ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​នឹង​មិន​ចូលរួម​សន្និសីទ​កំពូល​របស់​ទ្វីប​អាមេរិក​ដែល​រៀបចំ​ដោយ​សហរដ្ឋ​អាមេរិក​នោះ​​ទេ


 រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden (ស្ដាំ) ជួប​ជាមួយ​នឹង​ប្រធានាធិបតី​ម៉ិកស៊ិក លោក Andrés Manuel López Obrador នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden (ស្ដាំ) ជួប​ជាមួយ​នឹង​ប្រធានាធិបតី​ម៉ិកស៊ិក លោក Andrés Manuel López Obrador នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

សន្និសីទ​កំពូលរបស់​ទ្វីប​អាមេរិក​ដែល​រៀបចំ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​សប្តាហ៍​នេះ​នៅ​ក្នុង​ទីក្រុង Los Angeles នឹង​មិន​មាន​មេដឹកនាំ​ដ៏​សំខាន់​ម្នាក់​នៅ​ពេល​ដែល​ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​លោក Andres Manuel Lopez Obrador បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា លោក​នឹង​មិន​ចូលរួម​ក្នុង​សន្និសីទ​កំពូល​នោះ​ទេ។

លោក Lopez Obrador បាន​និយាយ​ថា លោក​រដ្ឋមន្ត្រី​ការបរទេស Marcelo Ebrard នឹង​តំណាង​ឱ្យ​ប្រទេស​ម៉ិកស៊ិក​នៅ​ឯ​សន្និសីទ​កំពូល​នោះ។

លោក Lopez Obrador បាន​និយាយ​ថា៖ «វា​អាច​មិន​មែន​ជា​សន្និសីទ​កំពូល ប្រសិនបើ ប្រ ទេស​ទាំង​អស់​មិន​ត្រូវ​បាន​គេ​អញ្ជើញ​នោះ។

រដ្ឋបាល​របស់​លោក Biden មិន​បាន​អញ្ជើញ​រដ្ឋាភិបាល​គុយបា វ៉េណេហ្ស៊ុយអេឡា​និង​នីការ៉ាហ្គា​ឱ្យ​ចូលរួម​នៅ​ក្នុង​សន្និសីទ​កំពូល​នេះ​ឡើយ​ដែល​ការណ៍​នេះ​បានធ្វើ​ឱ្យលោក Lopez Obrador សម្រេច​ចិត្ត​មិន​ចូលរួម​នៅក្នុង​សន្និសីទ​កំពូល​នេះ​ដែរហើយក៏​មានការរិះគន់​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​អឌ្ឍគោល​ខាង​លិច​ផង​ដែរ។

នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ដែរ ប្រធានាធិបតី​ឈីលី​លោក Gabriel Boric បាន​ថ្លែង​នៅ​ក្នុង​ទីក្រុង​អូតាវ៉ា​ប្រទេស​កាណាដា​ថា ការសម្រេចចិត្ត​របស់​រដ្ឋបាល​លោក Biden ផាត់​ប្រទេស​ទាំង៣ នោះ​ជា«កំហុស»មួយ​ហើយ​លោក​នឹង​បន្ត​លើក​ឡើង​ចំណុច​នេះ​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​កំពូល​នោះ។

លោក Boric បាន​ថ្លែង​យ៉ាង​ដូច​នេះ​ជាមួយ​នាយក​រដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau បន្ទាប់ពី​ជំនួប​របស់​លោក​ទាំង២។

នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ឯណោះ​វិញ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ខ្លួន​យល់​អំពី​ជំហរ​របស់​ប្រទេស​ម៉ិកស៊ិក ក៏ប៉ុន្តែ​បាន​ការពារ​ការសម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដែល​បដិសេធ​ប្រទេស​គុយបា នីការ៉ាហ្គា​និង​វ៉េណេហ្ស៊ុយអេឡា​មិន​ឱ្យ​ចូលរួម​សន្និសីទ​កំពូល​នេះ។

ក្នុង​ខណៈ​នោះ​ដែរ ពួក​មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា រដ្ឋបាល​របស់​លោក Biden បាន​ទាក់ទង​ជាមួយ«អង្គការ​សង្គម​ស៊ីវិល»មកពី​ប្រទេស​ទាំង៣នោះ​ហើយ​ពួកគេ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូលរួម​សន្និសីទ​កំពូល​នេះ​ផង​ដែរ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មានAssociated Press។

XS
SM
MD
LG