ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ក្រុម​មន្ត្រី​អាមេរិកមាន​គម្រោង​ចរចា​ជាមួយ​ប្រទេស​ម៉ិកសិក


រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោក Antony Blinken អញ្ជើញ​មក​ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោក Mathias Cormann ប្រធាន​​អង្គការ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​ នៅទីក្រុង​ប៉ារីស​ កាលពី​ថ្ងៃពុធ ទី៦ ខែតុលា ឆ្នាំ២០២១។ (AP)

មន្ត្រី​ជាន់​ខ្ពស់​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​ថា ​ពួកគេ​ជឿ​ថា ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ម៉ិកស៊ិក​បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​កិច្ច​ព្រមព្រៀង​កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ ​ មុន​ការ​សន្ទនា​សន្តិសុខ​កម្រិត​ខ្ពស់​នៅ​ថ្ងៃ​សុក្រ​នេះ​រវាង​ប្រទេស​ទាំង​២។​

រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោក Antony Blinken​ កំពុង​ចូលរួម​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​សហ​រដ្ឋ​អាមេរិក​លោក ​Alejandro Mayorkas​ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​លោក ​Merrick Garland ​នៅ​ក្នុង​រដ្ឋធានី​ម៉ិកស៊ីកូ​ ចូលរួម​ក្នុង​ការ​ពិភាក្សា​កម្រិត​ខ្ពស់​ស្តីពី​បញ្ហា​សន្តិសុខ។​

តំណាង​ឲ្យ​ភាគី​ប្រទេស​ម៉ិកសុិក​គឺ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ​Marcelo Ebrad ​និង​សមាជិក​គណៈ​រដ្ឋមន្ត្រី​មកពី​ក្រសួង​ការពារ​ជាតិ​ និង​ក្រសួង​សន្តិសុខ។​

ពួក​មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​បាន​និយាយ​សង្ខេប​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ សហរដ្ឋ​អាមេរិក​លាតត្រដាង​កិច្ច​ផ្តួច​ផ្តើម​ថ្មីដែល​ហៅ​ថា​ គម្រោង​ការងារ​រយៈ​ពេល​២រយ​ឆ្នាំ​រវាង​សហ​រដ្ឋ​អាមេរិក​និង​ម៉ិកសុិក​ដើម្បី​សុខភាព​ និង​សុវត្ថិភាព​សាធារណៈ​របស់​សហគមន៍​ ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​សន្តិសុខ​ឡើង​វិញ។​ ​

គម្រោង​ការងារ​រយៈ​ពេល​២រយ​ឆ្នាំ​នេះ​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំង​២​«សិក្សា​អំពី​យុទ្ធសាស្ត្រ​ការពារ​ពី​គ្នា​ទៅ​វិញ​ទៅមក»​ ហើយ​នឹង​«ពង្រឹង​កិច្ចការ​អាទិភាព​ជាមួយ​គ្នា»។​ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋបាល​ស.រ.អា.។​

កិច្ច​សហ​ប្រតិបត្តិការ​នេះ​នឹង​ត្រូវ​អនុវត្ត​ចំពោះ​បញ្ហា​សន្តិសុខ​ដែល​រួម​មាន​ប្រឆាំង​ការ​ជួញដូរ​អាវុធ​ ថ្នាំ​ញៀន ​ ការ​ជួញ​ដូរ​មនុស្សការ​លាង​លុយ​កខ្វក់ អាវុធ​ខុសច្បាប់ ការរត់​ពន្ធ​ និង​សហការ​ធ្វើ​បត្យាប័ន​ឧក្រិដ្ឋជន។​

លោក ​Ned Price ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​ បាន​បញ្ជាក់​ថា ​កិច្ច​ព្រមព្រៀង​ថ្មី​នេះ​នឹង​ជំនួស​កិច្ច​ផ្តួចផ្តើម ​Merida ​ដែល​មាន​ចំណាស់​១៣​ឆ្នាំ ​ដែល​ក្នុង​នោះ​សហរដ្ឋ​អាមេរិក​ផ្តល់​ថវិកា​ខ្លះ​ដើម្បី​ជួយ​ប្រទេស​ម៉ិកសុិក​ប្រយុទ្ធ​ប្រឆាំង​ការ​គំរាម​កំហែង​នៃ​ការជួញ​ដូរ​ថ្នាំ​ញៀន ​បណ្តាញ​ឧក្រិដ្ឋកម្ម​ និង​ការ​លាង​លុយ​កខ្វក់៕ ​

(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន ​Reuters)

XS
SM
MD
LG