ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ក្រុង​ភ្នំពេញ​នឹង​បន្ត​នីតិវិធី​ក្តី​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​រង​ការ​វាយ​ដំ


លោក​ អំ​ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ​ ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មានការ​ឆ្លើយ​បំភ្លឺ​ក្នុង​តុលាកា ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ 0៨​ ខែ​ កុម្ភៈ​ ឆ្នាំ ២០១៧។
លោក​ អំ​ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ​ ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មានការ​ឆ្លើយ​បំភ្លឺ​ក្នុង​តុលាកា ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ 0៨​ ខែ​ កុម្ភៈ​ ឆ្នាំ ២០១៧។

​លោក អំ ​សំអាត​​ ប្រធាន​ការិយាល័យ​បច្ចេកទេស​​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ និង​លោក​ ចាន់​ ពុទ្ធិស័ក្ត​ សកម្មជន​ការពារ​សិទ្ធិ​លំនៅដ្ឋាន​នៅ​តំបន់​បឹងកក់​ បាន​ចូល​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ ពុធ​នេះ​ ក្នុង​នាម​ជា​ជន​សង្ស័យ​ ដើម្បី​បំភ្លឺ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​​​មួយ​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​មុន។

នៅ​ខណៈ​ដែល​តុលាការ​មិន​ទាន់​សម្រេច​ចោទ​ប្រកាន់​ក្នុង​បទ​ល្មើស​ណា​មួយ​នោះ អ្នក​ការពារសិទ្ធិ​មនុស្ស​ពីរ​រូប​ គឺ​លោក​ អំ​ សំអាត​ និង​លោក​ ចាន់​ ពុទ្ធិស័ក្តិ សើ្ន​តុលាការ​មិន​ចោទ​ប្រកាន់​ ដោយ​ហេតុ​ពួក​គាត់​ទាំង​ពីរ​គឺ​ជា​ជន​រងគ្រោះ​ តែ​អ្នក​នាំពាក្យ​តុលាការ​បញ្ជាក់​ថា​ តុលាការ​នឹង​បន្ត​ចាត់​ការ​ក្តី​នេះ​ទៀត។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បិទ​ការ​ស៊ើប​សួរ​ជា​បន្ទាន់។​

លោក អំ ​សំអាត ប្រធាន​ការិយាល័យ​បច្ចេកទេសស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ និង​លោក​ ចាន់​ ពុទ្ធិស័ក្ត​ សកម្មជន​ការពារ​សិទ្ធិ​លំនៅដ្ឋាន​នៅ​តំបន់​បឹងកក់​ បាន​ចូល​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ ពុធ​នេះ​ ក្នុង​នាម​ជា​ជន​សង្ស័យ​ ដើម្បី​បំភ្លឺ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​មួយ​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​មុន។​

ការ​កោះ​ហៅ​នេះ​នាំ​ឲ្យអង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជា​ច្រើន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​ការ​ស៊ើប​អង្កេត​លើ​អ្នក​ទាំង​ពីរ​នេះជា​បន្ទាន់។​

​លោក​ អំ​ សំអាត​ ដែលត្រូវ​បាន​កង​សន្តិ​សុខ​ខណ្ឌ​ដូនពេញ​វាយ​យ៉ាង​ដំណំ​កាល​ពី​ឆ្នាំ​មុន​នោះ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ ក្រោយ​ពី​លោក​ត្រូវ​បាន​សាកសួរ​ ដោយ​ព្រះ​រាជអាជ្ញា​រង​ លោក​ ងិន​ ពេជ​ នៅ​ពី​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា​ លោក​បាន​បញ្ជាក់​នៅ​ចំពោះ​លោក​ព្រះរាជ​អាជ្ញា​រង​ថា​ លោក​មិន​មាន​ចេតនា​បង្ក​ហិង្សា​ទៅ​លើ​បុគ្គល​ណា​មួយ​ ក្នុង​ថ្ងៃ​ប្រារព្ធ​នៃ​ទិវា​លំនៅដ្ឋាន​ពិភពលោក​នោះ​ទេ។​ លោក​បាន​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​មក​លើ​រូបលោក​ ហើយ​ផ្តល់​យុត្តិធម៌​ឲ្យ​លោក​ក្នុង​នាម​ជា​ជន​រងគ្រោះ​វិញ។

«ក្រោយ​ពី​យើង​បំភ្លឺ​ជូន​លោក​ព្រះ​រាជអាជ្ញា​ហើយ​ ថា​ ខ្ញុំមិន​បាន​ប្រព្រឹត្ត​អ្វី​ ដូច​ការ​ចោទប្រកាន់​របស់​អ្នក​ពីរ​នាក់​ហ្នឹង​ ហើយ​ខ្ញុំ​ក៏​អត់​ដែល​ស្គាល់​មុខ​គាត់​ដែរ​ ហើយ​ខ្ញុំ​បាន​បញ្ជាក់​ហើយ​ថា​ ខ្ញុំ​អត់​ទៅ​មាន​គំនុំគុំ​គួន​អី​ រឿង​អី​ដែល​ខ្ញុំ​ទៅប្រើ​ហិង្សា»។​

លោក​ អំ​ សំអាត ​បាន​បន្ថែម​ថា រឿង​ក្តី​របស់​លោក​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោបាយ​នោះ​ឡើយ​ ដូច្នេះ​ លោក​សង្ឃឹម​ថា​ តុលាការ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ ដោយ​មិន​រង​សំពាធ​ពី​បរិយាកាស​នយោបាយ​ដែល​ត្រូវ​គេ​សង្កេត​ឃើញថា​ ​កំពុងធ្លាក់​ក្នុង​ភាព​វឹកវរ​ម្តង​ទៀត។​

​ចំណែក​លោក​ ចាន់​ ពុទ្ធិ​ស័ក្ត​ សកម្មជន​ការពារ​សិទ្ធិ​លំនៅដ្ឋាន​នៅ​តំបន់​បឹង​កក់​ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​ ក្នុង​ពេល​សាកសួរ​ ក្រឡា​បញ្ជី​ មិន​បាន​បង្ហាញ​ភស្តុតាង​ សម្រាប់​គាំទ្រ​ការ​ចោទ​ថា​ លោក​មាន​ការ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នោះ​ឡើយ។​

លោក​ថា​ ក្រឡា​បញ្ជី​ បាន​យោង​តាម​របាយការណ៍​របស់​នគរបាល​ក្នុង​ខ័ណ្ឌ​ដូនពេញ​ ដើម្បី​សួរ​នាំរូប​លោក។​ លោក​បន្ត​ថា​ ក្រោយ​ពី​មេធាវី​ការពារ​រូប​លោក​បង្ហាញ​ភស្តុតាង​ជា​ឃ្លីប​វីដេអូ​ ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នោះ​ ក្រឡា​បញ្ជី​ បាន​បញ្ជាក់​ទៅ​ព្រះរាជអាជ្ញា​រង​ដែល​ចាត់​ការ​ក្តី​នោះ​ថា​ រូប​លោក​មិន​បាន​ធ្វើ​សកម្មភាព​នោះ​ឡើយ។​

មិន​ខុស​ពី​លោក​ អំ​ សំអាត​ លោក​ ចាន់​ ពុទ្ធិស័ក្តិ​ សំណូមពរ​ឲ្យ​តុលាការ​ មិន​ចោទប្រកាន់​រូប​លោក​ផង​ដែរ។​

«ខ្ញុំ​បាន​សំណូមពរ​ឲ្យ​គាត់​ហ្នឹង​ គឺ​កុំ​ធ្វើ​ ធ្វើ​ការ​ចោទ​ប្រកាន់​ខ្ញុំ​ ព្រោះ​ខ្ញុំ​ជា​ជន​រងគ្រោះ​ទេ​ហើយ​សំណូមពរ​ឲ្យ​គាត់​ហ្នឹង​ រក​យុត្តិធម៌​ជូន​ខ្ញុំ​វិញ​ ហើយ​នៅ​ក្នុង​ហ្នឹង​ដែរ​ ខ្ញុំ​ទាមទារ​រក​យុត្តិធម៌​ ហើយ​ខ្ញុំ​ទាមទារ​សំណង​យក​ជា​ប្រាក់​ ៣៥០​ ដុល្លារ​ ជា​ថ្លៃ​ដែល​ហៅ​ថា​ ព្យាបាល​ ដែល​គាត់​ធ្វើ​ឲ្យ​មាន​របួស​មក​លើ​រូប​ខ្ញុំ​ ហើយ​និង​ការ​បាត់​ទូរស័ព្ទ​មួយ​គ្រឿង​ហ្នឹង»។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​នៅ​ថ្ងៃ​អង្គារ​ ក្រុម​អង្គការ​លើកលែង​ទោស​អន្តរជាតិ(Amnesty International) ​អ្នក​ការពារ​សិទ្ធិ​ជន​ស៊ីវិល​ (Civil​ Rights​ Defenders) ​គណៈ​កម្មាធិការ​ក្រុម​អ្នក​ច្បាប់អន្តរជាតិ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) បាន​ចាត់ទុក​ថា​ សំណុំ​រឿង​នេះ​មាន​លក្ខណៈ​នយោបាយ​ និង​មាន​ចេតនា​បំភិតបំភ័យ​អ្នក​ការពារ​សិទ្ធិ​មនុស្ស។​

​លោក​ស្រី ​ចម្ប៉ា ប៉ាថែល ​នាយក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​និង​ប៉ាស៊ីហ្វិក​នៃ​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International)​ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​របស់​អង្គការ​សិទិ្ធ​មនុស្ស​អន្តរជាតិ​នា​នាថា៖​

«ការ​ស៊ើប​អង្កេត​លើ​លោក​ សំអាត​ និង​លោក​ ពុទ្ធិស័ក្ត ​ដោយ​អាជ្ញាធរ​កម្ពុជា​ គឺ​ជា​ការ​មិន​គួរ​ឱ្យ​ជឿទាល់​តែ​សោះ​ ហើយ​វា​គឺ​ជា​ករណី​ជាក់​ស្តែង​នៃ​ការ​យាយី​ខាង​ផ្លូវ​តុលាការ។ តាម​ធម្មតា​ការ​ប្រើ​ប្រាស់កម្លាំង​ជ្រុល​ហួស​មិន​ចាំ​បាច់​ដោយ​កងកម្លាំង​សន្តិសុខ​គឺ​មិន​ដែល​ទទួល​ការ​ដាក់​ទោស​អ្វី​ទេ​ ហើយអ្នក​ដែល​លើក​កម្ពស់​និង​ការពារ​សិទ្ធិ​មនុស្ស​តែងតែ​ប្រឈម​នឹង​ដំណើរការ​រឿង​ក្តី​ព្រហ្មទណ្ឌ​នៅតុលាការ‍»។

​យ៉ាង​ណា​ក៏​ដោយ​ លោក​ លី​ សុផាណា​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ VOA តាម​សារ​ក្នុង​បណ្តាញ​ទូរស័ព្ទ​ចល័ត​ថា​ ​តុលាការ​នឹង​មិន​បញ្ចប់​ក្តីនេះ​ឡើយ​។​

​លោក​បាន​សរ​សេរ​ក្នុង​ន័យ​ដើម​ថា​៖ «​អយ្យ​ការ​បាន​សម្រេច​បន្ត​ចំណាត់​ការ​រឿង​ក្តី​នេះ​ ​ដោយ​នឹង​ត្រូវពិនិត្យ​រាល់​ឯកសារ​នានា​ ​ភស្តុតាង​ ​និង​ស្តាប់​ចម្លើយ​បុគ្គល​ដែល​ពាក់ព័ន្ធ»។

​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​លីកាដូ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​បញ្ជាក់​ពី​ហេតុ​ការណ៍​នៃ​អំពើ​ហិង្សា​ដែល​បាន​កើត​ឡើង​កាល​ពីឆ្នាំ​ ២០១៦​ថា៖​ «នៅ​ថ្ងៃ​ទី​ ១០​ ខែ​តុលា​ ឆ្នាំ​២០១៦​ អំឡុង​ពេល​ដង្ហែរ​ក្បួនអហិង្សា​តាម​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ឆ្ពោះ​ទៅ​ទី​លាន​ប្រជាធិបតេយ្យ​ ក្រុម​សន្តិសុខ​ ​ដែល​ដឹកនាំ​ដោយ​លោក​ គឹម​ វុត្ថា​ ប្រធាន​សិន្តិសុខ​ខណ្ឌ​ដូនពេញ​ បាន​បិទ​ផ្លូវ​រាំង​ក្បួន​ដង្ហែរ​ និង​បាន​ឆក់​យក​ស្គរ​ឆ៉ៃយ៉ាំ​ និង​បដា​ ពី​អ្នក​ដើរ​ហែរ​ក្បួន»។​

​សេចក្តី​ថ្លែង​ការណ៍​បាន​បន្ត​ថា​ នៅ​ពេល​នោះ​ ក្រុម​សន្តិសុខ​ បាន​ចាប់​ផ្តើម​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​លោក​ ចាន់​ ពុទ្ធិ​ស័ក្ត​ ខណៈ​ពេល​ដែល​លោក​កំពុង​ថត​សកម្មភាពរបស់​ក្រុម​សន្តិសុខ។​

លោក​ អំ សំអាត​ បាន​ព្យាយាម​ដោយ​សន្តិវិធី​ ដើម្បី​បញ្ឈប់​ស្ថានការណ៍​តាន​តឹង​នោះ​ ក្នុង​នាម​លោក​ជា​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស។​ តែ​នៅ​ពេល​ភ្លាម​នោះៗ​ ក្រុម​សន្តិសុខ​បាន​ហ៊ុមព័ទ្ធ​ និង​ដាល់​មុខ​ និង​កញ្ចឹង​ករបស់​លោក​ជាច្រើន​ដៃ។​

បន្ថែម​លើ​សេចក្តីថ្លែង​ការណ៍​របស់​អង្គការ​លីកាដូ​ ឃ្លីប​វីដេអូ​ ដែល​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុកមួយ​ចំនួន​បាន​បង្ហោះ​លើ​បណ្តាញ​សង្គមហ្វេស​ប៊ុក បាន​បង្ហាញ​យ៉ាង​ច្បាស់ ថា​ លោក​ អំ ​សំអាត​ ត្រូវ​បាន​ក្រុម​កង​សន្តិសុខ​ ព្រួត​វាយ​ផ្ទួនៗ​ នៅ​ពេល​លោក​ព្យាយាម​បន្ថយ​ភាព​តាន​តឹងក្នុង​គ្រា​កង​សនិ្តសុខ​ផ្តើមអំពើ​ហិង្សា​លើលោក​ ចាន់​ ពុទ្ធិស័កិ្ត។​ ​

ខណៈ​ពេល​តុលាការ​ធ្វើ​ការ​សាកសួរ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ពីរ​រូប​នេះ​ ក្រុម​អ្នក​តវ៉ា​មក​ពី​សហគមន៍នានា​ បាន​មក​ប្រមូល​ផ្តុំ​នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ។​ ក្រុម​អ្នកតវ៉ា​មួយ​ចំនួន​ ស្រែក​ចោទ​តុលាការ​ថា​ ជា​ស្ថាប័ន​ពុករលួយ​ ហើយ​ថា តុលាការ​ដូច​ជា​ទីផ្សារ​ភាគហ៊ុន​សម្រាប់​ជួញ​ដូរ​យុត្តិធម៌។​ មេដឹក​នាំ​អង្គ​ការ​សង្គមស៊ីវិល​ក្នុង​ស្រុក និង​ក្រុម​សង្កេត​ការណ៍​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​ក៏​បាន​ចូលរួម​ឃ្លំាមើលដំណើរការ​ការ​សាកសួរ​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​ពីរ​រូប​នេះ​ផង​ដែរ។

​មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ បាន​ឲ្យ​ដឹង​ថា​ ​តុលាការ​ទំនង​ជានឹង​មិន​បញ្ចប់​រឿង​នេះ​ឡើយ​ហើយ​ថា​ ​ចំណាត់​ខាង​តុលាការ​ប្រឆាំង​លោក​ អំ​ សំអាត​ និង​លោក​ ចាន់​ ពុទ្ធិស័ក្ត​ ជា​សារ​មួយ​ព្រមាន​ដល់​អង្គការ​សង្គមស៊ីវិល​ផ្សេងៗ​ទៀត​ ដែល​ធ្វើ​ការ​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​ជិះជាន់​របស់​អាជ្ញាធរ​ទាក់​ទិន​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នានា​ជាដើម។​

​ពាក្យ​បណ្តឹង​ប្រឆាំងអ្នក​ការពារ​សិទ្ធិ​មនុស្ស​នេះ​ ​មិន​មែន​មាន​តែ​លើមន្ត្រី​ការពារ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ​ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៅ​តំបន់​បឹងកក់​នោះ​ទេ។​

មន្ត្រីបួន​រូប​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ Adhoc​ និង​មន្ត្រី​ គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត​មួយ​រូប ដែល​ជា​អតីត​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​ Adhoc ដដែល​នេះ​ ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​ពន្ធនាគារ​បន្ទាប់​ពី​ពួក​គេ​ជួយ​ដំណើរការ​ក្តី​ឲ្យ​ស្ត្រី​អ្នក​កាត់សក់​ ​ម្នាក់​ ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ មានទំនាក់​ទំនង​ស្នេហា​លួចលាក់​ជាមួយ​លោក ​កឹម ​សុខាប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ។​ រឿងក្តី​ទាំង​ប្រាំ​នេះ​ ត្រូវ​គេដឹង​ថា​ ជា​រឿង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG