ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីបន្តទៅមុខនូវសវនាការកាត់ទោសលោកអតីតប្រធានាធិបតី Donald Trump។
លោក Trump រងការចោទប្រកាន់ថាបានញុះញង់ឲ្យមានការបះបោរនៅឯវិមានសភាកាលពីខែមុនតាមរយៈការជំរុញក្រុមអ្នកគាំទ្ររបស់លោកឲ្យតតាំងជាមួយនឹងសមាជិកសភា នៅពេលដែលសមាជិកសភាទាំងនោះកំពុងប្រកាសជាផ្លូវការថា លោក Joe Biden ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតី។
ព្រឹទ្ធសភាបានបោះឆ្នោតគាំទ្រក្នុងសំឡេង ៥៦ ទល់នឹង ៤៤ ដើម្បីចាប់ផ្តើមសវនាការបង្ហាញភស្តុតាងនៅក្នុងសំណុំរឿងនេះ ដែលនឹងធ្វើឡើងនៅពេលថ្ងៃត្រង់ថ្ងៃពុធនេះ។
ការបោះឆ្នោតគាំទ្រនេះបានធ្វើឡើង បន្ទាប់ពីមានការជជែកផ្ដល់ហេតុផលអស់រយៈពេល ៤ ម៉ោង អំពីថាតើការកាត់ទោសនេះស្របតាមរដ្ឋធម្មនុញ្ញឬក៏អត់ នៅពេលដែលលោក Trump លែងកាន់តំណែងជាប្រធានាធិបតីរួចទៅហើយនោះ។
សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យដែលធ្វើជារដ្ឋអាជ្ញាចោទប្រកាន់លោក Trump បាននិយាយថា លោក Trump ត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពរបស់លោកនៅក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនៃការកាន់តំណែងរបស់លោកជាប្រធានាធិបតី។
មេធាវីពីររូបរបស់លោក Trump បានអះអាងថា នៅក្នុងការតាក់តែងរដ្ឋធម្មនុញ្ញ ស្ថាបនិកសហរដ្ឋអាមេរិកមានគោលបំណងថា ការចោទប្រកាន់ដើម្បីទម្លាក់ប្រធានាធិបតីពីតំណែងអាចធ្វើបានតែនៅ ក្នុងពេលដែលប្រធានាធិបតីកំពុងនៅកាន់តំណែងតែប៉ុណ្ណោះ ដែលចំណុចនេះគឺមិនអាចទៅរួចនោះទេសម្រាប់ករណីលោក Trump នៅពេលនេះ ដោយសារលោកបានបញ្ចប់អាណត្តិរយៈពេល ៤ ឆ្នាំ ជាប្រធានាធិបតីតាំងពីថ្ងៃទី ២០ ខែមករាមកម្ល៉េះ។
នៅពេលដែលសវនាការកាត់ទោសលោក Trump បានចាប់ផ្តើម សមាជិករដ្ឋសភាតំណាងរដ្ឋ Maryland លោក Jamie Raskin ដែលជារដ្ឋអាជ្ញាម្នាក់ចោទប្រកាន់លោក Trump បាននិយាយថា ប្រសិនបើលោក Trump មិនទទួលខុសត្រូវ នោះ «នឹងបង្កើតឲ្យមានការលើកលែងថ្មីស្រឡាងមួយចំពោះហេតុការណ៍ដែលបានកើតឡើងកាលពីខែមករា»។
លោក Raskin បានបន្ថែមថា ករណីនេះនឹងធ្វើឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកនានានៅពេលអនាគតមិនប្រឈមនឹងផលវិបាកចំពោះទង្វើខុសឆ្គងណាមួយក្នុងអំឡុងពេលខែចុងក្រោយនៃការកាន់តំណែងរបស់ខ្លួន៕