ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក Biden ថា ការ​បង្កើន​កម្រិត​បំណុល​អតិបរមា​របស់​សហរដ្ឋ​អាមេរិក​គឺ«ពិតជា​អាច​ទៅ​រួច»


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែងសុន្ទរកថា​អំពី​កម្រិត​បំណុល​អតិបរមា​របស់​អាមេរិក​នៅ​ក្នុង​សេតវិមាន​កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។ (Reuters)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​បង្ហាញ​កាលពី​ថ្ងៃ​អង្គារ​ថា សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​អាច​រំលង​ផុត​ក្បួន​ច្បាប់​នៃ​ការ​បោះឆ្នោត​យក​សំឡេង​ភាគ​ច្រើន​លើសលុប​ដើម្បី​បង្កើន​កម្រិត​បំណុល​អតិបរមា​របស់​សហរដ្ឋ​អាមេរិក ដោយ​មិន​ចាំបាច់​មាន​សំឡេង​ឆ្នោត​ពី​គណបក្ស​សាធារណរដ្ឋ។

លោក Biden បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​សេតវិមាន​ថា៖ «វា​ពិតជា​អាច​ទៅ​រួច»។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​អ្នកស្រី Janet Yellen បាន​និយាយ​ថា កម្រិត​បំណុល​អតិបរមា​របស់​សហរដ្ឋ​អាមេរិក​នឹង​ឈាន​ដល់​ចំណុច​កំពូល​នៅ​ត្រឹម​ថ្ងៃទី ១៨ ខែ​តុលា​ខាង​មុខ ប្រសិនបើ​សភា​មិន​ធ្វើ​សកម្មភាព​ណា​មួយ។

បំណុល​ដែល​កើនឡើង​ជិត​ដល់​កម្រិត​កំណត់​អតិបរមា​មាន​គ្រោះ​អាក្រក់​របស់​វា។ វិវាទ​បំណុល​កាលពី​ឆ្នាំ ២០១១ ដែល​សភា​បាន​ដោះស្រាយ​រួច​ក្នុង​ពេល​ពីរ​ថ្ងៃ​មុន​ពេល​បំណុល​ឈាន​ដល់​កម្រិត​កំណត់​អតិបរមា បាន​ធ្វើ​ឲ្យ​តម្លៃ​ភាគហ៊ុន​ធ្លាក់​ចុះ និង​បាន​ទម្លាក់​ចំណាត់​ថ្នាក់​ឥណទាន​ជា​លើក​ដំបូង​សម្រាប់​បំណុល​របស់​សហរដ្ឋ​អាមេរិក។

តាម​ច្បាប់​ព្រឹទ្ធសភា សំឡេង​គាំទ្រ​ចំនួន ៦០ សំឡេង គឺ​ត្រូវការ​ដើម្បី​អនុម័ត​ច្បាប់ [បង្កើន​កម្រិត​បំណុល​អតិបរមា]ជាជាង​ការ​បោះឆ្នោត​យក​សំឡេង​ភាគ​ច្រើន​ដូច​ធម្មតា។ ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​មាន​សមាជិក​ស្មើគ្នា​រវាង​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​និង​ក្រុម​គណបក្ស​សាធារណរដ្ឋ ហើយ​គណបក្ស​សាធារណរដ្ឋ​បាន​រារាំង​កិច្ច​ប្រឹងប្រែង​បង្កើន​កម្រិត​បំណុល​អតិបរមា​នេះ​ពីរ​ដង​រួច​មក​ហើយ​កាលពី​សប្ដាហ៍​មុន។

ប៉ុន្តែ មាន​ករណី​លើកលែង​ចំពោះ​ច្បាប់​យក​សំឡេង​ភាគ​ច្រើន​លើសលុប​ខាង​លើ ដោយ​សមាជិក ព្រឹទ្ធសភា​ខាង​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​អាច​រំលង​ផុត​ការ​ប្រឆាំង​របស់​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន ប្រសិនបើ​សមាជិក​ព្រឹទ្ធសភា​ខាង​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​ទាំង ៥០រូប រួបរួម​គ្នា​ជា​ធ្លុង​មួយ៕

(ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters)

XS
SM
MD
LG