ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយ​ក្រុម​ជំរុញ​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ

  • VOA Khmer

លិខិត​របស់សមាជិកព្រឹទ្ធសភា​សហរដ្ឋអាមេរិក​៨រូបផ្ញើ​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី Nikki Haley ធ្វើ​ការ​ជំរុញ​អង្គការ​សហប្រជាជាតិ​ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​។​ (Web Screenshot)

ក្រុម​សមាជិក​ព្រឹទ្ធសភា​ទាំង ៨ រូប បាន​ជំរុញ​លោកស្រី Nikki Haley នៅ​ក្នុង​លិខិត​នោះ​ថា៖ «យើង​ទាំង​អស់​គ្នា​ស្នើ​ឲ្យ​អ្នក​ជំរុញ​ឲ្យ​បាន​ខ្លាំងក្លា​ដល់​ដៃគូ និង​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​ឯ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ឲ្យ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ចំនួន ៨ រូប ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ បាន​រួម​គ្នា​ស្នើ​ឲ្យ​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី Nikki Haley ធ្វើ​ការ​ជំរុញ​អង្គការ​សហប្រជាជាតិ​ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ «ដ៏​ក្មេង​ខ្ចី និង​ផុយ​ស្រួយ​របស់​កម្ពុជា» ដើរ​ថយ​ក្រោយ ដោយសារតែ «រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការ​វាយ​ប្រហារ​លើ​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ»។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី ២៥ ខែ​មករា ឆ្នាំ ២០១៨ នេះ សមាជិក​ព្រឹទ្ធសភា​ទាំង ៨ រូប ដែល​ក្នុង​នោះ​មាន​ទាំង​លោក John McCain សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Arizona ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួល​បន្ទុក​កិច្ចការ​យោធា និង​លោក Ben Cardin សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Maryland ដែល​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួល​បន្ទុក​កិច្ចការ​ទំនាក់ទំនង​បរទេស​ផង​ដែរ បាន​អំពាវនាវ​ឲ្យ​លោកស្រី Nikki Haley ប្រើ​ប្រាស់​ឥទ្ធិពល​របស់​ស្ថាន​បេសកកម្ម​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ និង​មធ្យោបាយ​នានា​នៅ​ក្នុង​រង្វង់​អង្គការ​សហប្រជាជាតិ​ដើម្បី «ផ្ដាច់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​នៅ​ឯកោ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បង្វិល​ស្ថានការណ៍​ឲ្យ​ដូច​ដើម​វិញ ហើយ​ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​បង្វិល​ស្ថានការណ៍​ឲ្យ​ដូច​ដើម​វិញ​នោះ​ទេ នោះ​ត្រូវ​ធ្វើ​យ៉ាង​ណា​ធានា​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ទទួល​បាន​សុពលភាព​ពី​ការ​បោះ​ឆ្នោត​ខុស​ច្បាប់​ដែល​មិន​មាន​ភាព​សេរី និង​យុត្តិធម៌​ជា​ដាច់ខាត»។

សមាជិក​ព្រឹទ្ធសភា​ទាំង ៦ រូប​ទៀត​មាន​ដូចជា​លោក Lindsey Graham ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ South Carolina លោក Dick Durbin ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Illinois លោក Ed Markey ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Massachusetts លោក Cory Gardner ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Colorado លោក Patrick Leahy ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Vermont និង​លោក Marco Rubio ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Flordia។

លិខិត​នោះ​បាន​កត់​សម្គាល់​មួយ​ផ្នែក​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ការ​រំលោភ​បំពាន​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌​ដើម្បី​កាត់​ទោស​គណបក្ស​ប្រឆាំង និង​សកម្មជន​សិទ្ធិ​មនុស្ស​នានា ដោយ​បាន​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​លើ​បទ​ចោទ​ប្រកាន់​មិន​ច្បាស់លាស់​ថា​បាន​ប្រព្រឹត្តិ​អំពើ​ក្បត់​ជាតិ បាន​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត និង​បាន​ហាម​ឃាត់​សមាជិក​គណបក្ស​ប្រឆាំង​ជាង ១ រយ​នាក់ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ជា​ដើម។

លិខិត​នោះ​បាន​បញ្ជាក់​ទៀត​ថា៖ «តាំង​ពី​ខែ​កក្កដា ឆ្នាំ ២០១៥ មក អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ជាង ៣៥ នាក់ ដែល​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​ត្រូវ​បាន​កាត់ទោស និង​ផ្ដន្ទាទោស​នៅ​ក្នុង​សវនាការ​ដែល​គ្មាន​ក្រុម​ប្រឹក្សា​តុលាការ​ផ្ទុយ​ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ។

លិខិត​ដដែល​នោះ​បាន​បន្ថែម​ទៀត​ថា៖ «រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បង្ខំ​ផង​ដែរ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន​បិទ​ទ្វារ និង​បាន​បង្ខំ​ឲ្យ​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​បញ្ឈប់​ការ​ផ្សាយ​កម្មវិធី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ VOA និង​អាស៊ី​សេរី»។

ក្រុម​សមាជិក​ព្រឹទ្ធសភា​ទាំង ៨ រូប បាន​ជំរុញ​លោកស្រី Nikki Haley នៅ​ក្នុង​លិខិត​នោះ​យ៉ាង​ដូច្នេះ​ថា៖ «យើង​ទាំង​អស់​គ្នា​ស្នើ​ឲ្យ​អ្នក​ជំរុញ​ឲ្យ​បាន​ខ្លាំងក្លា​ដល់​ដៃគូ និង​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​ឯ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ឲ្យ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ពិភាក្សា​ជាមួយ​នឹង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធី​មនុស្ស ជាមួយ​នឹង​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​តំណាង​សង្គម​ស៊ីវិល​នានា​ផង​ដែរ។ នៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​នោះ យើង​ទាំង​អស់​គ្នា​ជំរុញ​ឲ្យ​អ្នក​ធ្វើ​ការ​ជាមួយ​នឹង​រដ្ឋាភិបាល​ប្រទេស​ផ្សេងៗ​ដើម្បី​អនុម័ត​នូវ​សេចក្ដី​សម្រេច​ដ៏​ខ្លាំងក្លា​មួយ​ដែល​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ»៕

XS
SM
MD
LG