ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បញ្ជូន​កងទ័ព​៣.០០០​នាក់​នៅ​​​​ក្នុង​បញ្ហា​​អ៊ុយក្រែន


រូប​ឯកសារ៖ ទាហាន​​យាម​ព្រំដែន​ម្នាក់​របស់​អ៊ុយក្រែន​ដើរ​ល្បាត​ព្រំដែន​ជាមួយ​រុស្ស៊ី​​នៅ​មិន​​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិ Hoptivka ក្នុង​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២២។
រូប​ឯកសារ៖ ទាហាន​​យាម​ព្រំដែន​ម្នាក់​របស់​អ៊ុយក្រែន​ដើរ​ល្បាត​ព្រំដែន​ជាមួយ​រុស្ស៊ី​​នៅ​មិន​​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិ Hoptivka ក្នុង​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២២។

សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​បាន​ដាក់​ពង្រាយ​កង​ទ័ព​ជា​ច្រើន​ពាន់​នាក់​ដើម្បី​ពង្រឹង​កង​កម្លាំង​អង្គការ​អូតង់​នៅ​តំបន់​អឺរ៉ុប​ខាង​កើត ខណៈ​ដែល​មេដឹកនាំ​នៃ​ប្រទេស​បារាំង និង​អាល្លឺម៉ង់​បាន​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​មូស្គូ​ដើម្បី​ដោះស្រាយ​ក្ដីកង្វល់​របស់ប្រទេស​លោក​ខាង​លិច​នៃ​ការ​ឈ្លានពាន​របស់​រុស៊្សី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

ដោយ​រុស្ស៊ី​បដិសេធ​មិន​ព្រម​ដក​កង​ទ័ព១សែន​នាក់​ដែល​ឈរ​ជើង​នៅ​ព្រំដែន​ប្រទេស​អ៊ុយក្រែន​ទៅ​វិញ ទាហាន​សហរដ្ឋ​អាមេរិក​១ពាន់​នាក់​ក្នុង​ប្រទេស​អាល្លឺម៉ង់​នឹងត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​រូម៉ានី ហើយ​ទាហាន​២ពាន់​នាក់​ទៀត​ដែល​ឈរ​ជើង​នៅ​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​និង​ប៉ូឡូញ។

លោក​ប្រធានាធិបតី Joe Biden បាន​និយាយ​បន្ទាប់​ពី​ការ​ប្រកាស​អំពី​ការ​ដាក់​ពង្រាយ​ទ័ព​ថា៖ «ដរាប​ណា​ (ប្រធានាធិបតី Vladimir Putin) ​ធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន យើង​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា យើង​ធានា​ឡើង​វិញ​ដល់​សម្ព័ន្ធមិត្ត​អង្គការ​អូតង់​របស់​យើង​នៅ​អឺរ៉ុប​ខាង​កើត​ថា យើង​ស្ថិត​នៅ​ទីនោះ»។

នៅ​ក្នុង​ការឆ្លើយ​តប អនុ​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​លោក Alexander Grushko បាន​និយាយ​ថា វិធានការ​នេះ​នឹង​ធ្វើ​ឱ្យកាន់​តែ​ពិបាក​ដើម្បី​សម្រប​សម្រួល​រវាង​ភាគី​ទាំង​ពីរ ដោយ​លោក​បាន​ហៅ​ការ​ដាក់​ពង្រាយ​ទ័ព​របស់​សហរដ្ឋ​អាមេរិក​ថា ជា​«វិធានការ​បំផ្លិច​បំផ្លាញ​ដែល​បង្កើន​ ភាព​តានតឹង​ខាងយោធា​និង​កាត់បន្ថយ​វិសាលភាព​សម្រាប់​ការសម្រេចចិត្ត​ខាង​នយោបាយ»។

មហា​អំណាច​លោក​ខាង​លិច បាន​ទាក់ទិន​ក្នុង​កិច្ចខំប្រឹងប្រែង​ខាង​ការទូត​យ៉ាង​ខ្លាំង​ដើម្បី​ដោះស្រាយ​ការគំរាម​កំហែង​នៃ​ការដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​បក្ស​ពួក​របស់​លោក Putin ដើម្បី​កំញ៉ើញ​អ្វី​ដែល​ពួកគេ​ភ័យខ្លាច​ថា ជា​ការឈ្លានពាន​ប្រទេស​អ៊ុយក្រែន ថ្វីបើ​មាន​ការប្រកែក​ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ​ក៏ដោយ។

អធិការបរតី​នៃ​ប្រទេស​អាល្លឺម៉ង់​លោក Olaf Scholz បាន​ប្រកាល​កាលពី​ថ្ងៃ​ពុធ​ថា លោក នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​មូស្គូ​នៅពេល​ឆាប់ៗ​នេះ​ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​នេះ ខណៈដែល​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​ប្រហាក់​ប្រហែល​គ្នា​នេះ អាច​កើត​មាន​ឡើង​ដែរ ដោយ​ផ្អែក​លើ​ការពិភាក្សា​នៅ​ខាង​មុខ​ជាមួយ​មេដឹកនាំ​ពិភពលោក​ផ្សេង​ទៀត។

លោក Biden និង​លោក Macron បាន​សន្យា​ធ្វើ​ការ​សម្របសម្រួល​គ្នា​នៅ​ក្នុង​ការឆ្លើយ​តប​របស់​អស់​លោក​ដល់​វិបត្តិ​នេះ​នៅ​ក្នុង​ការសន្ទនា​តាម​ទូស័ព្ទ​កាលពី​ថ្ងៃ​ពុធ ស្របពេល​ដែល​ ការិយាល័យ​របស់​លោក​ប្រធានាធិបតី​បារាំង បាន​បញ្ជាក់​ថា លោក Macron នឹង​ពិភាក្សា​ជា មួយ​លោក Putin ម្តង​ទៀត​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ៕

XS
SM
MD
LG