ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ម៉ិកស៊ិក​អំពី​បញ្ហា​ចំណាកស្រុក​ និង​សេដ្ឋកិច្ច


រដ្ឋមន្ត្រី​ការបរទេស​ម៉ិកស៊ិក​លោក Marcelo Ebrard (ឆ្វេង) ស្វាគមន៍​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken នៅ​ពេល Blinken ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ Benito Juarez ក្នុង​​រដ្ឋធានី​ម៉ិកស៊ីកូ នៅ​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។
រដ្ឋមន្ត្រី​ការបរទេស​ម៉ិកស៊ិក​លោក Marcelo Ebrard (ឆ្វេង) ស្វាគមន៍​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken នៅ​ពេល Blinken ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ Benito Juarez ក្នុង​​រដ្ឋធានី​ម៉ិកស៊ីកូ នៅ​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការបរទស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​ម៉ិកស៊ិក​លោក Andres Manuel Lopez Obrador កាលពី​ថ្ងៃ​ចន្ទ នៅ​ក្នុង​រដ្ឋធានី​ម៉ិកស៊ីកូ ប្រទេស​ម៉ិកស៊ិក ដើម្បី​ផ្សះផ្សារ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ ដែល​បាន​ប្រេះស្រាំ​ដោយសារ​បញ្ហា​អន្តោប្រវេសន៍​និង​បញ្ហា​ផ្សេងៗ​ទៀត។

លោក Blinken បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា៖ «យើង​បាន​ពិភាក្សា​គ្នា​អំពី​កិច្ច​ប្រឹងប្រែង​រួម​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ចំណាកស្រុក​មិន​ទៀងទាត់​នៅ​ទ្វីប​អាមេរិក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​តាម​រយៈ​គោល​នយោបាយ​គ្រប់គ្រង​ព្រំដែន​បែប​មនុស្សធម៌ និង​តាម​រយៈ​ការ​ពង្រីក​វិធី [ធ្វើ​ចំណាកស្រុក] បែប​ស្រប​ច្បាប់​ផង​ដែរ»។

លោក Blinken ដែល​បាន​និយាយ​នៅ​ក្បែរ​មន្ត្រី​ជាន់​ខ្ពស់​ម៉ិកស៊ិក​នានា បាន​បន្ថែម​ថា៖ «យើង​បាន​ដោះស្រាយ​មូលហេតុ​ចម្បង​នៃ​បញ្ហា​ចំណាកស្រុក ដែល​នេះ​ជា​អ្វី​ដែល​ប្រទេស​ម៉ិកស៊ិក​និង​សហរដ្ឋ​អាមេរិក​កំពុង​សហការ​គ្នា​តាម​វិធី​ដែល​យើង​មិន​ធ្លាប់​ឃើញ​ពី​មុន​មក»។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​អ្នកស្រី Gina Raimondo និង​អ្នក​តំណាង​រង​ផ្នែក​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​លោក Jayme White បាន​អម​ដំណើរ​លោក Blinken នៅ​ក្នុង​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី​ម៉ិកស៊ីកូ​នេះ​សម្រាប់​ការ​ពិភាក្សា​សេដ្ឋកិច្ច​កម្រិត​ខ្ពស់។

ប្រទេស​ម៉ិកស៊ិក​ស្ថិត​ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​កំពូល​ចំនួន ៣ របស់​សហរដ្ឋ​អាមេរិក។ នៅ​មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ ប្រទេស​ម៉ិកស៊ិក​គឺ​ជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​ទី ២ របស់​សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ ២០២០។

កន្លង​មក មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា លំហូរ​នៃ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ដែល​ឆ្លង​ចូល​សហរដ្ឋ​អាមេរិក​តាម​ព្រំដែន​ជាប់​ប្រទេស​ម៉ិកស៊ិក​បាន​បង្កើត​ឱ្យ​មាន​បញ្ហា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ទីភ្នាក់ងារ​ព័ត៌មាន AFP។

XS
SM
MD
LG