ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ហុង លីម បន្ត​ចោទ​រដ្ឋាភិបាល​កម្ពុជា​​ថា​ជា​របប​តិរិច្ឆាន​និង​ហ៊ុន​និយម


លោក ហុង លីម តំណាងរាស្ត្រ​មកពី​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី។

នៅ​ក្នុង​ការ​ជួប​ជុំ​មួយ​ជាមួយ​មេដឹកនាំ​​សមាគម​ខ្មែរ​អូស្រ្តាលី​ដែល​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​សៅរ៍​នៅរដ្ឋ​វិកតូរីយ៉ា​ ​ ​លោក​ ហុង​ លីម​ បាន​ថ្លែង​ថា​ លោក​ចង់​ឃើញ​ការ​ជជែក​ដោះស្រាយ​បញ្ហា​នយោបាយ​ ដោយសន្តិវិធី​ ជាជាង​ការប្រើប្រាស់​សកម្មភាព​ហិង្សា​ ដែល​ប្រទេស​កាន់​លទ្ធិប្រជាធិប​តេយ្យ​ពិត​ប្រាកដ​ មិន​​អនុវត្ត​នោះ​ទេ។​ ​

លោក​ ហុង លីម​ តំណាង​រាស្ត្រ​ ខ្មែរ​-អូស្ត្រាលី​ ប្រចាំ​រដ្ឋ​វិកតូរីយ៉ា​ (Victoria) ​ បាន​បន្ត​ហៅ​របប​នយោបាយ​កម្ពុជា​នាពេល​បច្ចុប្បន្ន​ថា​ ជា​ «របប​តិរិច្ឆាន» ដោយ​លោក​ថា ​របប​នេះ​ប្រើ​អំពើ​ហិង្សាប្រឆាំង​នឹង​ក្រុម​អ្នកមាន​ទស្សនៈ​ផ្ទុយ​ពី​រដ្ឋាភិបាល។

កាលពី​ខែ​សីហា​ឆ្នាំ​២០១៦​លោក ហុង លីម​ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​មិន​ស្វាគមន៍​លោក​ឲ្យ​ចូល​ក្នុង​ទឹកដី​កម្ពុជា​បន្ទាប់​ពី​លោក​បាន​ហៅ​របប​នយោបាយ​កម្ពុជា​សព្វ​ថ្ងៃ​ថា ​ជា​របប​តិរិច្ឆា​ន‍‍។​ ​

នៅ​ក្នុង​ការ​ជួប​ជុំ​មួយ​ជាមួយ​មេដឹកនាំសមាគម​ខ្មែរ​អូស្រ្តាលី​ដែល​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​សៅរ៍​នៅរដ្ឋ​វិកតូរីយ៉ា​ ​ ​លោក​ ហុង​ លីម​ បាន​ថ្លែង​ថា​ លោក​ចង់​ឃើញ​ការ​ជជែក​ដោះស្រាយ​បញ្ហា​នយោបាយ​ ដោយសន្តិវិធី​ ជាជាង​ការប្រើប្រាស់​សកម្មភាព​ហិង្សា​ ដែល​ប្រទេស​កាន់​លទ្ធិប្រជាធិប​តេយ្យ​ពិត​ប្រាកដ​ មិនអនុវត្ត​នោះ​ទេ។​ ​

លោក​ ហុង​ លីម​ មានប្រសាសន៍​នៅ​ក្នុង​ឃ្លីប​វីដេអូ​ មួយ​ដែល​ត្រូវ​បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេស​ប៊ុក​ របស់​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​នៅថ្ងៃ​អាទិត្យ​ថា៖​ ​

«នយោ​បាយ​គឺ​ការ​ជជែក​ តវ៉ា​ទាម​ទារ​ពន្យល់​ពី​គោល​ជំហរ​នយោបាយ​ ផ្សេង​ៗ​គ្នា​ ហើយ​បើ​ឲ្យ​កាល​ណា​និយាយ​ខុស​ពី​អញ​ អ្ហូ​ហ្ហែង​បរិហាកេរ្តិ៍​អញ​ ចាប់​ដាក់​គុក​ ទារ​ហ្ហែង​មួយ​លាន​ដុល្លារ​ ទារ​ហ្ហែង​ ២០​ម៉ឺន​ដុល្លារ​ ហើយ​បើ​យក​មួយ​លាន​ដុល្លារ​ឲ្យ​គេ​មកចាក់​រុក​ បំបែក​បំបាក់​គេ​វិញ​ ឬ​អាណា​ ដេក​ជាមួយ​ណា​ អត់​អី​អត់​ជាប់​គុក​ទេអាហ្នឹង​ល្អ​ហើយ​ ឡើង​បុណ្យ​ឡើង​ស័ក្តិ​ទៀត​ប្រសិន​បើ​វាយ​តំណាង​រាស្ត្រ​ អានេះ​គឺ​ថា​ វា​គិត​មើល​ទៅ​ បើ​មិន​តិរិច្ឆាន​ទេ​ គឺ​ថា​ ហ៊ុននិយម​តែ​ម្តង»។

តំណាង​រាស្ត្រ​រូប​នេះ​ បាន​លើក​ឡើង​ ថា​ ការ​ផ្ទេរអំណាច​តាម​បែប​ប្រជាធិបតេយ្យ​ ត្រូវ​តែ​ធានា​ឲ្យ​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ លោក​បន្ថែម​ថា​ ការ​ដណ្តើម​អំណាច​ ដោយការ​ប្រើ​ហិង្សា​ ជា​គំនិត​ចាស់​គំរិល​ ដែល​ពិភពលោក​ មិន​ប្រើ​ប្រាស់​ទៀត​នោះ​ឡើយ។​

កាលពី​ខែតុលា​ ឆ្នាំ​មុន​ លោក​ ហុង​ លីម​ ​ បានដឹកនាំធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ ហ៊ុន ម៉ាណែត​ កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ទីក្រុង​ Melbourne​ រដ្ឋ​ Victoria។ បាតុកម្ម​នាពេល​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ស្លាប់លោក​ កែម​ ឡី​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​ ២០១៦​ ​ដែល​រហូត​មក​ដល់​ពេល​នេះ​ រដ្ឋាភិបាល​កម្ពុជានៅ​មិន​ទាន់​អាច​បង្ហាញ​ការ​ពិត​អំពី​ការ​បាញ់​សម្លាប់​អ្នកវិភាគ​ដ៏​ល្បីល្បាញ​រូប​នេះ​ដល់​មហាជន​ខ្មែរ។​

លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ចាត់​ទុកថា ការ​អធិប្បាយ​របស់​លោក​ ហុង លីម​ ​ជា​ការ​ប្រមាថ​ជាតិ​សាសន៍​ខ្លួនឯង។​ លោក​អះអាង​ថា​ គណបក្ស​ប្រជាជន​នឹង​មិន​បាត់​បង់អំណាច​ នៅ​ក្នុង​ការ​បោះឆ្នោត​នាពេល​ខាង​មុខនោះ​ទេ។

«គណបក្ស​ប្រជា​ជន​ខំធ្វើ​ចង់​ងាប់​ហើយ​ រឿង​អី​មិន​សង្ឃឹម​ថា​ ឈ្នះ​។​ ប្រជាជន​គេ​ទទួល​ផល​ ផល​ប្រយោជន៍​ជាក់​ស្តែង​ ផល​ប្រយោជន៍​ជូន​ជាតិ​ វា​មាន​លើ​គ្រប់​វិស័យ​ ទាំង​អស់​ដែល​មាន​ហើយ​ ហើយ​សួរ​ថា​ តើ​មាន​គណបក្ស​ណា​ដែល​មាន​ស្នាដៃ​អញ្ចឹង​ ហើយ​ប្រជាជន​ល្ងង់​ណាស់​អ្ហី​ ទៅបោះ​ឆ្នោត​ ឲ្យ​អ្នក​ភូតភរ​ កុហក​តាម​ខ្យល់​អញ្ចឹង​ អាហ្នឹង​ម៉េច​។​ ខ្ញុំ​ថា​ ប្រជាពលរដ្ឋ​លោក​មាន​ ឆន្ទៈ​មោះ​មុត​នៅក្នុង​ការ​សម្រេច​ចិត្ត​ ម្ល៉ោះហើយ​ លោក​ប្រកាន់យក​ ការ​គាំទ្រ​ចំពោះ​គណបក្ស​ណា​ ដែល​ធ្វើ​ មិន​ប្រកាន់​យក​គណបក្ស​អ្នកណា​ដែល​ថា​ទេ»។

លោក​ សុខ ឥសាន​ បាន​បន្ត​ថា​ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ នឹង​បន្ត​ចាត់​វិធាន​ការ​ក្តៅ​ គឺការ​ប្រើប្រាស់​កងកម្លាំង​មាន​សមត្ថកិច្ច​ ដើម្បី​បង្ក្រាប​លើ​ក្រុម​ឬ​ ចលនា​ណាមួយ​ ដែល​មាន​ចេតនា​បង្ក​អសិ្ថរភាព​នៅ​ក្នុង​សង្គម​ ឬក៏​ផ្តួច​ផ្តើមគំនិតធ្វើ​បដិវត្តន៍​ទម្លាក់​រដ្ឋាភិបាល។​

អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ខ្មែរ​ ព្យាករណ៍​ថា​ គណបក្ស​កាន់​អំណាច​ អាច​នឹង​បាត់​បង់​ការ​គាំទ្រ​ច្រើន​បន្ថែម​ទៀត​ ប្រសិនបើ​គណបក្ស​នេះ​ បន្ត​ឲ្យ​មានសកម្មភាព​ហិង្សា​កើត​ឡើង​ ជាមួយ​នឹង​ការ​រឹតដ្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ និង​ ​បញ្ចេញ​មតិ​ដោយសន្តិវិធី​ និង​អហិង្សា​។

លោក​ មាស​ នី​ អ្នកសិក្សា​ស្រាវ​ជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម​ ប្រាប់​ VOA​ ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សាង​ រឿង​រ៉ាវ​អាក្រក់ៗ​ជាច្រើន​ កាលពី​ឆ្នាំ​ ២០១៦​ ដូច​ជា​ការធ្វើ​ទុកបុកម្នេញ​លើក្រុម​អ្នកការ​ពារ​សិទ្ធិមនុស្ស​ និង​ការ​លើក​ដម្កើង​ជន​ដែល​បង្កហិង្សាលើ​តំណាងរាស្ត្រ​របស់គណបក្ស​ប្រឆាំង។​ លោក​បញ្ជាក់​បន្ត​ទៀត​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ក្តាប់​អំណាច​ជិត​ ៤០​ឆ្នាំ​មកនេះ​ អាច​នឹង​ប្រឈម​ការ​បាត់​បង់​ជំនឿ​ពី​ម្ចាស់​ឆ្នោត​ ដោយ​សារ​រឿង​រ៉ាវ​ទាំង​អស់​នេះ​។

«ខ្ញុំ​មើល​ទៅ​ គណបក្ស​ប្រជាជន​មិន​ដឹងថា​ យ៉ាង​ម៉េច​ បាន​ជា​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយនេះ​ គាត់​ក៏ហាក់​ដូច​ជា​ ធ្វើ​អ្វី​ទៅ​វា​ចេះ​តែ​ខុស​ វាចេះ​តែ​ខុស​ទំនង​ស្អី​ ដែល​ពលរដ្ឋ​យល់​ដឹងពល​រដ្ឋ​ថា​ មើល​ទៅ​វា​មិន​សម​ភ្នែក​របស់​គាត់​បាទ»។

លោក​ ហុង​ លីម​ បាន​លើកឡើង​កាល​ពីពេល​កន្លងមក​ថា ​ការ​ណ៍​ដែលរដ្ឋាភិបាល​កម្ពុជា​ដាក់​លោក​ជា​ជន​មិនត្រូវ​បាន​ស្វាគមន៍​នោះ​គឺ​ជា​ទង្វើ​មិន​ស្ថិត​លើគោលការណ៍​ច្បាប់ ​និង​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា ​ហើយ​លោក​ថា​ លោក​នឹង​ប្តឹង​តវ៉ា​ចំពោះ​ការ​សម្រេច​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG