នៅពេលដែលសហរដ្ឋអាមេរិកបាននិយាយកាលពីឆ្នាំទៅថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលទ្វីបអាមេរិកនៅឆ្នាំ២០២២នេះ ពួកមន្ត្រីបានសង្ឃឹមយ៉ាងខ្លាំងថា សន្និសីទកំពូលនេះនឹងជួយជួសជុលការខូចខាតនូវទំនាក់ទំនងក្នុងយុគសម័យលោកប្រធានាធិបតី Trump និងបញ្ជាក់ឡើងវិញអំពីអាទិភាពរបស់អាមេរិកអំពីឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់អាមេរិកឡាទីន។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក៏ប៉ុន្តែ ពាក់ព័ន្ធនឹងជំនួបនៅក្នុងទីក្រុង Los Angelesនៅសប្តាហ៍ខាងមុខនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ប្រឈមនឹងការពុះពារដើម្បីធ្វើឱ្យសន្និសីទកំពូលនេះបានសម្រេចជោគជ័យ។ សន្និសីទកំពូលនេះពោរពេញទៅដោយបញ្ហានៅមុនពេលចាប់ផ្តើមទៅទៀត។
ការមិនចុះសម្រុងគ្នាខាងមនោគមវិជ្ជាអំពីថាតើនរណាត្រូវអញ្ជើញឱ្យចូលរួម ការមន្ទិលសង្ស័យអំពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកដល់តំបន់អាមេរិកឡាទីន និងក្តីរំពឹងតិចតួចសម្រាប់កិច្ចព្រមព្រៀងដ៏សំខាន់លើបញ្ហានានាដូចជាការចំណាកស្រុកនិងកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ចបានប៉ះពាល់ដល់សន្និសីទកំពូលនេះរួចទៅហើយ។ នេះបើតាមពួកមន្ត្រីនិងពួកអ្នកវិភាគ។
អតីតអនុរដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកលោក Andres Rozentalបាននិយាយថា៖ «ប្រទេសទាំងអស់នៅទ្វីបអាមេរិកបានយល់ច្រឡំអំពីស្ថានភាពដោយមិនបានរំពឹងទុកជាមុនថា នឹងមានការឈ្លោះប្រកែកគ្នាអំពីថាតើនរណានឹងចូលរួមសន្និសីទកំពូលនោះ»។ លោកបានជជែកឱ្យហេតុផលថា សន្និសីទកំពូលនោះអាចមានហានិភ័យដែលនឹងក្លាយជា«ការគ្មានចំណាប់អារម្មណ៍»។
មន្ត្រីម្នាក់របស់សហរដ្ឋអាមេរិកដែលបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានទទួលស្គាល់ថា ការប្រុងប្រៀបរៀបចំមានភាពច្របូកច្របល់ជាងអ្វីដែលយើងបានគិតទុកជាមុន»។
ជំនួបកំពូលកម្រិតទាបបានចាប់ផ្តើមកាលពីថ្ងៃចន្ទសប្តាហ៍មុន បន្ទាប់មក ពួកមេដឹកនាំបានចាប់ផ្តើមទៅដល់។ លោកប្រធានាធិបតី Biden គ្រោងនឹងអញ្ជើញទៅនៅថ្ងៃពុធខាងមុខនេះដើម្បីបើកសន្និសីទកំពូលជាផ្លូវការដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះលើកទី១ចាប់តាំងពីសន្និសីទកំពូលនោះបានសម្ពោធកាលពីឆ្នាំ១៩៩៤មក៕