មួយឆ្នាំក្រោយពីសមាជិកព្រឹទ្ធសភាអាមេរិកាំងមួយក្រុម បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីបញ្ហាសិទ្ធិមនុស្ស ក្រុមអ្នកតាមដានការវិវត្តន៍ក្នុងប្រទេសកម្ពុជា មើលឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ កាន់តែមានសភាពធ្លាក់ដុនដាបកាន់តែខ្លាំងឡើង។
ក្នុងខែនេះឆ្នាំមុន សមាជិកព្រឹទ្ធសភាអាមេរិកាំងចំនួន៧រូបមកពីគណបក្សប្រជាធិបតេយ្យ បានសរសេរលិខិតចំហដ៏កម្រមួយច្បាប់ ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបង្ហាញពីការព្រួយបារម្ភនិងការរំខានចិត្តរបស់ពួកគេ ទាក់ទងនឹងបញ្ហារំលោភសិទ្ធិមនុស្សនិងការរំលោភបំពានយកដីធ្លីប្រជាពលរដ្ឋហើយនិងការយាយីសកម្មជនសិទ្ធិមនុស្សនិងបក្សប្រឆាំងក្នុងប្រទេសកម្ពុជា។
មួយឆ្នាំក្រោយមក ក្រុមអ្នកតាមដានការវិវត្តន៍សង្គមនិងនយោបាយក្នុងប្រទេសកម្ពុជា មើលឃើញថា ស្ថានភាពដែលបានលើកឡើងក្នុងលិខិតរបស់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកាំងនោះ កាន់តែមានសភាពដុនដាបកាន់តែខ្លាំងជាងមុន។
លោក យឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់នៃអង្គការឃ្លាំមើលការបោះឆ្នោត Comfrel មានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយVOA កាលពីថ្ងៃអង្គារថា លោកមើលឃើញថា រដ្ឋាភិបាលកម្ពុជា មិនបានធ្វើកំណែទម្រង់បានច្រើន ទៅតាមការស្នើឡើងរបស់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកាំងនោះទេក្នុងរយៈពេល១ឆ្នាំមកនេះ។
«ការលើកស្នើរបស់ព្រឹទ្ធសមាជិកសភាអាមេរិកាំងនេះគឺថា រដ្ឋាភិបាលមិនទាន់បានបំពេញអ្វីជាដំកំភួនទេ។ សម្រាប់ការកែទម្រង់ការបោះឆ្នោត យើងឃើញថា វាដំណើរការទៅប្រសើរ ប៉ុន្តែ សម្រាប់ ស្ថានការណ៍ឬបរិយាកាសនយោបាយ វាកាន់តែអាប់អួទៅៗ ជាពិសេសគឺ រយៈពេលប៉ុន្មានខែមុនការបោះឆ្នោតនេះ គឺថាបរិយាកាសនយោបាយ កាន់តែធ្ងន់ធ្ងរឡើងៗ »។
សមាជិកព្រឹទ្ធសភាអាមេរិកាំងទាំង៧រូបនេះ បានរៀបរាប់នៅក្នុងលិខិតរបស់ពួកគេចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នោះថា ក្នុងនាមពួកគេជាមិត្តភ័ក្ដិរបស់កម្ពុជា ពួកគេមានការរំខានចិត្តដោយសារការកើនឡើងនូវភាពវឹកវរខាងសង្គមនិងនយោបាយនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺដោយសារមានរបាយការណ៍ជាច្រើនដែលបង្ហាញថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បន្តប្រកែក មិនព្រមធ្វើតាមការទាមទារដ៏សមហេតុផលរបស់ប្រជាពលរដ្ឋខ្មែរ ដែលចង់បានប្រទេសកម្ពុជាមួយដែលមានលក្ខណៈប្រជាធិបតេយ្យ យុត្តិធម៌និងមានតម្លាភាពជាងនេះ។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ថ្លែងប្រាប់VOA កាលពីថ្ងៃអង្គារថា លោកក៏សង្កេតឃើញ ហាក់ដូចជាមិនមានការផ្លាស់ប្ដូរច្រើនទេក្នុងពេលមួយឆ្នាំមកនេះក្នុងចំណោមបញ្ហាធំៗ ដូចជាការរំលោភយកដីធ្លីនិងការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សនិងមន្ត្រីបក្សប្រឆាំងជាច្រើនរូបដោយរួមទាំងពលរដ្ឋអាមេរិកាំងផង ដូចដែលក្រុមសមាជិកព្រឹទ្ធសភាអាមេរិកាំងបានបង្ហាញការព្រួយបារម្ភក្នុងលិខិតរបស់ពួកគេនោះស្រាប់។
«យើងមើលទៅលើបញ្ហាធំៗទាំងអស់នេះទៅ ខ្ញុំមើលឃើញថា ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ ហាក់ដូចជាមិនមានឥរិយាបថណាមួយដែលកម្ពុជាបានធ្វើ ដែលបង្ហាញថា រៀបចំខ្លួនឆ្លើយតបឬធ្វើឲ្យប្រសើរឡើងនូវស្ថានការណ៍ទៅតាមការសំណូមពររបស់ព្រឹទ្ធសមាជិកអាមេរិកាំងទេបាទ»។
ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកាំងទាំង៧រូបនេះរួមមាន លោក Christopher Murphy និងលោក Richard Blumenthal មកពីរដ្ឋ Connecticut , លោកស្រី Amy Klobuchar និងលោកAl Franken មកពីរដ្ឋ Minnesota, លោកស្រី Maria Cantwell មកពីរដ្ឋ Washington, លោកSheldon Whitehouse មកពីរដ្ឋ Rhode Islandនិង លោកស្រី Elizabeth Warren មកពីរដ្ឋ Massachusetts។
ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកាំងដែលសុទ្ធតែមកពីគណបក្សប្រជាធិបតេយ្យដូចគ្នានេះ បានលើកឡើងនៅពេលនោះថា ពួកគេ នៅតែមានសង្ឃឹមថាគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន នឹងគោរពឆន្ទៈប្រជាពលរដ្ឋខ្មែរ និងអនុញ្ញាតឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំង អនុវត្តអាណត្តិរបស់ពួកគេតាមបែបប្រជាធិបតេយ្យ ដោយគ្មានការភ័យខ្លាចឬការបំភិតបំភ័យណាមួយឡើយ។
ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកាំងនេះ ក៏បានបន្ថែមនៅក្នុងលិខិតរបស់ពួកគេទៀតថា ពួកគេគាំទ្រសមាជិករដ្ឋសភាអាមេរិកាំង ដែលបានអំពាវនាវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន អនុញ្ញាតឲ្យតំណាងរាស្ត្របក្សប្រឆាំងទាំងអស់ អាច«វិលត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញ ដោយឥតភ័យខ្លាចការចាប់ខ្លួនឬការកាត់ទោស»ណាមួយ ហើយឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន «បញ្ចប់ការយាយីនិងការបំភិតបំភ័យសកម្មជនសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា»ផងដែរ។
ការសរសេរលិខិតរបស់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកាំងនេះ បានធ្វើឡើង បន្ទាប់ពីសមាជិកសភា២រូបខាងគណបក្សសង្គ្រោះជាតិ បានរងការវាយដំយ៉ាងដំណំពីសំណាក់ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅខាងក្រៅបរិវេណរដ្ឋសភាជាតិកម្ពុជា កាលពីខែតុលា ឆ្នាំ២០១៥។
លិខិតនោះ ក៏បានផ្ញើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលលោក ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅតំបន់រមណីយដ្ឋានសាន់នីលែន ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ ២០១៦។
ដោយស្រង់របាយការណ៍របស់សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកាំងទាំង៧រូបនេះ ក៏អះអាងផងដែរថា ពួកគេមានការរំខានចិត្តដែលក្រុមហ៊ុនជាច្រើនទាំងក្នុងស្រុកទាំងក្រៅស្រុកនិងបុគ្គលមួយចំនួនដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលកម្ពុជា បានកាន់កាប់ផ្ទៃដីយ៉ាងច្រើនក្នុងប្រទេសកម្ពុជា។
ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកាំងទាំងនេះ អះអាងថា ការណ៍នេះ បានបង្កឲ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់ពលរដ្ឋប្រមាណ៨៣ម៉ឺននាក់ ដោយធ្វើឲ្យពួកគេកាន់តែក្រីក្រ និងសង្គមកាន់តែអស្ថិរភាព ខណៈដែលបុគ្គលមួយចំនួនតូច កាន់តែមានឡើង ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមនិងនយោបាយនៅកម្ពុជា មានប្រសាសន៍ប្រាប់VOA ថា លោកសង្កេតឃើញថា ជាជាងពិចារណាទៅលើអ្វីដែលក្រុមសមាជិកព្រឹទ្ធសភាអាមេរិកាំងបានលើកឡើងក្នុងលិខិតរបស់ពួកគេនោះ គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បែរជាធ្វើផ្គើននឹងខ្លឹមសារនៃលិខិតនោះទៅវិញ។
«វាដូចជានយោបាយដែលមិនមែនយកលិខិតរបស់សមាជិកព្រឹទ្ធសភាទាំង៧រូបទៅពិចារណាទេ ប៉ុន្តែ ធ្វើផ្គើនទៅទៀត។ ធ្វើផ្គើន ដោយបង្កើតបញ្ហាកាន់តែខ្លាំង ហើយរឿងធំបំផុត គឺហាក់ដូចជាកំពុងរៀបចំខ្លួនទៅបន្តប្លន់អំណាចនៅមុនការបោះឆ្នោត ឬដោយរបៀបណាមួយ ដោយមិនមែនត្រៀមខ្លួនទៅប្រកួតប្រជែងក្នុងការបោះឆ្នោតទេ»។
អ្នកឃ្លាំមើលវ័យ៣៦ឆ្នាំ ដែលជាអតីតគ្រូបង្រៀនហើយបច្ចុប្បន្នរស់នៅទីក្រុងភ្នំពេញរូបនេះ ដែលទើបនឹងលេចមុខឡើង ក្រោយពីមានការបាញ់សម្លាប់អ្នកវិភាគបញ្ហាសង្គមនិងនយោបាយដ៏លិចធ្លោម្នាក់ គឺលោកបណ្ឌិត កែម ឡីកាលពីខែកក្កដាឆ្នាំមុននោះ បន្តថា ជាជាងអនុញ្ញាតឲ្យតំណាងរាស្ត្រគណបក្សប្រឆាំង អនុវត្តសិទ្ធិនយោបាយរបស់ពួកគេដោយឥតមានការបំភិតបំភ័យទៅតាមអ្វីដែលក្រុមសមាជិកព្រឹទ្ធសភាអាមេរិកាំង បានរំពឹងនោះ គណបក្សកាន់អំណាច បែរជាកាន់តែរឹតត្បិតនិងបំបិទសិទ្ធិសេរីភាពរបស់បក្សប្រឆាំង មិនឲ្យចូលរួមប្រកួតប្រជែងនយោបាយដោយស្មើភាពទៅទៀត។
«គឺក្នុងរបត់មួយដែលគេចង់មានគំនិត ក្នុងទិសដៅនៃការចង់រំលាយគណបក្សប្រឆាំងទៅទៀត នៅពេលដែលគេមើលឃើញថា ការប្រកួតប្រជែងដោយសន្លឹកឆ្នោតប្រជារាស្ត្រអាចនឹងមិនបានផលដល់ការបន្តអំណាចរបស់គេ»។
ប្រទេសកម្ពុជា គ្រោងនឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤របស់ខ្លួននៅខែមិថុនាឆ្នាំ២០១៧នេះ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦នៅឆ្នាំ២០១៨។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់VOAកាលពីថ្ងៃអង្គារនេះថា កម្ពុជា ជារដ្ឋអធិបតេយ្យមួយ ដែលមិនមែនចេះតែអនុវត្តតាមការចង់បានឬទាមទាររបស់បរទេសណាមួយនោះទេ។
«ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យនិងមានអធិបតេយ្យ។ អ្វីដែលមិនមែនស្ថិតក្នុងអធិបតេយ្យរបស់ជាតិទេ អាហ្នឹង មិនអាចអនុវត្តតាមបានទេ។ មិនមែនអ្នកក្រៅ ចេះតែសរសេរសំបុត្រមកតាពីសតាពាស [តាទីសតាទាស] បានទេ»។
លោកបន្តថា គណបក្សកាន់អំណាច ក៏មិនបានបំបិទសិទ្ធិនយោបាយរបស់បក្សប្រឆាំង មិនឲ្យចូលរួមក្នុងការប្រកួតប្រជែងនយោបាយដោយស្មើភាពគ្នា ដូចការលើកឡើងរបស់អ្នករិះគន់នោះដែរ។
«គណបក្សប្រជាជនកម្ពុជា ក៏មិនមានចេតនាណាមួយទប់ស្កាត់ឬរារាំង មិនឲ្យ សម រង្ស៊ី ចូលប្រកួតប្រជែងនៅក្នុងការបោះឆ្នោតទេ ក៏ប៉ុន្តែ ដោយសារគាត់ពាក់ព័ន្ធនឹងសាលក្រមស្ថាពររបស់តុលាការ អាហ្នឹង គាត់មិនហ៊ានចូលស្រុកខ្លួនឯង។ អញ្ចឹងទេ កុំបន្ទោសអ្នកដទៃ ពីព្រោះគាត់ខ្លាចគុក»។
ប៉ុន្តែ លោក សុខ ឥសាន មិនបានបញ្ជាក់ឲ្យចំថាតើរដ្ឋាភិបាលកម្ពុជា នឹងហ៊ានដកបម្រាម ដែលបានហាមមេដឹកនាំគណបក្សប្រឆាំងរូបនេះ មិនឲ្យចូលស្រុកវិញនោះទេ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកាំង ដែលបានស្រង់របាយការណ៍អង្គការសិទ្ធិមនុស្ស ដែលលើកឡើងថា មានតែជនមួយក្ដាប់តូចប៉ុណ្ណោះនៅកម្ពុជា ដែលធ្វើឲ្យខ្លួនឯងមានបាន ខណៈពលរដ្ឋខ្មែររាប់សែននាក់ ត្រូវរងផលប៉ះពាល់ដោយសារការរំលោភបំពានយកដីធ្លីពីសំណាក់ក្រុមហ៊ុននិងបុគ្គលមួយចំនួនដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជានោះ លោក សុខ ឥសាន បានថ្លែងយ៉ាងដូច្នេះថា៖
«នៅអាមេរិក ក៏មិនមានសេដ្ឋីទាំង៣០០លាននាក់ហ្នឹងទេ។ សេដ្ឋី មានតែប៉ុន្មាននាក់ហ្នឹងទេ អញ្ចឹងខ្ញុំយល់ថាឯកឧត្ដមតំណាងរាស្ត្រព្រឹទ្ធសភាអាមេរិកហ្នឹង ដូចជាមើលឃើញកម្ពុជាហ្នឹង ដូចជាខ្មៅទាំងអស់»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បន្ថែមថា ទិដ្ឋភាពជាក់ស្ដែង នៅកម្ពុជា ខុសគ្នានឹងទិដ្ឋភាពដែលមើលមកពីអ្នកនៅខាងក្រៅប្រទេស។
«កម្ពុជានៅអាមេរិកផ្សេង កម្ពុជានៅភ្នំពេញនេះផ្សេង។ អញ្ចឹងទេ បានសេចក្ដីថា អស់លោកព្រឹទ្ធសភាហ្នឹង និយាយវាអត់ត្រូវពីសភាពការណ៍ពិតនៅកម្ពុជាទេ».
លោក អៀង វុទ្ធី នាយកអង្គការសមធម៌កម្ពុជា ដែលបានតាមដានការវិវត្តន៍ខាងបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាយ៉ាងជាប់លាប់ដែរនោះ បានថ្លែងប្រាប់VOA នៅថ្ងៃពុធនេះថា ទោះបីជារដ្ឋាភិបាលកម្ពុជា មានសិទ្ធិឆ្លើយតបឬមិនឆ្លើយតបតាមបែបណាមួយទៅកាន់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកាំងក៏ដោយ ក៏រដ្ឋាភិបាលនៅតែមានកាតព្វកិច្ច ឆ្លើយតបទៅតាមការចង់បានរបស់ពលរដ្ឋខ្លួនដែរ។
«ចុងក្រោយគឺរដ្ឋាភិបាលជាអ្នកដែលធ្វើការសម្រេចចិត្តថាតើគួរធ្វើយ៉ាងណា ដើម្បីធ្វើឲ្យបញ្ហាសិទ្ធិមនុស្សឲ្យល្អប្រសើរឡើង។ នេះគឺជាកាតព្វកិច្ចរបស់រដ្ឋ ជាពិសេសរដ្ឋដែលកំពុងតែធ្វើការបម្រើប្រជាពលរដ្ឋនេះឯង»។
យ៉ាងណាក៏ដោយ សមាជិកព្រឹទ្ធសភាអាមេរិកាំងទាំង៧រូប បានថ្លែងនៅក្នុងលិខិតរបស់ពួកគេទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីឆ្នាំមុននោះថា ដោយសហរដ្ឋអាមេរិកាំងគឺជាប្រទេសហត្ថលេខីមួយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ពួកគេ «នឹងបន្តត្រួតពិនិត្យមើលការវិវត្តន៍របស់កម្ពុជាយ៉ាងយកចិត្តទុកដាក់តទៅទៀត»៕