពួក​គណបក្ស​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ពុធ​ឱ្យ​ពង្រីក​ប្រាក់​កម្ចី​ចំនួន​៤៨០​ពាន់​លាន​ដុល្លារ​ពីលើ​បំណុល​សរុប​រយៈពេល​យូរ​បច្ចុប្បន្ន​ចំនួន​២៨,៤​លាន​លាន​ដុល្លារសម្រាប់​ការ​ចំណាយ​របស់​រដ្ឋាភិបាល​រហូត​ដល់​ខែ​ធ្នូ​ ដោយ​នៅ​ពេល​នោះ​បញ្ហា​នេះ​នឹង​ត្រូវ​ដោះ​ស្រាយ​ម្តង​ទៀត។​

បន្ទាប់ពី​ការ​បោះឆ្នោត​ លោក ​Schumer ​បាន​មាន​ប្រសាសន៍ថា ​«ពួក​គណបក្ស​សាធារណរដ្ឋ​បាន​លេង​ល្បែង​គ្រោះថ្នាក់​ និង​ប្រថុយប្រថាន​ ហើយ​ខ្ញុំ​រីករាយ​ដែល​ផែន​ការ​របស់​ពួកគេ​មិន​បាន​សម្រេច»។​ ​

សេចក្តី​ព្រាង​ច្បាប់​ឥឡូវនេះ​ត្រូវ​បញ្ជូន​ទៅ​រដ្ឋ​សភា។​ បន្ទាប់​ពី​មាន​ការ​អនុម័ត​នៅ​ទី​នោះ​ វា​នឹង​ត្រូវ​បញ្ជូន​ទៅ​លោក​ប្រធានាធិបតី​ដើម្បី​ចុះ​ហត្ថលេខា។​

ប្រាក់​ខែ​ចូល​និវត្តិន៍​របស់​ពលរដ្ឋ​អាមេរិកាំង​ចាស់ៗ​ ប្រាក់​ចំណាយ​សម្រាប់​បុគ្គលិក​រដ្ឋាភិបាល ​និង​អ្នក​ធ្វើការ​តាម​កិច្ច​សន្យា​ឲ្យ​រដ្ឋាភិបាល​អាច​ត្រូវ​ពន្យារ​ពេល។ ​ ក៏ប៉ុន្តែ​ការ​ភ័យ​ខ្លាច​ធំ​បំផុត​គឺ​គ្មាន​លុយ​នាំ​ឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច​សហ​រដ្ឋ​អាមេរិក ​ដែល​ជា​សេដ្ឋ​កិច្ច​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក ហើយ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋ​កិច្ច​សាកល​លោក។​

លោក ​Bernie Sanders ​សមាជិក​ព្រឹទ្ធ​សភា​ឯករាជ្យ ​ដែល​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជា​ធិបតេយ្យ​ បាន​ទទួល​ស្វាគមន៍​ចំណាត់​ការ​របស់​លោក ​McConnell​ កាលពី​ថ្ងៃ​ពុធ​ដើម្បី​សម្រួល​ការ​ជាប់​គាំង​នៃ​បំណុល​អតិបរមា។

លោក​ McConnell ​បាន​និយាយ​ថា​ គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​គ្រប់គ្រង​ព្រឹទ្ធ​សភា​គួរតែ​ប្រើ​ការ​ផ្សះផ្សា​ដោះស្រាយ​ដែន​កំហិត​បំណុល៕​

XS
SM
MD
LG