ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អឺរ៉ុប ៣ និង​សហរដ្ឋ​អាមេរិក​នឹង​ពិភាក្សា​គ្នា​អំពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់


រូបឯកសារ៖ គ្រឿងចក្រផលិតសារធាតុនុយក្លែអ៊ែរនៅទីក្រុង Arak ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។

ប្រទេស ៣ នៅ​ទ្វីប​អឺរ៉ុប ​នឹង​រៀបចំ​ការ​ពិភាក្សា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​អំពី​បញ្ហា​អ៊ីរ៉ង់​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្រប​ពេល​ដែល​ពួកគេ​ព្យាយាម​ជួយ​សង្គ្រោះ​កិច្ច​ព្រមព្រៀង​អ៊ីរ៉ង់​ឆ្នាំ ២០១៥។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រទេស​បារាំង។

រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Jean-Yves Le Drian នឹង​ទទួល​ជួប​ពិភាក្សា​ជាមួយ​នឹង​សមភាគី​របស់​លោក​មកពី​ប្រទេស​អាល្លឺម៉ង់ ​និង​ចក្រភព​អង់គ្លេស នៅ​ក្នុង​ទីក្រុង​ប៉ារីស ចំណែក​ឯ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken វិញ​នឹង​ចូលរួម​តាម​រយៈ​ប្រព័ន្ធ​វីដេអូ​អនឡាញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​បារាំង​ កាលពី​ថ្ងៃ​ពុធ។

រដ្ឋមន្ត្រី​ការបរទេស​អឺរ៉ុប​ទាំង​នេះ​ចង់​ស្ដារ​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ កាល​ពី​ឆ្នាំ ២០១៨។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden បាន​បញ្ជាក់​ថា ខ្លួន​អាច​ចូលរួម​ឡើង​វិញ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ ប្រសិនបើ​រដ្ឋាភិបាល​អ៊ីរ៉ង់​ត្រឡប់​មក​គោរព​តាម​កិច្ច​ព្រមព្រៀង​នេះ​ឡើង​វិញ។

សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​បារាំង​បាន​បញ្ជាក់​ថា៖ «កិច្ច​ប្រជុំ​នេះ​នឹង​ផ្ដោត​លើ​បញ្ហា​អ៊ីរ៉ង់ និង​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពិភាក្សា​ជា​ប្រចាំ​របស់​ពួកគេ​អំពី​ប្រធានបទ​ទាំង​នេះ»។

បស្ចិម​ប្រទេស​មាន​ការ​ព្រួយ​បារម្ភ​ថា ការ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នេះ​មាន​ន័យ​ថា ប្រទេស​អ៊ីរ៉ង់​នឹង​អាច​ឈាន​កាន់តែ​លឿន​ទៅ​រកការ​មាន​សមត្ថភាព​កសាង​គ្រាប់បែក​បរមាណូ ស្របពេល​ដែល​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ប្រទេស​អ៊ីរ៉ង់ ​នៅ​ខែ​មិថុនា​ខាង​មុខ​ នឹង​បន្ថែម​នូវ​កត្តា​ហានិភ័យ​ដ៏​ធំ​មួយ​ទៀត៕

XS
SM
MD
LG