គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប.បានប្រកាសពីឯករាជ្យភាពនៅក្នុងកិច្ចការរៀបចំការបោះឆ្នោត នៅពេលមានការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភាសម្រាប់នីតិកាលទី៤ ដែលមិនបានទាញចំណាប់អារម្មណ៍ពីសំណាក់សាធារណជនខ្មែរទូទៅ ហើយនិងរងការរិះគន់ថា គណបក្សនយោបាយមួយចំនួនមិនមានភាពជាតំណាងធ្វើជាអង្គបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
ក្រុមប្រតិកម្មព័ត៌មានរបស់គ.ជ.ប.បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងន័យដើមថា៖
«គ.ជ.ប.ជាអង្គការដែលមានសមត្ថកិច្ចរៀបចំ ចាត់ចែង គ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ព្រមទាំងការបោះឆ្នោតផ្សេងៗទៀតតាមការកំណត់នៃច្បាប់។ គ.ជ.ប.ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនប្រកបដោយឯករាជ្យ និងអព្យាក្រឹត្យដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រតិកម្មព័ត៌មានគ.ជ.ប.មិនបានផ្តល់ហេតុផលលម្អិតនៃការចេញមកការពារភាពជាអាជ្ញាកណ្តាលរបស់ខ្លួននោះទេ។ តែការថ្លែងរបស់គ.ជ.ប.យ៉ាងដូច្នេះ បានធ្វើឡើង ក្រោយពីគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលដោយតុលាការកំពូលតាមបណ្តឹងក្រសួងមហាផ្ទៃ បានប្រកាសមិនទទួលស្គាល់ការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភានេះ។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅដោយនិរទេសខ្លួននៅក្រៅប្រទេសបានហៅដំណើរការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដោយគ្មានគណបក្សប្រឆាំងថា ជារឿងការបោះឆ្នោត«ឡប់ឡែ»។
សេចក្តីថ្លែងការណ៍របស់គ.ជ.ប.បានពន្យល់ទៀតថា មានតែក្រុមប្រឹក្សាធម្មនុញ្ញទេ ដែលមានសមត្ថកិច្ចធានា ការពារ ការគោរពរដ្ឋធម្មនុញ្ញ ការបកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់។
សេចក្តីថ្លែងការណ៍ដដែលបានបន្តថា គ.ជ.ប.មិនប្រព្រឹត្តអ្វីដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ ផ្ទុយនឹងច្បាប់ ដែលនេះជាត្រីវិស័យតែមួយគត់ ដែល គ.ជ.ប.ត្រូវតែអនុវត្តជាដាច់ខាត។ គ.ជ.ប.ទទួលស្គាល់ថា ជាភាគីពាក់ព័ន្ធការបោះឆ្នោត លុះត្រាតែភាគីនោះ សង្គមស៊ីវិលនោះ ឬគណបក្សនយោបាយនោះដំណើរការស្របតាមច្បាប់ប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍របស់គ.ជ.ប.បានសរសេរក្នុងន័យដើមថា៖
«ដើម្បីអាចធានាបាននូវភាពត្រឹមត្រូវតាមគន្លងច្បាប់ និងភាពអាចឲ្យជឿទុកចិត្តបានចំពោះការបោះឆ្នោត គ.ជ.ប.ត្រូវអនុវត្តគោលការណ៍ជាមូលដ្ឋានចំនួន៧គឺ៖ ឯករាជ្យភាព អព្យាក្រឹត្យភាព សុចរិតភាព តម្លាភាព ប្រសិទ្ធភាព វិជ្ជាជីវៈភាព និងភាពជាអ្នកបម្រើសេវា»។
លោក រ៉ុង ឈុន អតីតសមាជិក គ.ជ.ប. មកពីកូតាគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោលតាមបណ្តឹងរបស់រដ្ឋាភិបាល មានប្រសាសន៍ថា គ.ជ.ប.កំពុងបារម្ភពីការទស្សនៈរបស់មជ្ឈដ្ឋានទូទៅទាក់ទិនសកម្មភាពការងាររបស់ខ្លួន ទើបគ.ជ.ប.ចេញសេចក្តីថ្លែងការណ៍ដែលមិនគួរធ្វើឡើងនេះ។
«ដូចមិនមានជាហេតុផលអី ដែលត្រូវប្រកាស ចេញសេចក្តីថ្លែងការណ៍ប្រកាសអះអាងអំពីជំហអីហ្នឹងទេ។ ការប្រកាសអះអាង បង្ហាញថា ជំហរខិតខំធ្វើការងារហ្នឹង ដោយសារតែមានការរអៀសខ្លួន ដែលមជ្ឈដ្ឋានទូទៅ គេវាយតម្លៃ មើលទៅវាមិនល្អ។ អាហ្នឹងជាការប្រកាស ដើម្បីថា ការពារខ្លួន ហើយនិងរអៀសខ្លួនឯងទេ បាទ»។
លោករ៉ុង ឈុន ដែលជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងបន្ថែមថា ដំណើរការរៀបចំបោះឆ្នោតជ្រើសរើសព្រឹទ្ធសភានេះនឹងមិនស្ថិតក្នុងក្រសែភ្នែករបស់ក្រុមអ្នកនយោបាយ និងប្រជាពលរដ្ឋនោះទេ ព្រោះស្ថាប័នមួយនេះបានបាត់បង់ធាតុដើមរបស់ខ្លួន ហើយក៏កំពុងចាត់ចែងទីលានប្រកួតបាល់ទាត់មួយ ដែលមានតែក្រុមបាល់ទាត់ម្ខាងប៉ុណ្ណោះ។
«ក្រុមកីឡាបាល់ទាត់ វាទាត់ ទាល់តែវាមានក្រុមហ្នឹង វាមានពីរក្រុម ហើយកម្លាំង ប្រហាក់ប្រហែលគ្នា ហើយបើសិន យើង បាល់ទាត់យើងទាត់តែក្រុមគ្នាយើង តែមួយក្រុមហ្នឹង អាហ្នឹងអ្នកទស្សនាមិនទៅចាប់អារម្មណ៍ទេបាទ»។
យ៉ាងណាក៏ដោយ ក្រុមប្រតិកម្មព័ត៌មានរបស់គ.ជ.ប.បានរៀបរាប់ថា «គ្មាននរណាមា្នក់មានសិទ្ធិមករារាំងការងាររបស់គ.ជ.ប.បានទេ ជាពិសេស គ.ជ.ប.កំពុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២០១៨»។
លោកសំ គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត Nicfec យល់ថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាដែលកំពុងប្រព្រឹត្តទៅមុខនេះ មិនមានបញ្ហាអ្វីទេ ទាក់ទិននីតិវិធី តែបេក្ខជន និងបេក្ខនារីដែលឈរឈ្មោះទំនងជាប្រឈមការចោទសួរអំពីភាពជាតំណាងរបស់ខ្លួន ខណៈដែលមិនមានវត្តមានគណបក្សប្រឆាំង។
«ចាំមើលយុទ្ធនាការឃោសនាបោះឆ្នោតនេះ ប្រជាពលរដ្ឋហ្នឹងអាចមានការសាកសួររឿងបញ្ហា រឿងមិនមែនជាតំណាងរបស់គាត់។ គណបក្សដែលគាត់បោះឲ្យឆ្នោតឲ្យកន្លងមក ឬយ៉ាងម៉េច? យើងអាចនឹងប្រឈមនឹងបញ្ហាហ្នឹងដែរ ព្រោះអី តាមខ្ញុំទទួលព័ត៌មានខ្លះហ្នឹងគឺ បើទៅតាមតំបន់ខេត្តនានាៗហ្នឹង គេចង់ជួបតំណាងរាស្ត្រដែលទើបបានទទួលអាសនៈថ្មីដែរ ព្រោះគេចង់មានការសាកសួរដែរណា បាទ»។
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគ.ជ.ប.សុំមិនធ្វើការអធិប្បាយបន្ថែមលើសេចក្តីថ្លែងការណ៍របស់ គ.ជ.ប.ទេ ព្រោះលោកជាប់រវល់។
«ទីមួយខ្ញុំជាប់ប្រជុំបន្តិច។ ទីពីរ ខ្ញុំចង់ជម្រាបប្អូនថា ខ្ញុំអត់មានអត្ថាធិប្បាយអីទៀតទេ ក្រៅតែពីខ្លឹមសារនៅក្នុងសេចក្តីថ្លែងការណ៍ហ្នឹងណា៎!»
បន្ទាប់ពីតុលាការកំពូលបានចេញសាលដីការំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ រហូតមានការបែងចែកអាសនៈរបស់បក្សប្រឆាំងទៅឲ្យគណបក្សតូចៗមិនជាប់ឆ្នោតក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣ មន្ត្រីនាំពាក្យគ.ជ.ប.ដែលប្រសូតិចេញពីកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវគេសង្កេតឃើញថា បានរក្សាភាពស្ងៀមស្ងាត់ និងមិនបានផ្តល់ការអធិប្បាយច្រើនជុំវិញការបែងចែកអាសនៈសភាដែលរងការរិះគន់ពីក្រុមអ្នកសង្កេតការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជានិងក្រៅប្រទេស។
ជាងនេះទៅទៀត កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៧ លោក គួយ ប៊ុនរឿន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអតីតអនុប្រធានគ.ជ.ប.និងលោក រ៉ុង ឈុន ព្រមទាំងអ្នកស្រី តែ ម៉ានីរ៉ុង ដែលជាអតីតសមាជិកគ.ជ.ប.មកពីកូតាគណបក្សសង្គ្រោះជាតិ បានសុំលាលែងពីតំណែង។ ពួកគេអះអាងថា ពួកគេមិនក្បត់ឆន្ទៈនយោបាយរបស់ប្រជាពលរដ្ឋជាងបីលាននាក់ដែលបានបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ ដោយបន្តបម្រើការក្នុងស្ថាប័នបោះឆ្នោតមួយនេះតទៅទៀតនោះទេ៕