មេដឹកនាំកំពូលប្រទេសអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានទាមទារឲ្យសហរដ្ឋអាមេរិក «ធ្វើសកម្មភាពជាក់ស្តែងដោយមិនគ្រាន់តែលើកឡើងជាពាក្យសម្ដីនោះទេ» ប្រសិនបើខ្លួនចង់ស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥។
រដ្ឋាភិបាលក្រុងតេហេរ៉ង់បានកំណត់យកសប្តាហ៍ក្រោយ ជាកាលបរិច្ឆេទផុតកំណត់សម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅក្នុងការចាប់ផ្តើមដកចេញនូវទណ្ឌកម្ម ដែលបានដាក់លើអ៊ីរ៉ង់ដោយលោកអតីតប្រធានាធិបតី Donald Trump បើមិនដូច្នេះទេ អ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួននឹងចាត់វិធានការទ្រង់ទ្រាយធំដើម្បីបំពានទៅលើកិច្ចព្រមព្រៀងនោះ។
លោក Khamenei បានបញ្ជាក់នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ថា៖ «យើងបានឮពាក្យសម្តីល្អៗជាច្រើននិងការសន្យានានា ដែលមិនត្រូវបានអនុវត្ត និងការធ្វើផ្ទុយពីការនិយាយ។ គ្រាន់តែជាពាក្យសម្តីនិងការសន្យានោះ វាមិនល្អគ្រប់គ្រាន់នោះទេ។ ពេលនេះយើងត្រូវការសកម្មភាពជាក់ស្តែងពីភាគីម្ខាងទៀត ហើយយើងក៏នឹងធ្វើសកម្មភាពផងដែរ»។
លោក Biden មានបំណងស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះឡើងវិញ។ នៅក្រោមកិច្ចព្រមព្រៀងនេះ អ៊ីរ៉ង់បានឯកភាពក្នុងការផ្អាកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនិងការដកចេញនូវទណ្ឌកម្មនានា។ កិច្ចព្រមព្រៀងនេះគឺជាសមិទ្ធផលដ៏សំខាន់ក្នុងរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី Barack Obama ដែលត្រូវបានលោក Trump លះបង់ចោល កាលពីឆ្នាំ ២០១៨។
ប៉ុន្តែនៅពេលនេះ ទោះបីជារដ្ឋាភិបាលអ៊ីរ៉ង់និងរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជាក់ថា ពួកគេចង់ឃើញកិច្ចព្រមព្រៀងនេះរស់ឡើងវិញក៏ដោយ ក៏ពួកគេនៅមិនទាន់ឯកភាពគ្នានៅឡើយថា តើភាគីណាគួរចាប់ផ្តើមធ្វើសកម្មភាពមុន។
អ៊ីរ៉ង់បានបញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវតែដកទណ្ឌកម្មរបស់លោក Trump ចេញជាមុន ចំណែកឯសហរដ្ឋអាមេរិកវិញបានលើកឡើងថា អ៊ីរ៉ង់ត្រូវតែត្រឡប់មកគោរពតាមកិច្ចព្រមព្រៀងជាមុនសិន ដោយសារអ៊ីរ៉ង់បានចាប់ផ្ដើមរំលោភលើកិច្ចព្រមព្រៀងនេះ បន្ទាប់ពីទណ្ឌកម្មត្រូវបានដាក់ឡើងវិញមក៕