ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​មិន​ជា​ចំណាប់​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ


បុរសម្នាក់ជិះកាត់ផ្ទះលក់ចាប់ហួយរបស់លោកស្រី យឹម សុឃឿន ក្នុងខេត្តកណ្តាល។ ខាងមុខផ្ទះរបស់លោកស្រីមានផ្លាកសញ្ញាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ (ស៊ុន ណារិន/VOA)
បុរសម្នាក់ជិះកាត់ផ្ទះលក់ចាប់ហួយរបស់លោកស្រី យឹម សុឃឿន ក្នុងខេត្តកណ្តាល។ ខាងមុខផ្ទះរបស់លោកស្រីមានផ្លាកសញ្ញាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ (ស៊ុន ណារិន/VOA)

ការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​បាន​ចូល​មក​ដល់ ​ក៏ប៉ុន្តែ​​ប្រជា​ពលរដ្ឋ​ក៏​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ការ​បោះឆ្នោត​អសកល​នេះ​ដែល​នឹង​ធ្វើ​ឡើង​នៅថ្ងៃ​២៥​ ខែកុម្ភៈ។

នៅ​ក្នុង​ឃុំ​អរិយក្សត្រ​ ស្រុក​ល្វាឯម​ខេត្ត​កណ្តាល​ មនុស្ស​ម្នារ​កំពុង​ឆ្លង​សាឡាង​មក​រាជធានី​ភ្នំពេញ​ នា​ពេល​ព្រឹក ដើម្បី​បំពេញ​ការងារ​របស់​ពួកគេ។ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ក្នុង​ភូមិ​អរិយក្សត្រ​ លោក​ស្រី យឹម សុឃឿន​ អាយុ​៤៨​ឆ្នាំ ​កំពុង​លក់​គ្រឿងទេសក៍នៅ​តូប​តូច​មួយ​ខាង​មុខ​ផ្ទះ។​

នៅ​ពេល​សួរ​អំពី​ការ​បោះឆ្នោត​ព្រឹទ្ធសភា ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​ខាង​មុខ​ លោកស្រី​មាន​ប្រសាសន៍​ថា ​មិន​ដឹង​ថា​ អ្វី​ជា​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា ​និង​តួនាទី​របស់​ព្រឹទ្ធសភា​នោះ​ទេ។

លោកស្រី​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖​

«ព្រឹទ្ធ​សភា​ណា​៥​ឆ្នាំ​បោះ​ម្តង​ហ្នឹង?»​

ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ធ្វើ​ឡើង​រៀងរាល់​៦​ឆ្នាំ​ម្តង។​

លោកស្រី​បាន​ឲ្យ​ដឹង​ថា ​លោកស្រី​រៀន​សូត្រ​បាន​ទាប ​រវល់​នឹង​ការងារ​លក់​ដូរ និង​មិន​សូវ​បាន​តាម​ដាន​ព័ត៌មាន​ ដូច្នេះ​ហើយ​ទើប​លោកស្រី​ មិន​យល់​អំពី​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា។ ​លោកស្រី​តែង​តែ​ទៅ​បោះឆ្នោត​តំណាង​រាស្រ្ត ​និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​កាល​ពី​កន្លង​ទៅ។​

ទោះជា​យ៉ាងណា ​លោកស្រី ​សុឃឿន​ មាន​ប្រសាសន៍​ថា ​ការ​បោះឆ្នោត​ដែលមិន​មាន​គណបក្ស​ប្រឆាំង​ដ៏ធំ​ចូលរួម​ គឺ​គណបក្ស​សង្រ្គោះជាតិ ​ប្រៀប​ដូច​ជា​ការ​ប្រដាល់​ដែល​ប្រកួត​តែ​ឯង។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​

«វា​អត់​ល្អ​ ទាល់​មាន​គូ​ប្រឆាំង ​ដូច​ការ​ប្រកួត​ប្រដាល់​លើ​សង្វៀន​អីចឹង!​ ដល់​យើង​បោះ​តែ​ឯង​ស្ងាត់ៗ ​មាន​អី​ល្អ​មើល!​ ប្រទេស​មួយ​ បើ​អត់​មាន​គណបក្ស​ប្រឆាំង ​ម៉េច​ទៅ​កើត?»​

អ្នក​ធ្វើ​ដំណើរតាម​បណ្តោយ​ផ្លូវ​ព្រះនរោត្តម ជិះកាត់​ស្ថាប័ន​ព្រឹទ្ធសភា ដែល​មាន​ទីតាំង​ជាប់​នឹង​ទីស្នាក់ការកណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ខណ្ឌ​ចំការ​មន រាជធានីភ្នំពេញ។​ (ស៊ុន ណារិន/VOA)
អ្នក​ធ្វើ​ដំណើរតាម​បណ្តោយ​ផ្លូវ​ព្រះនរោត្តម ជិះកាត់​ស្ថាប័ន​ព្រឹទ្ធសភា ដែល​មាន​ទីតាំង​ជាប់​នឹង​ទីស្នាក់ការកណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ខណ្ឌ​ចំការ​មន រាជធានីភ្នំពេញ។​ (ស៊ុន ណារិន/VOA)

ព្រឹទ្ធ​សភា​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​មីនា ​ឆ្នាំ​១៩៩៩​ ដើម្បី​បំបែក​ភាព​ទ័លច្រក​នយោបាយ​ ក្រោយ​ការ​បោះឆ្នោត​តំណាង​រាស្រ្ត​ឆ្នាំ១៩៩៨។​ គណបក្ស​ប្រជាជន​កម្ពុជា​ ចង់​ផ្តល់​អំណាច​មួយ​ដល់​សម្តេច​ក្រុមព្រះ​ នរោត្តម ​រណឫទ្ធិ ​ដែល​កាល​នោះ​ជា​ប្រធាន​គណបក្សរាជានិយម ​គឺ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច។ ព្រះអង្គ​បាន​ក្លាយ​ជា​ប្រធាន​រដ្ឋសភា ​នា​ពេល​នោះ​ជំនួស​លោក ជា ស៊ីម ​ដែល​ឡើង​ទៅ​កាន់​ជា​ប្រធាន​ព្រឹទ្ធ​សភា។​

នៅ​ក្នុង​ភូមិ​អរិយក្សត្រ​ដដែល ​VOA ​បាន​សាកសួរ​ប្រជាពល​រដ្ឋ​មួយ​ចំនួន​ តែ​ពួកគាត់​បាន​លើក​ឡើង​ដូចៗ​គ្នា​ថា ​មិន​បាន​ដឹង​អំពី​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា ​និង​តួនាទី​របស់​ព្រឹទ្ធ​សភា​នោះ​ទេ។​

ជា​អ្នក​រត់​រឺម៉ក​កង់​បី ​ដែល​អាច​រក​ប្រាក់​ចំណូល​ប្រមាណ​២​ម៉ឺន​ទៅ​៣ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ​លោក វ៉ាន់ ថារិទ្ធិ ​អាយុ​៣៦​ឆ្នាំ ​កំពុង​រង់ចាំ​ដឹក​ភ្ញៀវ​ចុះ​ពី​សាឡាង។ ​លោក​មាន​ប្រសាសន៍​ថា​ លោក​មិន​ដែល​ឃើញ​សមាជិក​ព្រឹទ្ធ​សភា​ចុះ​មក​ជួយ​ប្រជា​ពលរដ្ឋ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«សមាជិក​ព្រឹទ្ធ​សភា​នីមួយៗ ​មិន​ដែល​ចុះ​មក​ខ្វាយ​ខ្វល់​អំពី​ពលរដ្ឋ​ទេ។​ មាន​តែ​តំណាង​គណៈកម្មការ​កណ្តាល។ ​តំណាង​គណបក្ស​នីមួយៗ»។​ លោក​បន្ត​ថា ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​មិន​បាន​ដឹង​អំពី​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​នោះ​ទេ។​

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖​

«តាម​ពិត​ទៅ​ មិន​ថា​ខ្ញុំ ​មិន​ថាគេ​ទេ ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ចំពោះ​ប្រជាជន​ទូទៅ ​វា​ចូល​ជិត​៩០​ភាគរយ​ហើយ ​គេ​អត់សូវ​ដែល​ខ្វល់។​ វា​អត់ដឹង​យ៉ាង​ម៉េច? ​យើង​ភាគ​ច្រើន ​យើង​ជា​ប្រជា​ពលរដ្ឋ ​មិន​សូវ​យល់​កិច្ចការ​រាជការ​ មិន​ដឹង​ថា ​ការងារ​ព្រឹទ្ធ​សភា ​គេ​តំណាង​ឲ្យ​អី ​ឬ​ធ្វើ​អី​ឡើង​មក​ ដើម្បី​អី»?​

នៅ​ជិត​នោះ​ដែរ​ អ្នក​រត់​រឺម៉ក​កង់​បី​ម្នាក់​ទៀត ​លោក ​ជុំ សំណាង ​អាយុ​៣៥​ឆ្នាំ ​បាន​និយាយ​ថា ​លោក​ក៏​មិន​ដឹង​អំពី​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​នៅ​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​ខាង​មុខ​ដែរ។​ លោក​មាន​ប្រសាសន៍​ថា៖​

អ្នកធ្វើដំណើរត្រៀមឆ្លងកាត់សាឡាងមួយនៅក្នុងខេត្តកណ្តាល ដើម្បីឆ្លងមករាជធានីភ្នំពេញ។ ស្លាកសញ្ញា​គណបក្សប្រជាជនកម្ពុជាត្រូវបានដាក់​នៅទីនោះ។ (ស៊ុន ណារិន/VOA)
អ្នកធ្វើដំណើរត្រៀមឆ្លងកាត់សាឡាងមួយនៅក្នុងខេត្តកណ្តាល ដើម្បីឆ្លងមករាជធានីភ្នំពេញ។ ស្លាកសញ្ញា​គណបក្សប្រជាជនកម្ពុជាត្រូវបានដាក់​នៅទីនោះ។ (ស៊ុន ណារិន/VOA)

«អត់​ដឹង ​មិន​ដឹង​ព្រឹទ្ធសភា​បោះឆ្នោត​ម៉េច​ផង!​ ដូច​អត់​ដែល​ឮ​ មិន​ដែល​ឮ​មែន​អីតើ»។​

នៅ​ក្នុង​ហាង​តាម​ផ្លូវ​លក់​អាហារ​ពេល​ព្រឹក​មួយ ​លោកស្រី​ ហ៊ុន គីមណាយ​ អាយុ​៦៥​ឆ្នាំ ​មាន​ប្រសាសន៍​ថា ​លោកស្រី​មិន​បាន​ដឹងថា​ ​អ្វី​ទៅ​ជា​ព្រឹទ្ធ​សភា​នោះ​ទេ។​ នៅ​ពេល​កំពុង​ពិសារ​អាហារ​ពេល​ព្រឹក​ លោកស្រី​ដែល​មាន​ការ​ងារ​ជា​អ្នក​កោសខ្យល់​តាម​ភូមិ ​និង​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​មាន​តួនាទី​ជា​ប្រធាន​ក្រុម​មើល​ប្រជា​ពលរដ្ឋ​ចំនួន​៣​គ្រួសារ​ក្នុង​ភូមិ ​បាន​ថ្លែង​ថា៖​

«អត់​ដឹង​ព្រឹទ្ធ​សភា​យ៉ាង​ម៉េច​!​ បាន​ខ្ញុំ​ថា ​ព្រឹទ្ធសភា​ កន្លែង​សភា​ហ្នឹង​គេ​ធ្វើការ​ហ្នឹង​ហើយ ​ក្រែង​គេ​ហៅ​ពាក្យ​អី​មួយ​ទៀត​អីចឹង​ហា៎»។​

តួនាទី​សំខាន់​របស់​ព្រឹទ្ធ​សភា​ គឺ​ពិនិត្យ​មើល​សេចក្តី​ព្រាង​ច្បាប់ ​ឬ​ស្នើ​ច្បាប់ ដែល​បញ្ជូន​មក​ពី​រដ្ឋសភា។ ​អង្គ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ គឺ​តំណាង​រាស្រ្ត​ក្នុង​តំណែង​ទាំង​១២៣​រូប​ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​តំណែង​ចំនួន​១១៥៧២​នាក់។ ​សមាជិក​ព្រឹទ្ធ​សភា​៤រូប​ នឹង​ត្រូវ​តែង​តាំង​ដោយ​ផ្ទាល់​ពី​ព្រះ​មហា​ក្សត្រ​និង​រដ្ឋសភា។ ចំណែក​សមាជិក​ព្រឹទ្ធ​សភា​ថ្មី​ចំនួន​៥៨​រូប​ទៀត ​នឹង​ត្រូវ​ជ្រើស​រើស​ដោយ​ការ​បោះ​ឆ្នោត។​

ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ខាង​មុខ​ នឹង​មាន​វត្ត​មាន​គណបក្ស​នយោបាយ​ចំនួន​៤​ចូល​រួម ​ដោយ​មិន​មាន​វត្ត​មាន​គណបក្ស​សង្រ្គោះ​ជាតិ ​ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​មុន។

សមាជិក​ក្រុមប្រឹក្សា​ឃុំ​ពពេល​ ចំនួន​៧​នាក់ ​ក្នុង​ស្រុក​ត្រាំកក់ ​ខេត្ត​តាកែវ ​នឹង​ទៅ​បោះឆ្នោត​ព្រឹទ្ធ​សភា ​ដែល​ជា​ការ​បោះឆ្នោត​មួយ​ប្រជាជន​តិច​តួច​ណាស់​ បាន​ដឹង ​ឬ​ក៏​យក​ចិត្ត​ទុក​ដាក់។​ នៅ​ក្នុង​ឃុំ​មួយ​នេះ ​គណបក្ស​សង្រ្គោះ​ជាតិ​ឈ្នះ​អាសនៈ​ឃុំ​ច្រើន​ជាង​គណបក្ស​ប្រជាជន​កម្ពុជា ​កាល​ពី​ការ​បោះឆ្នោត​ឃុំសង្កាត់​ខែ​មិថុនា ​ឆ្នាំ​២០១៧ ​ប៉ុន្តែ​ក្រោយ​មក​អាសនៈ​របស់​ពួក​គេ​ត្រូវ​បាន​បែង​ចែក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់។​

លោក ​ទូច ប៉ាវ ​ជា​មេឃុំ​ពពេល ​ដែល​អង្គុយ​នៅ​ខាង​មុខ​ក្រុម​ប្រឹក្សា​ផ្សេង​ទៀត មាន​ប្រសាសន៍​ថា ​លោក​និង​ក្រុម​ប្រឹក្សា​ផ្សេង​ទៀត​ នឹង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​មាន​ប្រសាសន៍​ថា៖​

«អាហ្នឹង ​តាម​គោល​ការណ៍​ច្បាប់ ​វា​ត្រូវ​តែ​បោះ​ហើយ​គណបក្ស​ប្រជាជន​ ព្រោះ​យើង​ជា​សមាជិក​គណបក្ស​ប្រជាជន ​ហើយ​យើង​នឹងត្រូវ​បោះ​ជូន​គាត់។​ ​អាហ្នឹង​វា​អីចឹង។​ សិទ្ធិ​សេរីភាព​របស់​គេ​ម្នាក់ៗ ​ជួន​កាល​គេ​អាច​ទៅ​បក្ស​ណា ​អាហ្នឹង​រឿង​របស់​គេ។​ យើង​មិន​អាច​ដឹង​បាន​ទេ។ ​តែ​សម្រាប់​ខ្ញុំ​ គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ហើយ ​ព្រោះ​គោល​ដៅ​របស់​ខ្ញុំ ​ខ្ញុំ​វា​កើត​នៅ​ហ្នឹង ​រស់​នៅ​ហ្នឹង​ហើយ ​វា​ត្រូវ​តែ​ទៅ​ហ្នឹង​ហើយ»។​

មេឃុំ​ពពេល​ លោក​ ទូច ប៉ាវ ​មាន​ប្រសាសន៍​ថា ​លោក​មិន​ដែល​បាន​ជួប​សមាជិក​ព្រឹទ្ធ​សភា​ណា​មួយ​នោះ​ទេ ​បើ​ទោះ​លោក​បាន​ធ្វើ​ជា​ក្រុម​ប្រឹក្សា​រយៈ​ពេល​៥​ឆ្នាំ​ក៏​ដោយ។​ លោក​ក៏​មិន​ដឹង​ថា ​តើ​សមាជិក​ព្រឹទ្ធ​សភា​សរុប​មាន​ប៉ុន្មាន​រូប​ដែរ។​

សមាជិក​ក្រុមប្រឹក្សា​មក​ពី​គណបក្ស​ប្រជាជនកម្ពុជា លោក ទូច ប៉ាវ (​ពីស្តាំ) មេឃុំ​ពពេល ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ និង​អ្នកស្រី ឃុន វ៉ាន់នឿន (ធ្វេង​ទីពីរ) ជំទប់​ទី​ពីរ​ ឈរខាងមុខ​សាលាឃុំ ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​ផ្សេង​ទៀត។ (ស៊ុន ណារិន/VOA)
សមាជិក​ក្រុមប្រឹក្សា​មក​ពី​គណបក្ស​ប្រជាជនកម្ពុជា លោក ទូច ប៉ាវ (​ពីស្តាំ) មេឃុំ​ពពេល ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ និង​អ្នកស្រី ឃុន វ៉ាន់នឿន (ធ្វេង​ទីពីរ) ជំទប់​ទី​ពីរ​ ឈរខាងមុខ​សាលាឃុំ ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​ផ្សេង​ទៀត។ (ស៊ុន ណារិន/VOA)

ចំណែក​លោក ​ជា សុផល ​អតីត​មេឃុំ​ពពេល​ មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ មាន​ប្រសាសន៍​ថា ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ គឺ​មិន​មាន​ន័យ​នោះ​ទេ​ ដោយ​សារ​មិន​មាន​វត្តមាន​គណបក្ស​ប្រឆាំង។​

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖​

«បោះ​ឆ្នោត​ព្រឹទ្ធ​សភា ​ខ្ញុំ​ចង់​និយាយ​ថា ​បោះ​ដោយសារ​អ្នក​ដែល​ជាប់​អាសនៈ ​ដែល​ប្រជា​ពលរដ្ឋ​ផ្តល់​ឲ្យ​ បាន​ឡើង​ទៅ​បោះ​រើស​តំណាង​ខាង​ព្រឹទ្ធ​សភា​អី​បាន​ តែ​បើ​យក​អ្នក​អត់ ​ប្រជា​ពលរដ្ឋ​បោះ​ឲ្យ ​យក​ទៅ​រើស​ ​មាន​ន័យ​អី ​អាហ្នឹង!​ ​អត់​មាន​ន័យ​អី​ផង!»​

មុន​ការ​បោះឆ្នោត​សាកល​នៅ​ខែ​កក្កដា ​ឆ្នាំ​២០១៨​ ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ នឹង​បម្រើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយសារ​មិន​មាន​វត្តមាន​គណបក្ស​ប្រឆាំង ​ហើយ​អង្គ​បោះឆ្នោត​ស្ទើរ​តែ​ទាំង​អស់ ​គឺ​មក​ពី​គណបក្ស​កាន់​អំណាច។​

លោក ​ហ៊ុន សែន ​បាន​បង្រ្កាប​ជា​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​សកម្មជន​សង្គម​ស៊ីវិល​ និង​គណបក្ស​ប្រឆាំង ​នៅ​មុន​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ខាង​មុខ។​ ការ​បង្រ្កាប​នេះ​ត្រូវ​បាន​អ្នក​រិះគន់​មើល​ឃើញ​ថា ​ជា«ការ​សម្លាប់​លទ្ធិប្រជា​ធិបតេយ្យ»​នៅ​កម្ពុជា។​

លោក ​សូ ចន្ថា​ អ្នក​វិភាគ​នយោបាយ​ មាន​ប្រសាសន៍​ថា ​ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ផ្តាច់ការ​ ​ប្រសិន​បើ​ពុំមាន​សំឡេង​ប្រឆាំង​នៅ​ក្នុង​រដ្ឋ​សភា​ និង​ព្រឹទ្ធ​សភា។​

លោក​មាន​ប្រសាសន៍​ថា៖​

«ទៅ​អនាគត ​ប្រសិន​បើ​គណបក្ស​កាន់អំណាច​គ្រប់គ្រង​អំណាច​តែ​ម្នាក់​ឯង​ ​ នោះ ​វា​ជា​ដំណើរ​មួយ​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ហ្នឹង​ មិន​អាច​ដំណើរ​ការ​ដោយ​រលូន ​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​គុណ​តម្លៃ​នោះ​ទេ។ ​ហើយ​កម្ពុជា​អាច​នឹងឈាន​ទៅ​រក​អំណាច​មួយ ​ដែល​យើង​ហៅ​ថា ​ជា​អំណាច​ផ្តាច់​ការ​ក៏​ថា​បាន ​ឬ​ក៏​ជា​អំណាច​មួយ​ដែល​ដឹកនាំ​តែ​ម្នាក់​ឯង​ មិន​ខ្វល់​ ពោល​គឺ​ជិះ​សេះ​លែង​ដៃ»។​

អ្នក​នាំពាក្យ​ព្រឹទ្ធ​សភា ​លោក ម៉ម ប៊ុននាង ​បាន​ច្រាន​ចោល​ការ​រិះគន់​ដែល​ថា ​ព្រឹទ្ធ​សភា​ចាំ​តែ​ប្រថាប់​ត្រា​នោះ។ ​លោក​មាន​ប្រសាសន៍​ថា៖​

«យើង​ធ្វើ​តាម​រដ្ឋធម្មនុញ្ញ ​និង​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​ព្រឹទ្ធ​សភា»។​

កាល​ពី​ថ្ងៃ​សុក្រ ​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សំណង់​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​នៅ​ក្នុង​ខេត្ត​កំពង់ចាម ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​ដែល​ជា​ប្រធាន​គណបក្ស​កាន់​អំណាច ​មាន​ប្រសាសន៍​ថា ​លោក​មិន​មែន​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា ​ហើយ​លោក​ក៏​នឹង​មិន​ចូលរួម​ឃោសនា​ឲ្យ​បេក្ខជន​ណា​មួយ​នោះ​ដែរ។​

លោក​បាន​ថ្លែង​ថា៖​

«ខ្ញុំ​មិន​មែន​ជា​បេក្ខជន​នៃ​ការ​ឃោសនា​ជ្រើស​សមាជិក​ព្រឹទ្ធ​សភា​ទេ ​ហើយ​ខ្ញុំ​ក៏​មិន​ជួយ​ឃោសនា​បោះឆ្នោត​ឲ្យ​សមាជិក​ព្រឹទ្ធ​សភា​ដែរ​ ទោះបី​ជា​ខ្ញុំ​ជា​ប្រធាន​គណបក្ស​ប្រជាជន​ក៏​ដោយ។​ អីចឹង​ខ្ញុំ​នឹង​បន្ត​ជួប​ជាមួយ​កម្មករ។​ ខ្ញុំ​នឹង​បន្ត​ជួប​ជាមួយ​នឹង​អ្នក​នេះ ​អ្នក​នោះ ​ក្នុង​ឋានៈ​ខ្ញុំ​ជា​នាយក​រដ្ឋមន្រ្តី​នៃ​រាជ​រដ្ឋាភិបាល។ ​បើ​ពេល​ហ្នឹង ​ខ្លួន​ឯង​មិន​ចុះ​ទៅ​ទេ ​គេ​មិន​បោះ​ឲ្យ​ អាហ្នឹង​គឺ​រឿង​របស់​លោក​ឯង​ទេ។ ​ជាប់​ ឬ​មិន​ជាប់​ហី!»​

ចាប់​ពី​ថ្ងៃ​សោរ៍ ​គឺ​ថ្ងៃ​ទី​១០​ ដល់​ថ្ងៃ​ទី​២៣ ​ខែកុម្ភៈ ​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចាប់​ផ្តើម​កិច្ច​ប្រជុំ​ជាមួយ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស ​និង​ចាប់​ផ្តើម​សកម្មភាព​ឃោសនា​បោះឆ្នោត​ព្រឹទ្ធ​សភា។​

នៅ​ខាង​មុខ​ទីស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​ គណបក្ស​បាន​ដាក់​ឧគ្ឃោសនា​ស័ព្ទបំពង​សំឡេង​ផ្សព្វផ្សាយ​អំពី​ស្នាដៃ​របស់​គណបក្ស៕

XS
SM
MD
LG