ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានមានប្រសាសន៍ថា លោកនឹងមិនលុបចោលទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ទេ ប្រសិនបើរដ្ឋាភិបាលក្រុងតេហេរ៉ង់មិនកាត់បន្ថយជាមុននូវការសម្រិតសម្រាំងសារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន ឲ្យដល់កម្រិតមួយដែលខ្លួនបានព្រមព្រៀងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥។
លោក Biden បាននិយាយថា លោកចង់ឲ្យសហរដ្ឋអាមេរិកចូលរួមឡើងវិញនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលលោកអតីតប្រធានាធិបតី Donald Trump បានដកសហរដ្ឋអាមេរិកចេញ។
ក៏ប៉ុន្តែ នៅពេលដែលសួរដោយផ្ទាល់នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ CBS News ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញថា តើសហរដ្ឋអាមេរិកនឹងដកទណ្ឌកម្មចេញជាមុន ដើម្បីឲ្យអ៊ីរ៉ង់វិលទៅកាន់តុចរចាវិញ ឬក៏យ៉ាងណានោះ លោក Biden បានឆ្លើយថា «ទេ»។
លោកបានងក់ក្បាលយល់ស្របជាមួយនឹងអ្នកផ្សាយព័ត៌មានទូរទស្សន៍ CBS អ្នកស្រី Norah O'Donnell ថា រដ្ឋាភិបាលអ៊ីរ៉ង់ត្រូវតែបញ្ឈប់ជាមុនសិននូវការសម្រិតសម្រាំងសារធាតុអ៊ុយរ៉ានីញ៉ូម ដែលមានកម្រិតខ្ពស់ជាងការអនុញ្ញាតឲ្យនៅក្រោមកិច្ចព្រមព្រៀង។
កិច្ចព្រមព្រៀងនេះបានអនុញ្ញាតឲ្យអ៊ីរ៉ង់សម្រិតសម្រាំងសារធាតុអ៊ុយរ៉ានីញ៉ូមក្នុងកម្រិត ៣,៦៧%។ ប៉ុន្តែចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៩ មក អ៊ីរ៉ង់បានសម្រិតសម្រាំងសារធាតុអ៊ុយរ៉ានីញ៉ូមទៅដល់កម្រិត ៤,៥% ហើយបន្ទាប់មកកាលពីខែមុនទៅដល់កម្រិត ២០% ដែលជាកម្រិតមួយដែលខ្លួនសម្រេចបានមុនពេលមានកិច្ចព្រមព្រៀង។
មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រសិនបើសហរដ្ឋអាមេរិកចង់ឲ្យ «ប្រទេសអ៊ីរ៉ង់ងាកទៅរកការប្ដេជ្ញារបស់ខ្លួនឡើងវិញ សហរដ្ឋអាមេរិកត្រូវតែដកទណ្ឌកម្មទាំងអស់ចេញ បន្ទាប់មកយើងនឹងធ្វើការផ្ទៀងផ្ទាត់និងមើលថាតើទណ្ឌកម្មទាំងនោះត្រូវបានដកចេញត្រឹមត្រូវដែរ ឬក៏អត់ នោះយើងនឹងងាកទៅរកការប្ដេជ្ញារបស់យើងឡើងវិញ»។
ការលើកឡើងរបស់លោក Khamenei នេះគឺជាការលើកឡើងដំបូងបង្អស់របស់លោក តាំងពីលោក Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកមក៕