សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានបញ្ជាក់ថា ខ្លួនបានប្រុងប្រៀបហើយដើម្បីចរចាជាមួយអ៊ីរ៉ង់អំពីការវិលត្រឡប់របស់ប្រទេសទាំង២ទៅកាន់កិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលរារាំងរដ្ឋាភិបាលក្រុងតេហេរ៉ង់ មិនឲ្យទទួលបានអាវុធនុយក្លេអ៊ែរ។ ការប្រកាសនេះដើម្បីធ្វើឲ្យមានឡើងវិញនូវកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនខ្លួនឯង បានបោះបង់ចោលអស់រយៈពេលជិត៣ឆ្នាំ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ចំណាត់ការនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងរដ្ឋបាលអាមេរិក ដោយរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានបញ្ជាក់ពីគោលជំហររបស់លោកប្រធានាធិបតី Joe Biden ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងវិលត្រឡប់ទៅកាន់កិច្ចព្រមព្រៀងនេះវិញ ប្រសិនបើអ៊ីរ៉ង់ចូលរួមអនុវត្តកិច្ចព្រមព្រៀងនោះពេញលេញ។
អ៊ីរ៉ង់មិនបានប្រតិកម្មសាទរអ្វីទេ ចំពោះសំណើដែលបានស្នើឡើងដោយលោក Blinken ក្នុងអំឡុងពេលនៃជំនួបតាមវីដេអូជាមួយរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលបានធ្វើការប្រជុំនៅក្នុងទីក្រុងប៉ារីស។
អ៊ីរ៉ង់បានចាប់ផ្តើមរំលោភកិច្ចព្រមព្រៀងនេះ នៅឆ្នាំ២០១៩ ប្រហែលមួយឆ្នាំបន្ទាប់ពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដកខ្លួន ហើយបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកឡើងវិញលើអ៊ីរ៉ង់។ អ៊ីរ៉ង់ បានបង្កើនការរំលោភបំពានរបស់ខ្លួនក្នុងប៉ុន្មានខែថ្មីៗនេះ។
ក្នុងរឿងទាក់ទងគ្នានេះដែរ ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា រដ្ឋបាលលោក Biden នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសដកវិញនូវទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់ក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ ដែលត្រូវបានដាក់ក្រោមរដ្ឋបាលលោក Trump។ ការប្រកាសនេះ អាចជួយក្រុងវ៉ាស៊ីនតោនដើម្បីចូលរួមកិច្ចព្រមព្រៀងឆ្នាំ ២០១៥ វិញ៕