ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​កំពូល​មិន​ទាន់​សម្រេច​សំណើ​របស់​​សកម្មជន​បក្ស​ប្រឆាំង​​ទៅ​ព្យាបាល​ជំងឺ​ក្រៅ​ប្រទេស


​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​កាត់​ទោស​ លោក​មាជ​ សុវណ្ណារ៉ា​ ពលរដ្ឋ​ខ្មែរ​កាន់​សញ្ជាតិ​អាមេរិកាំង ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ចូលរួម​ និង​ធ្វើ​កុប្បកម្ម​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​ដើម្បី​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៤​។​

​តុលាការ​កំពូល​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​មិន​ទាន់​សម្រេច​ថា​ នឹង​ច្រាន​ចោល​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​រារាំង​លោក​ មាជ​ សុវណ្ណារ៉ា មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​កម្ពុជា​ដើម្បី​ទទួល​ការ​ព្យាបាល​ជំងឺ។

លោក​ មាជ​ សុវណ្ណារ៉ា​ មន្ត្រី​គណបក្ស​ប្រឆាំង​ត្រូវ​បាន​កង​សន្តិសុខ បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​វិញ​កាល​ពី​ថ្ងៃ​ពុធ ក្រោយ​សវនការ​ដែល​ធ្វើ​ឡើង​នៅ​តុលាការ​កំពូល​ពាក់ព័ន្ធ​នឹង​ការ​ប្តឹង​ទាស់​ចំពោះ​ការ​ហាមឃាត់​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​មិន​អនុញ្ញាត​ឲ្យ​លោក​បាន​ទៅ​ទទួល​ការ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស។

តុលាការ​កំពូល​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​មិន​ទាន់​សម្រេច​ថា​ នឹង​ច្រាន​ចោល​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​រារាំង​លោក​ មាជ​ សុវណ្ណារ៉ា មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​កម្ពុជា​ដើម្បី​ទទួល​ការ​ព្យាបាល​ជំងឺ​ ដោយ​សំអាង​លើ​ហេតុផល​ថា ដំណើរការ​ក្តីក្តាំ​មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​ នឹង​នាំ​នូវ​ការ​រាំង​ស្ទះ​ដល់​នីតិវិធី​របស់​តុលាការ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មេធាវី​ការពារ​ក្តី​លោក​ មាជ សុវណ្ណា​រ៉ា និង​ការ​ប្រកាស​របស់​តុលាការ​កំពូល។

​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥​ បាន​កាត់​ទោស​លោក​ មាជ​ សុវណ្ណារ៉ា​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​សកម្មជន​គណបក្ស​ប្រឆាំង​១០​នាក់​ផ្សេង​ទៀត​ ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​ពី​៧​ទៅ​ដល់​២០​ឆ្នាំ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ចូលរួម​ និង​ធ្វើ​កុប្បកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដើម្បី​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៤។

​ការ​ចេញ​សាល​ក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ពេល​នោះ ​ដែល​ហាម​មិន​ឲ្យ​លោក​ មាជ​ សុវណ្ណារ៉ា​ ចេញ​ទៅ​ក្រៅ​ប្រទេស​នេះ​ គឺ​ត្រូវ​បាន​តុលាការ​ធ្វើ​ឡើង​មុន​មួយ​ថ្ងៃ​នៃ​ការ​ទោស​លោក​ មាជ​ សុវណ្ណារ៉ា​ ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ។

​លោក​ ជួង​ ជូងី​ មេធាវី​ការពារ​លោក​ មាជ​ សុវណ្ណារ៉ា​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ ក្រោយ​ពី​បាន​ដើរ​ចេញ​ពី​បន្ទប់​អង្គ​សវនាការ​ក្នុង​តុលាការ​កំពូល​ថា​ ការ​ចេញ​សាល​ក្រម​ហាម​ឃាត់​មិន​ឲ្យ​កូន​ក្តី​លោក​ចេញ​ទៅ​ទទួល​ការ​ព្យាបាល​ជំងឺ​នៅ​សហរដ្ឋ​អាមេរិក​ គឺ​ធ្វើ​ផ្ទុយ​នឹង​នីតិវិធី​តុលាការ​ ហើយ​ថា​ កូន​ក្តី​លោក​មិន​ដែល​ធ្វើ​ឲ្យ​ខូច​ដល់​នីតិវិធី​របស់​តុលាការ​នៅ​ក្នុង​ដំណាក់​កាល​ស៊ើប​សួរ​នោះ​ឡើយ។

មេធាវី​រូប​នេះ​ពន្យល់​ថា៖

«កូន​ក្តី​ខ្ញុំ ​មាជ​ សុវណ្ណារ៉ា​ តាំង​ពីដើម​រហូត​មក​ អត់​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ គាត់​រាំង​ស្ទះ​ដំណើរការ​នីតិវិធី​របស់​តុលាការ​ទាល់​តែ​សោះ​ ទោះ​បី​គាត់​មាន​សញ្ជាតិ​អាមេរិកាំង​ គាត់​ចេញ​ទៅ​ក្រៅ​ញឹកញាប់​ក្តី។ ប៉ុន្តែ​គាត់​ចូលរួម​សហការ​ជាមួយ​តុលាការ​ជានិច្ច អត់​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ទាល់​តែ​សោះ​ បែរ​ជា​តុលាការ​ចេញ​សេចក្តី​សម្រេច​ហាម​ដែល​មិន​មាន​ភាព​ចាំបាច់​ អញ្ចឹង​ហើយ​ ទើប​គាត់​តវ៉ា​រហូត​មក​ដល់​កំពូល​ហ្នឹង​បាទ»។

​ការ​អធិប្បាយ​របស់​លោក​មេធាវី​ ជួង​ ជូងី​ កើត​មាន​ឡើង​ ​ក្រោយ​ការ​សួរ​ដេញ​ដោល​នៅ​ក្នុង​បន្ទប់​អង្គ​សវនាការ​អស់​រយៈពេល​ជាង​១​ម៉ោង។ ចៅក្រម​ គឹម​ សត្ថាវី​ ជា​ប្រធាន​អង្គ​ជំនុំ​ជម្រះ​បាន​សម្រេច​ពន្យារ​ការ​ប្រកាស​សេចក្តី​សម្រេច​របស់​តុលាការ​តុលាការ​កំពូល​ទៅ​ថ្ងៃ​ទី​២៦​ ខែ​តុលា។

VOA​ មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​ចៅ​ក្រម​ គឹម​ ​សត្ថាវី​ បាន​ទេ​ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ។​

លោក ​មាជ​ សុវណ្ណារ៉ា​ ដែល​មាន​សញ្ជាតិ​អាមេរិកាំង​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ នៅ​ក្នុង​បរិវេណ​តុលាការ​កំពូល​ថា រឿង​ក្តី​លោក​គឺ​ជា​រឿង​នយោបាយ។ ​លោក​និយាយ​ថា៖

«ខ្ញុំ​ជឿ​ថា​ រឿង​នយោបាយ ​ដោះ​ដោយ​នយោបាយ​ ហើយ​លោក​ ហ៊ុន សែន ​គាត់​ចាស់​ ហើយ​កូន​គាត់​នៅ​ធ្វើ​នយោបាយ​ជាមួយ​គ្នា ​នៅ​ពេល​ក្រោយ​ទៀត»។

លោក ​មាជ​ សុវណ្ណារ៉ា​ អះអាង​ថា​ លោក​ស្រី រ៉ូណា ស្មីត​ (Rhona Smith) ​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ បាន​ទៅ​ជួប​លោក​ ហើយ​បាន​លើក​ឡើង​អំពី​ប្រព័ន្ធ​តុលាការ​ដែល​មិន​យុត្តិធម៌។​ យ៉ាង​ណា​ក៏ដោយ​ ថ្លែង​នៅ​ក្នុងសន្និសីទ​ព័ត៌មាន​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ លោក​ស្រី​ ស្មីត​ ​មិន​បាន​លើក​ឡើង​ពី​ជំនួប​លោក​ស្រី​ជាមួយ​លោក ​មាជ​ សុវណ្ណារ៉ា ​នោះ​ទេ​ តែ​លោក​ស្រី​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ភាព​អាប់អួរ​នៃ​បរិយាកាស​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។

​លោក​ មាជ​ សុវណ្ណារ៉ា​ និង​សកម្មជន​១០​នាក់​ផ្សេង​ទៀត​នៃ​គណបក្ស​ប្រឆាំង​ត្រូវ​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ថ្ងៃ​ទី​១៣ ​ខែ​មេសា​ ឆ្នាំ​២០១៥​ ដោយសារ​មាន​ការ​សម្របសម្រួល​នយោបាយ​រវាង​លោក​ សម ​រង្ស៊ី ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ជំទាស់ ​និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច។ ​តុលាការ​បាន​ចាប់​ពួក​គេ​ឃុំឃាំង​វិញ​នៅ​ថ្ងៃ​២១​ ខែ​កក្កដា ​ឆ្នាំ​២០១៥​ នៅ​ពេល​មាន​វិបត្តិ​នយោបាយ​ក្រោយ​ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ត្រួត​ពិនិត្យ​ព្រំដែន​កម្ពុជា​វៀតណាម ​និង​មាន​បញ្ហា​ផែនទី​រវាង​ប្រទេស​ទាំង​ពីរ៕

XS
SM
MD
LG