ប្រធានាធិបតីអាមេរិកលោក Joe Biden ទទួលស្វាគមន៍ប្រធានាធិបតីម៉ិកស៊ិកលោក Andrés Manuel López Obrador សម្រាប់កិច្ចពិភាក្សានៅសេតវិមាននៅថ្ងៃអង្គារនេះហើយបញ្ហាចំណាកស្រុក សន្តិសុខ និងសេដ្ឋកិច្ចជារបៀបវារៈកំពូល។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់លោក Biden បានប្រាប់អ្នកសារព័ត៌មានថា ភាគីទាំងពីរត្រូវគេរំពឹងថា នឹងប្រកាស «សកម្មភាពរួមគ្នាដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធព្រំដែនដែលដោះស្រាយបញ្ហាចំណាកស្រុកមិនប្រក្រតី បង្កើនកិច្ចសហប្រតិបត្តិការពង្រឹងច្បាប់ដើម្បីទប់ទល់លំហូរ ថ្នាំញៀន fentanyl ចូលប្រទេសរបស់យើងទាំងពីរ និងលើកកម្ពស់ថាមពលស្អាត ការច្នៃប្រឌិតសេដ្ឋកិច្ច និងវិបុលភាព»។
មន្ត្រីរូបនេះបាននិយាយថា ភាគីទាំងពីរនឹងចាប់ផ្តើមក្រុមការងារមួយដើម្បីពិនិត្យមើល «ផ្លូវធ្វើចំណាកស្រុកនិងការការពារកម្មករ»។ នាយកក្រុមប្រឹក្សាសន្តិសុខ ជាតិសម្រាប់អឌ្ឍគោលខាងលិចលោក Juan González បានប្រាប់VOA ភាសាអេស្ប៉ាញនៅថ្ងៃចន្ទថា សេតវិមានមានឆន្ទៈពង្រីកចំនួនទិដ្ឋាការសម្រាប់កម្មករបណ្តោះអាសន្នពីប្រទេសម៉ិកស៊ិក និងអាមេរិកកណ្តាលតាមតម្រូវការ។
លោកមិនបាននិយាយអំពីចំនួនទិដ្ឋាការនោះទេ បន្ទាប់ពីមានការអត្ថាធិប្បាយពីរដ្ឋមន្ត្រីមហាផ្ទៃម៉ិកស៊ិក លោក Adan Augusto Lopez កាលពីខែមុនដែលស្នើឱ្យកិច្ចប្រជុំនៅថ្ងៃអង្គារនឹងរួមបញ្ចូលការប្រកាសផ្តល់ទិដ្ឋាការការងារចំនួន៣០ម៉ឺនបន្ថែមទៀត។ លោក López Obrador បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា លោក និងលោក Biden នឹងពិភាក្សាអំពីវិធីសហការដោះស្រាយអតិផរណា ទាំងនៅប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក។
លោកបានលើកឡើងពីសារៈសំខាន់នៃកម្លាំងពលកម្ម និងការជំរុញផលិតកម្ម ដោយលើកឡើងពីកិច្ចព្រមព្រៀងក្នុងទសវត្សរ៍១៩៤០ដែលអនុញ្ញាតឱ្យកម្មករម៉ិកស៊ិកដែលមានបណ្ណការងារបណ្តោះអាសន្ន អាចមកបំពេញបញ្ហាកង្វះកម្លាំងពលកម្មកសិកម្មនៅសហរដ្ឋអាមេរិក។
ដំណើរទស្សនកិច្ចរបស់លោក López Obrador កើតឡើងមួយខែបន្ទាប់ពីលោកបានបដិសេធមិនចូលរួមកិច្ចប្រជុំកំពូលអាមេរិកក្នុងទីក្រុង Los Angeles។ មេដឹកនាំម៉ិកស៊ិកនេះបានជំទាស់ការមិនឱ្យមេដឹកនាំពីប្រទេសគុយបា នីការ៉ាហ្គា និងវ៉េណេស៊ុយអេឡាចូលរួមកិច្ចប្រជុំនោះ៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានThe Associated Press និង Reuters)