ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​សុំ​ឱ្យ​បញ្ចប់​សំណុំរឿង​ប្រឆាំង​អ្នកការពារ​សិទ្ធិ​មនុស្ស​កម្ពុជា


រូបឯកសារ៖ លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ​ប្រាប់​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​តុលាការ​កំពូល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ​ប្រាប់​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​តុលាការ​កំពូល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

នៅក្នុង​សេចក្តីថ្លែងការណ៍​រួមគ្នា​នៅ​ថ្ងៃអង្គារ​​ ក្រុម​​អង្គការ​លើកលែង​ទោស​អន្តរជាតិ(Amnesty International) ​អ្នកការពារសិទ្ធិ​ជនស៊ីវិល (Civil Rights Defenders) ​គណៈកម្មាធិការ​ក្រុម​អ្នក​ច្បាប់​អន្តរជាតិ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) បាន​ចាត់ទុក​ថា​ នេះ​គឺ​ជា​សំណុំរឿង​ដែលមានលក្ខណៈនយោបាយ​ដែលមាន​ចេតនា​បំភិតបំភ័យ​អ្នកការពារសិទ្ធិ​មនុស្ស។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន​បានស្នើ​សុំ​ឱ្យ​អាជ្ញាធរកម្ពុជា​ទម្លាក់ចោល​ការ​ស៊ើប​អង្កេត​លើ​អ្នក​ការពារសិទ្ធិ​មនុស្ស​កម្ពុជា​ គឺលោក ​អំ សំអាត ​និង​លោក​ចាន់ ពុទ្ធិស័ក្ត​ជាបន្ទាន់។​

នៅក្នុង​សេចក្តីថ្លែងការណ៍​រួមគ្នា​នៅ​ថ្ងៃអង្គារ ក្រុមអង្គការ​លើកលែង​ទោស​អន្តរជាតិ(Amnesty International) ​អ្នកការពារសិទ្ធិ​ជនស៊ីវិល (Civil Rights Defenders) ​គណៈកម្មាធិការ​ក្រុម​អ្នក​ច្បាប់​អន្តរជាតិ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) បាន​ចាត់ទុក​ថា​ នេះ​គឺ​ជា​សំណុំរឿង​ដែលមានលក្ខណៈនយោបាយ​ដែលមាន​ចេតនា​បំភិតបំភ័យ​អ្នកការពារសិទ្ធិ​មនុស្ស។

លោក​ស្រី ​ចម្ប៉ា ប៉ាថែល ​នាយក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​និង​ប៉ាស៊ីហ្វិក​នៃ​អង្គការលើកលែង​ទោស​អន្តរជាតិ (Amnesty International)​បាន​បញ្ជាក់​ថា​៖

«ការស៊ើបអង្កេត​លើ​លោក​សំអាត​និង​លោក​ពុទ្ធិស័ក្តដោយ​អាជ្ញាធរ​កម្ពុជា​គឺ​ជាការមិនគួរ​ឱ្យ​ជឿ​ទាល់តែសោះ​ហើយ​វា​គឺ​ជាករណី​ជាក់​ស្តែង​នៃការ​យាយី​ខាងផ្លូវតុលាការ។ តាម​ធម្មតា​ការប្រើ​ប្រាស់​កម្លាំង​ជ្រុលហួស​មិន​ចាំ​បាច់​ដោយ​កងកម្លាំង​សន្តិសុខ​គឺ​មិន​ដែល​ទទួល​ការ​ដាក់​ទោសអ្វី​ទេ​ហើយ​អ្នក​ដែល​លើក​កម្ពស់​និង​ការពារ​សិទ្ធិ​មនុស្ស​តែងតែ​ប្រឈម​នឹង​ដំណើរការ​រឿង​ក្តី​ព្រហ្មទណ្ឌ​នៅតុលាការ‍»។​

​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​កោះ​ហៅ​លោក​ អំ​ សំអាត​ ប្រធាន​ការិយាល័យបច្ចេកទេស​ស៊ើប​អង្កេត នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ និង​លោក​ ចាន់ ពុទ្ធិស័ក្ត​ សកម្មជន​ការពារ​សិទ្ធិ​លំនៅដ្ឋាន​ នៅ​តំបន់​បឹងកក់​ ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ពុធនេះ​ក្នុង​នាម​ជា​ជន​សង្ស័យ​ ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​ ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​១០​ ខែ​តុលា​ ឆ្នាំ​២០១៦។​

លោក​ហ្វៀល រ៉ូប៊ឺតសុន (Phil Robertson) ​នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ​ប្រចាំ​តំបន់​អាស៊ី​បាន​បញ្ជាក់​ថា៖

«សំណុំរឿង​ប្រឆាំង​នឹង​លោក​សំអាត​និង​លោក​ពុទ្ធិស័ក្ត​គឺ​ជាផ្នែកមួយ​នៃ​កិច្ចខិតខំប្រឹងប្រែង​យ៉ាងធំ​របស់​អាជ្ញាធរ​កម្ពុជា​ដើម្បី​ទម្លាក់​តម្លៃ​នៃ​ការងារ​ស្របច្បាប់​របស់​អង្គការ​សិទ្ធិ​មនុស្ស​និង​បង្ហាញ​ពី​ការ​គំរាម​កំហែង​ដាក់​គុក​យ៉ាងច្បាស់​ដល់​អ្នក​ការពារសិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស។

លោក​បាន​បន្ថែម​ថាយុទ្ធនាការ​គំរាម​កំហែង​នេះ​ត្រូវ​តែ​បញ្ឈប់​ជាបន្ទាន់។ ​

លោក​ អំ​ សំអាត​ និង​លោក​ចាន់ ពុទ្ធិស័ក្តរង​ការ​វាយដំ​ពីកង​សន្តិសុខ​មួយ​ក្រុម​ក្នុង​ពេល​ដែល​លោក​តាម​ឃ្លាំមើល​ការប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ក្នុង​ទីក្រុង​ភ្នំពេញ។ នេះ​បើ​តាម​សាក្សី​និង​វីដេអូ​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម។

លោក ​ឃីងលី អាបុត (Kingsley Abbott) ​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែកច្បាប់​នៃ​គណៈកម្មាធិការ​ក្រុម​អ្នក​ច្បាប់​អន្តរជាតិ​បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​កម្ពុជា​គួរតែ​សរសើរ​ដល់​ការងារ​របស់​លោក​សំអាត​និង​លោក​ពុទ្ធិស័ក្ត​ហើយ ​«សំណុំរឿង​នេះ​ត្រូវ​តែ​បញ្ចប់​ជាផ្លូវការនិង​ជាបន្ទាន់​និង​ត្រូវ​មាន​ការ​ស៊ើបអង្កេត​ដោយ​ពិតប្រាកដ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​កម្លាំង​ជ្រុលហួស​របស់​ក្រុម​សន្តិសុខ‍»៕

XS
SM
MD
LG