អង្គការការពារសិទ្ធិមនុស្សHuman Rights Watchបានស្នើឲ្យសហភាពអឺរ៉ុបចាត់«វិធានការខ្លាំងៗ»ឆ្លើយតបនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលមិនព្រមស្តារលទ្ធិប្រជាធិបតេយ្យនិងថែមទាំងបានប្រើវិធានការក្តៅដើម្បីបង្ក្រាបក្រុមអ្នករិះគន់ក្នុងរយៈពេលថ្មីៗនេះ។
ចំណាត់ការដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះស្នើឡើងកាលពីថ្ងៃចន្ទគឺការដាក់ទណ្ឌកម្មដោយផ្ទាល់លើឧត្តមសេនីយ៍ប៉ូលិសនិងយោធាចំនួន១២រូបដែលអង្គការនេះរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរអស់ជាច្រើនឆ្នាំហើយ។
ការអំពាវនាវនេះធ្វើឡើងក្រោយពីសភាសហភាពអឺរ៉ុបបានអនុម័តកាលពីសប្តាហ៍មុននូវសេចក្តីសម្រេចដែលមាន២៥ចំណុចថ្កោលទោសរដ្ឋាភិបាលកម្ពុជាដែលបន្តធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សបន្តដើរថយក្រោយដែលក្នុងនោះមានការចោទប្រកាន់និងយកមកកាត់ទោសមេដឹកនាំនិងអ្នកគាំទ្របក្សប្រឆាំងជាច្រើននាក់ ការវាយប្រហារលើអ្នកសារព័ត៌មាននិងបណ្តាញសារព័ត៌មានឯករាជ្យនិងច្បាប់ថ្មីៗដែលបង្ក្រាបអ្នករិះគន់។
នៅក្នុងអត្ថបទមួយផ្សាយជាសាធារណៈអង្គការHuman Rights Watch បានថ្លែងថាគណៈកម្មការអឺរ៉ុបមិនបានចាត់ទុកការសម្រេចដកឋានៈអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងសព្វាវុធ(EBA)ចំនួន២០ភាគរយពីកម្ពុជាកាលពីខែសីហាឆ្នាំមុនថាជារឿងតូចតាចទេបើផ្អែកលើផលប៉ះពាល់ដែលអាចកើតមានឡើងលើសេដ្ឋកិច្ចកម្ពុជា។ ដូច្នេះអ្វីដែលត្រូវបន្ថែមគឺទណ្ឌកម្មដោយផ្ទាល់ចំពោះបុគ្គលគឺសម្រាប់ដាក់ចំជនទាំងឡាយណាដែលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្ស។
អង្គការHuman Rights Watchទាមទារឲ្យក្រុមរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបគួរតែអនុវត្តតាមសេចក្តីសន្និដ្ឋានចុងក្រោយរបស់ខ្លួនក្នុងឆ្នាំ២០១៨ដែលក្នុងនោះគឺក្រុមប្រឹក្សាអឺរ៉ុបបានគំរាមប្រើប្រាស់«វិធានការលើបុគ្គលដោយផ្ទាល់ប្រសិនបើស្ថានការណ៍មិនបានប្រសើរឡើងវិញទេ» ហើយក៏បានទទូចរដ្ឋាភិបាលកម្ពុជាឲ្យឈប់ប្រើប្រព័ន្ធតុលាការជាឧបករណ៍នយោបាយដើម្បីយាយីនិងគំរាមកំហែងអ្នកនយោបាយប្រឆាំង សង្គមស៊ីវិល សកម្មជនសហជីពនិងអ្នកការពារសិទ្ធិមនុស្ស។
លោក Claudio Francavilla មន្ត្រីតស៊ូមតិនៃអង្គការHuman Rights Watch នៅអឺរ៉ុបបានថ្លែងប្រាប់វីអូអេបន្ថែមក្នុងបទសម្ភាសថា៖
«ជាការច្បាស់ណាស់ថាមានការបង្កើនការគាបសង្កត់នៅក្នុងប្រទេសកម្ពុជាដោយមានការកាត់ទោសមន្ត្រីបក្សប្រឆាំងជាច្រើន និងមានការអនុម័តច្បាប់តឹងរ៉ឹងបន្ថែមទៀត។ នេះជារឿងច្បាស់ណាស់ថារដ្ឋាភិបាលកម្ពុជាកំពុងតែដើរបញ្ច្រាសទិសដែលផ្ទុយនឹងលក្ខខណ្ឌដែលគណៈកម្មការអឺរ៉ុបបានតម្រូវដើម្បីបន្តរក្សាឋានៈអនុគ្រោះពន្ធ។ អីចឹងហើយបើវិធីនេះមិនដំណើរការទេគឺត្រូវពិចារណាដាក់វិធានការផ្សេងដើម្បីឆ្លើយតបនឹងការបង្ក្រាបនេះ»។
សេចក្តីសម្រេចរបស់សភាសហភាពអឺរ៉ុបកាលពីសប្តាហ៍មុនក៏បានសម្តែងជំនឿថាការប្រើប្រាស់ទណ្ឌកម្មដោយចំពោះដែលក្នុងនោះមានការហាមឃាត់ការធ្វើដំណើរនិងការបង្កកទ្រព្យសម្បត្តិមេដឹកនាំកម្ពុជានិងផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេគឺដល់ពេលដែលត្រូវធ្វើយូរហើយនិងបានទទូចក្រុមប្រឹក្សាអឺរ៉ុបអនុម័តវិធានការរឹតត្បិតប្រឆាំងនឹងមេដឹកនាំនយោបាយនិងសន្តិសុខដែលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការគាបសង្កត់និងរំលាយគណបក្សប្រឆាំងក៏ដូចជាការប្រឆាំងនឹងផលប្រយោជន៍សេដ្ឋកិច្ចក្រោមច្បាប់ទណ្ឌកម្មដោយការរំលោភសិទ្ធិមនុស្សសាកលរបស់សហភាពអឺរ៉ុប។
ក្នុងឆ្នាំ២០១៨អង្គការHuman Rights Watch បានបោះពុម្ភផ្សាយរបាយការណ៍មួយដែលមានជាភាសារអង់គ្លេសនិងភាសារខ្មែរដែលមានចំណងជើងថា«ឧត្តមសេនីយ៍បាតដៃកខ្វក់ទាំង១២នាក់នៅកម្ពុជា»ដែលជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្រនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដើម្បីដឹកនាំ«តាមរបៀបផ្តាច់ការនៅកម្ពុជានិងបាននាំឲ្យមានការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធនិងធ្ងន់ធ្ងរ»។ ក្នុងចំណោមឧត្តមសេនីយ៍ទាំងនោះរួមមានលោកនាយឧត្តមសេនីយ៍ នេត សាវឿនអគ្គស្នងការប៉ូលិសជាតិដែលជាក្មួយប្រសាររបស់លោកហ៊ុន សែន លោកនាយឧត្តមសេនីយ៍សៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោកប៉ុល សារឿនអតីតអគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទនិងបច្ចុប្បន្នជាទេសរដ្ឋមន្ត្រីទទួលបន្ទុកការងារបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។ប៉ុន្តែក្នុងចំណោមឧត្តមសេនីយ៍ទាំងនេះមានលោកជា ម៉នបានទទួលមរណភាពកាលពីខែតុលាឆ្នាំ២០១៨គឺរយៈពេលតែប៉ុន្មានខែក្រោយពីអង្គការHuman Rights Watch បានចេញរបាយការណ៍ដែលបង្ហាញសកម្មភាពរំលោភសិទ្ធិមនុស្សរបស់ពួកគេ។ លោកឧត្តមសេនីយ៍ជា ម៉នគឺជាអតីតអ្នកគ្រប់គ្រងគណៈបញ្ជាការលេខ៥៧៨របស់របបខ្មែរក្រហម។ លោកបានចូលរួមចលនាផ្តួលរំលំខ្មែរក្រហមជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងបានភៀសខ្លួនទៅប្រទេសវៀតណាមនៅឆ្នាំ១៩៧៨។ នេះបើតាមរបាយការណ៍របស់អង្គការHuman Rights Watch។
លោកClaudio Francavillaបានបន្ថែមថា៖
«សេចក្តីសម្រេចដាក់ទណ្ឌកម្មសាកលថ្មីៗនេះគឺអនុញ្ញាតឲ្យដាក់គោលដៅលើបុគ្គលនីមួយៗដែលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅទូទាំងពិភពលោកហើយជាការពិតណាស់ថាឧត្តមសេនីយ៍បាតដៃកខ្វក់ទាំង១២នាក់ស្ថិតនៅក្នុងជំពូកនេះ»។
ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ២០១៨មកគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែនបានដឹកនាំតែម្នាក់ឯងទាំងនៅស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ កម្ពុជាមិនមានសំឡេងបក្សប្រឆាំងដែលមានសក្តានុពលទៀតទេ។
លោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិនៅតែប្រឈមមុខនឹងក្តីក្តាំនៅតុលាការរាជធានីភ្នំពេញពាក់ព័ន្ធនឹងបទចោទក្បត់ជាតិនិងមិនទាន់អាចធ្វើសកម្មភាពនយោបាយបាននៅឡើយបើទោះបីជាតុលាការដោះលែងលោកនៅក្រៅឃុំដោយមានលក្ខខណ្ឌក៏ដោយ។ រីឯមេដឹកនាំដទៃទៀតនៅបន្តរស់នៅនីរទេសខ្លួនក្រៅប្រទេសដោយអាជ្ញាធរមិនអនុញ្ញាតឲ្យវិលចូលប្រទេសកម្ពុជាវិញនិងត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពី២០ដល់២៥ឆ្នាំ។ ក្នុងចំណោមនេះមានលោក សម រង្ស៊ីដែលជាប្រធានស្តីទីគណបក្សដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន២៥ឆ្នាំពាក់ព័ន្ធនឹងការព្យាយាមវិលត្រឡប់ចូលប្រទេសកម្ពុជាវិញនៅចុងឆ្នាំ២០១៩។
លោកសម រង្ស៊ីបានប្រាប់វីអូអេថាលោកក៏គាំទ្រឲ្យមានការដាក់ទណ្ឌកម្មដោយផ្ទាល់លើជនរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជាផងដែរ៖
«ខ្ញុំឃើញថាស្ថានការណ៍សេដ្ឋកិច្ច ស្ថានការណ៍ហិរញ្ញវត្ថុ ស្ថានការណ៍អន្តរជាតិមានដាក់សម្ពាធមកលើរបបលោកហ៊ុន សែនខ្ញុំជឿថាលោកហ៊ុន សែននឹងដឹងខ្លួនថាត្រូវតែរកដំណោះស្រាយនយោបាយហើយកំុយកតុលាការមកលេងសើចទៀត»។
វីអូអេបានទាក់ទងទៅការិយាល័យអ្នកនាំពាក្យសហភាពអឺរ៉ុបប៉ុន្តែនៅមិនទាន់មានការឆ្លើយតបនៅឡើយទេ។
សហភាពអឺរ៉ុបគឺជាទីផ្សារដ៏ធំជាងគេបំផុតរបស់កម្ពុជាដោយទទួលទិញទំនិញរហូតដល់៤៥%ដែលមានទឹកប្រាក់ជាង៦,៤ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ក្នុងនោះទំនិញជិត៩៦%ត្រូវបាននាំចូលដោយរួចពន្ធ។ ប៉ុន្តែក្នុងឆ្នាំ២០២០បរិមាណនាំចេញបានធ្លាក់ចុះមកត្រឹម៣,៨៦ពាន់លានដុល្លារប៉ុណ្ណោះដោយរដ្ឋាភិបាលកម្ពុជាបានយោងហេតុផលលើការរាតត្បាតនៃជំងឺកូវីដ១៩និងការចាកចេញរបស់ប្រទេសអង់គ្លេសពីសហភាពអឺរ៉ុប។ នេះបើតាមទិន្នន័យរបស់សហភាពអឺរ៉ុបនិងរដ្ឋាភិបាលកម្ពុជា៕