ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​គាំទ្រ​កម្មវិធី​ COVAX ​ប៉ុន្តែ​មិន​បាន​បង្កើន​ថវិកា


រូបឯកសារ៖ បុគ្គលិកសុខភិបាលកំពុងរៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ បុគ្គលិកសុខភិបាលកំពុងរៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។

រដ្ឋបាល​លោកប្រធានាធិបតី Joe Biden ​កាលពី​ថ្ងៃព្រហស្បតិ៍​កន្លង​ទៅ​ បាន​គូស​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ការគាំទ្រ​កម្មវិធី​ផ្តួចផ្តើម​ COVAX ​ដែល​ជា​យន្តការ​សកល​មួយ​ មាន​គោល​បំណង​ចែកចាយ​វ៉ាក់សាំង​កូវីដ​ ដល់​ប្រទេស​ក្រីក្រ​នានា​ ប៉ុន្តែ​បាន​ទទួល​ស្គាល់​ថា ​ខ្លួន​មិន​បាន​បង្កើន​កញ្ចប់​ថវិកា​ឲ្យ​លើស​ពី​ចំនួន​ ៤ ពាន់​លាន​ដុល្លារ​ ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ខែធ្នូ​ឆ្នាំ​មុន​ សម្រាប់​ភាព​ជា​ដៃគូ​ផ្នែក​សុខភាព​សកល​រវាង​រដ្ឋ​និង​វិស័យ​ឯកជន​ ហៅ​ថា​សម្ព័ន្ធ​វ៉ាក់សាំង ​(Gavi)​ ដែល​ដឹក​នាំ​រួម​គ្នា​ជាមួយ​នឹង​កម្មវិធី COVAX។

អ្នកនាំពាក្យ​សេតវិមាន​លោកស្រី​ Jen Psaki ​បាន​ឆ្លើយ​សំណួរ​របស់​វីអូអេ ​ក្នុង​សម្តី​ដើម​ថា៖ «យើង​បាន​បញ្ជាក់​ឡើង​វិញ​ពី​ការប្តេជ្ញាចិត្ត​របស់​យើង​ ចំពោះ​កម្មវិធី​ COVAX​ ហើយ​ខ្ញុំ​គ្មាន​ព័ត៌មាន​អ្វី​ពាក់ព័ន្ធ​នឹង​ការបន្ថែម​ថវិកា​ ដើម្បី​ប្រកាស​នៅ​ថ្ងៃ​នេះ​ទេ»។

កាលពី​ថ្ងៃទី២១​ ខែមករា​ មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ប្រធានាធិបតី ​Joe Biden​ ចូល​កាន់​តំណែង​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ចូលរួម​ក្នុង​កម្មវិធី ​COVAX​ បាន​ចូលរួម​ឡើង​វិញ​នៅ​ក្នុង​អង្គការ​សុខភាព​ពិភពលោក។ កាលពី​ខែកក្កដា ​ឆ្នាំ២០២០ អតីត​ប្រធានាធិបតី​លោក Donald Trump​ បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​អង្គការ​នេះ​ជា​ផ្លូវការ​ ដោយ​បាន​ចោទ​ប្រកាន់​អង្គការ​នេះ​ថា​ ជា​អាយ៉ង​របស់​ប្រទេស​ចិន​ នៅ​អំឡុងពេល​ជំងឺ​រាតត្បាត​នេះ។

លោក Biden​ បាន​លើក​ឡើង​ពី​សារ​នៃ​ការធ្វើ​ការងារ​រួម​គ្នា​ជាមួយ​សហគមន៍​អន្តរជាតិ​ នៅ​ក្នុង​សុន្ទរកថា​ស្តីពី​គោលនយោបាយ​ការបរទេស​ របស់​លោក ​កាលពី​ថ្ងៃព្រហស្បតិ៍។

លោក Biden​ បាន​ថ្លែង​ដូច្នេះ​ថា៖ «យើង​ក៏​បាន​ចូល​រួម​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ឡើងវិញ​ផងដែរ។ ដូច្នេះ​ យើង​អាច​បង្កើត​ការត្រៀម​លក្ខណៈ​ជា​សកល​ល្អ​ជាង​មុន​ ដើម្បី​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩​ ព្រម​ទាំង​ការពារ​និង​ទប់ស្កាត់​ការរាតត្បាត​នៅ​ថ្ងៃ​អនាគត ​ព្រោះ​ថា​វា​នឹងកើត​ឡើង​កាន់​តែ​ច្រើន»។

រដ្ឋបាល​នេះនៅ​តែ​ផ្តល់​ព័ត៌មាន​បន្តិច​បន្តួច​អំពី​វិសាលភាព​និង​ទំហំ​នៃ​ការប្តេជ្ញាចិត្ត​របស់សហរដ្ឋអាមេរិកចំពោះកម្មវិធី​ COVAX​ ក្រៅ​តែ​ពី​គម្រោង​ផ្តួចផ្តើម​បទបញ្ជា​សន្តិសុខ​ជាតិ ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ កាលពី​ថ្ងៃទី២១​ ខែមករា​ ដែល​ជា​គម្រោង​ផ្តួចផ្តើម​ ដើម្បី​បញ្ជាក់​ពី​ភាព​ជា​អ្នកដឹកនាំ​សកល​របស់​សហរដ្ឋ​អាមេរិក​ ដើម្បី​ពង្រឹង​ការ​ឆ្លើយតប​នឹង​ការ​រាតត្បាត​សកល។

បទបញ្ជា​នេះ​ណែនាំ​ឲ្យ​ក្រុម​មន្រ្តី​លើក​ឡើង​ពី​ក្របខណ្ឌ​ ដើម្បី​ផ្តល់​វ៉ាក់សាំង​ដែល​លើស​ពី​តម្រូវការ​ក្នុង​ស្រុក​ទៅ​ឲ្យ​ប្រទេស​នានា ​ដែល​ត្រូវ​ការចាំបាច់​រួម​ទាំង​តាម​រយៈ​កម្មវិធី COVAX ផងដែរ។

រូបគំនូរពណ៌ស្តីអំពីក្តីសង្ឃឹមនៃការចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅតំបន់ជាយក្រុយ Tangerang រដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។
រូបគំនូរពណ៌ស្តីអំពីក្តីសង្ឃឹមនៃការចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅតំបន់ជាយក្រុយ Tangerang រដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

អ្វី​ទៅ​ជា​កម្មវិធី COVAX?

COVAX ​គឺ​ជា​កម្មវិធី​ផ្តួចផ្តើម​សកល​ដែល​ដឹកនាំ​រួម​គ្នា​ដោយ​អង្គការ​សុខភាព​ពិភពលោក​ (WHO)​សម្ព័ន្ធ​វ៉ាក់សាំង​ (Gavi)​ និង​សម្ព័ន្ធភាព​នវានុវត្តន៍​សម្រាប់​ត្រៀម​ប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​រាតត្បាត។ គម្រោង​នេះ​មាន​គោលដៅ​ផ្គត់ផ្គង់​វ៉ាក់សាំង​ ២​ ពាន់​លាន​ដូស​ ទៅ​ពលរដ្ឋនៅ​ក្នុង​ប្រទេស​ដែល​មាន​ចំណូល​ទាប​ត្រឹមដំណាច់​ឆ្នាំ​ ២០២១។​

ស្រប​ពេល​ដែល​ប្រទេស​អ្នកមាន​ទិញវ៉ាក់សាំង​ស្តុក​ទុក​ សម្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន​កម្មវិធី​ COVAX​ មាន​គោល​បំណង​ធានា​ឲ្យ​បាន​ថា​ ប្រទេស​ក្រីក្រ​អាច​ផ្តល់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ ២០ ​ភាគរយ​នៃ​ពលរដ្ឋ​របស់​ខ្លួន។

កាលពី​ថ្ងៃពុធ​សប្តាហ៍​មុន​ កម្មវិធី​ COVAX​ បាន​ប្រកាស​ពី​ការព្យាករណ៍​នៃ​ការចែកចាយ​កញ្ចប់​វ៉ាក់សាំង​ជាលើក​ដំបូង​របស់​ខ្លួន។

លោក Seth Berkley​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​វ៉ាក់សាំង​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា៖ «ក្នុង​ពេល​ឆាប់ៗ​នេះ​ យើង​នឹង​មាន​លទ្ធភាព​បញ្ជូន​វ៉ាក់សាំង​សង្គ្រោះ​ជីវិត​នៅ​ទូទាំង​សកលលោក​ ដែល​នេះ​គឺ​ជា​លទ្ធផល​ដ៏​សំខាន់​មួយ​ ប្រសិនបើ​យើង​មាន​ឱកាស​អាច​យក​ឈ្នះ​ការរាតត្បាត​នេះ​បាន»។

យោង​តាម​ទិន្នន័យ​នៃ​ការព្យាករណ៍​ជា​បណ្តោះ​អាសន្ន​របស់​កម្មវិធី​ COVAX​ ​ការចែកចាយ​កញ្ចប់​វ៉ាក់សាំង​ដំបូង​ នឹង​មាន​វ៉ាក់សាំង​ AstraZeneca ​ចំនួន​ ៣៣៦​ លាន​ដូស​នៅ​ឆមាស​ទី ១ ​ក្នុង​ឆ្នាំ​នេះ​ និង​វ៉ាក់សាំង ​Pfizer-BioNTech ​ចំនួន ​១,២ លាន​ដូស​សម្រាប់​ត្រី​មាស​ដំបូង។

វ៉ាក់សាំង​ចំនួន ​១,២​ លាន​ដូស​ គឺ​ជា​ផ្នែក​មួយ​នៃ​វ៉ាក់សាំង​ Pfizer​ ចំនួន ​៤០ លាន​ដូស​ ដែល​ត្រូវ​បាន​សន្យា​ថា​ នឹង​ផលិត​ឲ្យ​កម្មវិធី​ COVAX​ នៅ​ក្នុង​ឆ្នាំ​នេះ។ ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​មាន​កាតព្វកិច្ច​ផលិត​វ៉ាក់សាំង​ឲ្យ​ប្រទេស​នីមួយៗ​ រួម​ទាំង​វ៉ាក់សាំង​ចំនួន​ ២០០ ​លាន​ដូស​ ដែល​ខ្លួន​បាន​សន្យា​ថា​ នឹង​ផលិត​សម្រាប់​សហរដ្ឋ​អាមេរិក​នៅ​ត្រឹម​ខែ​កក្កដា។

លោក Berkley​ បាន​សម្តែង​ការខក​ចិត្ត​ដែល​កម្មវិធី​ COVAX ​បាន​ទទួល​វ៉ាក់សាំង​តិចតួច​ប៉ុណ្ណោះ​ពី​ក្រុមហ៊ុន​ Pfizer។

លោក​បាន​ថ្លែង​លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ឲ្យ​ផលិត​ឲ្យ​បាន​ច្រើន​ឆាប់​បំផុត​ ដើម្បី​ធានា​ដល់​ការចែកចាយ​វ៉ាក់សាំង​នៅ​ទូទាំង​សកលលោក។ លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «ពិត​ណាស់​យើង​ចង់​បាន​វ៉ាក់សាំង​ Pfizer-BioNTech​ បន្ថែម​ទៀត។ នេះ​គឺ​ជា​ចំនួន​ដែល​គេ​អាច​ផ្តល់​ឲ្យ​យើង»។

កម្មវិធី​ COVAX​ គឺ​ជា​ផ្នែក​មួយ​នៃ​វិធានការ​ពន្លឿន​របស់​អង្គការ​សុខភាព​ពិភពលោក​ ដែល​ជា​កិច្ចសហការ​សកល​មួយ​ ដើម្បី​ពន្លឿន​ការអភិវឌ្ឍ​ផលិតកម្ម​និង​សមភាព​នៃ​ការទទួល​បាន​ការធ្វើ​តេស្ត​ការព្យាបាល​ និង​វ៉ាក់សាំង​កូវីដ​១៩។

រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់កំពុងកាន់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech នៅទីតាំងចាក់វ៉ាក់សាំង ក្នុងទីក្រុង Nantes ប្រទេសបារាំង កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់កំពុងកាន់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech នៅទីតាំងចាក់វ៉ាក់សាំង ក្នុងទីក្រុង Nantes ប្រទេសបារាំង កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។

ជំហានទី១

ខណៈ​ប្រទេស​ដែល​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​ស្វាគមន៍​កម្មវិធី​នេះ​ ចំនួន​វ៉ាក់សាំង​សរុប​ដែល​ស្ថិត​ក្រោម​កម្មវិធី COVAX អាច​ផ្តល់​ជា​មធ្យម​បាន​តែ​ ៣,៣ ភាគរយ ​ប៉ុណ្ណោះ​នៃ​ចំនួន​ពលរដ្ឋ​សរុប​របស់​ប្រទេស​ ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ដែល​ជាជំហាន​ទី ១​ នៅ​ក្នុង​គោលដៅ​នៃ​ការចែកចាយ​វ៉ាក់សាំង​ចំនួន​ ២០​ ភាគរយ​ ដល់ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​ចំនួន​ ៩២​ ប្រទេស​ឲ្យ​បាន​ត្រឹម​ចុង​ឆ្នាំ​ ២០២១។​ ភាគ​ច្រើន​នៃ​ប្រទេស​ទាំង​នេះ​ស្ថិតនៅក្នុង​ទ្វីបអាហ្វ្រិក​ អាស៊ី​ និង​អាមេរិកឡាទីន។

លោក Bruce Gellin​ នាយក​ផ្នែក​ការចាក់​ថ្នាំ​បង្កា​សកល​នៃ​វិទ្យាស្ថាន​វ៉ាក់សាំង​ Sabin បាន​ថ្លែង​ថា៖ «ពួកគេ​នឹង​ទទួល​បាន​វ៉ាក់សាំង​បន្ថែម​ទៀត​ ហើយ​យើង​នឹង​ទទួល​បាន​វ៉ាក់សាំង​កាន់​តែ​ច្រើន​ថែម​ទៀត​ពី​កម្មវិធី​ COVAX»។

លោក Gellin​ បាន​ថ្លែង​បន្ត​ទៀត​ថា៖ «នេះ​ជា​វ៉ាក់សាំង​ដែល​មាន​នៅ​ក្នុង​ដៃ។ ពួកគេ​អាច​គ្រប់គ្រង​និង​ចាប់​ផ្តើម​ព្យាករណ៍​លើ​ការចែកចាយ​ដំបូង​ ដូច្នេះ​ប្រទេស​នានា​អាច​ចាប់ផ្តើម​ធ្វើ​ផែនការ​បាន»។

ផែនការ​យុទ្ធសាស្រ្ត​ចាក់​ថ្នាំ​បង្កា​នឹង​រួម​បញ្ចូល​ទាំង​ការរក្សា​ទុក​ការចែកចាយ​ និង​ពី​វិធី​ពន្យល់​ដល់​អ្នក​ដែល​មិន​ទាន់​ហ៊ាន​ចាក់​វ៉ាក់សាំង។

ដើម្បី​អាច​សម្រេច​តាម​គោលដៅ ​កម្មវិធី​ COVAX​ នឹង​ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំង​ការខ្វះខាត​លើ​ការផ្គត់ផ្គង់​ និង​ថវិកា​ផង​ដែរ។ កម្មវិធី​ COVAX​ ថា ​ខ្លួន​ចាំ​បាច់​ត្រូវ​ការថវិកា​ចំនួន​ ៤,៩​ ពាន់​លាន​ដុល្លារ​ បន្ថែម​ពី​លើ​ថវិកា​ចំនួន​ ២,១​ ពាន់​លាន​ដុល្លារ​ ដែល​ខ្លួន​បាន​រៃអង្គាស​រួច​ហើយ៕

ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG